អតីតបុគ្គលិកមន្ទីរសម្រាកព្យាបាលបីកន្លែងនៃក្រុមហ៊ុន សេនធឺ អហ្វ ហ្រ្វេនស៊ីប គ្លីនិកឯកជន (Center of Hope Friendship Clinics Co., Ltd) ដែលត្រូវបានបិទស្នើសុំឱ្យក្រសួងសុខាភិបាលបើកដំណើរការឡើងវិញ ដោយលើកហេតុផលថា សេដ្ឋកិច្ចគ្រួសាររបស់ពួកគេកំពុងតែស្ថិតក្នុងស្ថានភាពលំបាក ហើយត្រូវការការងារជាបន្ទាន់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់តំណាងមន្ទីរសម្រាកព្យាបាលឯកជនទាំងបី ដែលកំពុងស្ថិតក្នុងស្ថានភាពផ្អាកដំណើរការជាបណ្តោះអាសន្ន។
គ្លីនិក ឬមន្ទីរសម្រាកព្យាបាលឯកជនខាងលើទាំងបី ដែលត្រូវបានបញ្ជាឱ្យបិទដោយក្រសួងសុខាភិបាល ដោយសាររៀបចំឯកសាររដ្ឋបាលមិនទាន់ពេលដើម្បីផ្លាស់ប្តូរអាជ្ញាបណ្ណនោះ រួមមានមន្ទីរសម្រាកព្យាបាលមិត្តភាពពោធិ៍ចិនតុង មន្ទីរសម្រាកព្យាបាលមិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាលមិត្តភាពនៃក្តីសង្ឃឹម ដែលមានបុគ្គលិកប្រមាណ ២៥០ នាក់។ គិតចាប់តាំងពីដំណើរការដោយស្របច្បាប់តាំងពីឆ្នាំ ២០២១ មន្ទីរសម្រាកព្យាបាលទាំងបីទីតាំងនេះ បានជួយពិគ្រោះ និងព្យាបាលអ្នកជំងឺចំនួនជិត ៩ ម៉ឺននាក់ក្នុងមួយឆ្នាំជាមួយតម្លៃសមរម្យ។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២២ ខែឧសភារបស់តំណាងមន្ទីរសម្រាកព្យាបាលឯកជនទាំងបី អាជ្ញាធរមានសមត្ថកិច្ចមិនបានផ្តល់ការព្រមាន ឬវិធានការណាមួយជាផ្លូវការ មុនពេលចេញសម្រេចឱ្យបិទនាពេលថ្មីៗនេះទេ។
សេចក្តីថ្លែងការណ៍លើកឡើងថា៖ «យើងខ្ញុំពិតជាមានការសោកស្តាយដែលបានប្រតិបត្តិការវេជ្ជសាស្រ្តរបស់មន្ទីរសម្រាកព្យាបាលរបស់យើងខ្ញុំឥឡូវនេះបានផ្អាកជាបណ្តោះអាសន្ន ហើយបានបញ្ចប់យើងខ្ញុំពីការផ្តល់សេវារបស់យើងខ្ញុំទៅអ្នកជំងឺដែលត្រូវការថែទាំ និងព្យាបាលចាំបាច់ ជាពិសេសអ្នកមានជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម បេះដូងដែលត្រូវការថ្នាំ និងគ្រូពេទ្យដែលព្យាបាលជាប្រចាំ»។
តំណាងមន្ទីរសម្រាកព្យាបាលទាំងបីកន្លែងនោះ ក៏បានទទួលស្គាល់ទាក់ទងនឹងកំហុសអំពីរបាយការណ៍សកម្មភាពអ្នកព្យាបាលជំងឺ និងផ្ទេរផ្លាស់ប្តូរអាជ្ញាបណ្ណដែលមានស្រាប់របស់វេជ្ជបណ្ឌិត ដែលជាអ្នកឈរឈ្មោះទទួលខុសត្រូវចំពោះមុខអាជ្ញាធរសុខាភិបាល ដើម្បីស្របតាមវិធានរបស់ក្រសួងសុខាភិបាល។ប៉ុន្តែបែរជា បិទទ្វារមន្ទីរសម្រាកព្យាបាលរបស់ពួកគេ មុនពេលដែលពួកគេបានបញ្ចប់កិច្ចការរដ្ឋបាលនេះទៅវិញ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ តំណាងមន្ទីរសម្រាកព្យាបាលបានសូមសំណូមពរដល់អាជ្ញាធរមេត្តាអនុញ្ញាតផ្តល់ឱកាសឱ្យពួកគេអាចកែតម្រូវការមិនអនុលោមតាមច្បាប់ ដើម្បីឱ្យមន្ទីរសម្រាកព្យាបាលទាំងបីទីតាំងរបស់ពួកគេអាចដំណើរការឡើងវិញបានឆាប់ៗ និងបន្តជួយដល់ប្រជាជនកម្ពុជាដែលខ្វះខាតដោយសេចក្តីអនុគ្រោះ។
ក្រៅពីនេះ ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន សេនធឺ អហ្វ ហ្រ្វេនស៊ីប គ្លីនិកឯកជនបានបង្ហោះសារអំពាវនាវមួយដោយបានលើកឡើងថា៖ «បុគ្គលិក គ្រូពេទ្យចំនួន ២៥០ នាក់កំពុងរង់ចាំចូលធ្វើការវិញយ៉ាងអន្ទះសារ ដោយសារពួកគេត្រូវការផ្គត់ផ្គង់ជីវភាពគ្រួសារ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយតាមទូរសព្ទពីគណៈគ្រប់គ្រងនៃមន្ទីរសម្រាកព្យាបាលទាំងបីនោះបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃសុក្រនេះ។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង និងអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងបានផងដែរ នៅថ្ងៃសុក្រដដែលនេះ។
លោក កុយ ពិសិដ្ឋ អាយុ ៣៧ ឆ្នាំ ពលរដ្ឋម្នាក់នៅទីក្រុងភ្នំពេញ ប្រាប់វីអូអេថា លោកបានស្គាល់មន្ទីរសម្រាកព្យាបាលមិត្តភាពនៃក្តីសង្ឃឹមនេះរយៈពេលជាង ៧ ឆ្នាំមកហើយ ព្រោះបងប្អូនព្រមទាំងម្តាយរបស់លោកផ្ទាល់បានថមថយពីជំងឺច្រើន នៅពេលទៅទទួលការព្យាបាលនៅទីនោះ។
លោកថ្លែងថា៖ «ចំពោះក្រសួងសុខាភិបាលដែលគាត់ប្រកាសបិទ យើងអត់ដឹងរឿងផ្ទៃក្នុងទេ ប៉ុន្តែខ្ញុំឃើញលិខិតរដ្ឋបាលគឺថា គ្រាន់តែមិនមានវេជ្ជបណ្ឌិតឈរឈ្មោះ ហើយនិងមិនបានធ្វើរបាយការណ៍ជាប្រចាំ។ ខ្ញុំគិតថា នេះគឺជាកំហុសរដ្ឋបាលដូចមិនតម្រូវឱ្យបិទអ៊ីចឹងទេ គួរតែមានការអប់រំណែនាំ ឬក៏សិក្សារកមធ្យោបាយផ្សេងទៀត ព្រោះប្រជាពលរដ្ឋយើងពឹងពាក់លើមន្ទីរពេទ្យហ្នឹងច្រើនណាស់»។
លោកបន្ថែមថា ការបិទមន្ទីរសម្រាកព្យាបាលនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋដែលតែងតែទៅរកសេវាសុខាភិបាលនៅទីនោះ ពិបាកនឹងរកមន្ទីរពេទ្យផ្សេងដើម្បីព្យាបាលជំងឺរបស់ពួកគេ ពាក់ព័ន្ធនឹងគុណភាព និងតម្លៃ។
រីឯអ្នកស្រី ហេង ពិសី អាយុ ៣៥ ឆ្នាំ ពលរដ្ឋម្នាក់ទៀតរស់នៅរាជធានីភ្នំពេញប្រាប់វីអូអេថា អ្នកស្រីចង់ឱ្យមន្ទីរសម្រាកព្យាបាលឯកជនទាំងបីបើកដំណើរការឡើងវិញ ដោយថា បុគ្គលិកនិងវេជ្ជបណ្ឌិតនៅទីនោះធ្វើការងារច្បាស់លាស់ដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ។
អ្នកស្រីបញ្ជាក់ថា៖ «ធ្លាប់យកកូនទៅមើល ហើយឃើញថាពួកគាត់ធ្វើការងារច្បាស់លាស់របស់គាត់ត្រង់ថា គាត់អត់ចេះរញ៉េរញ៉ៃហើយអត់ចេះបន្លាចយើងដែរ។ បើដូចកន្លែងខ្លះ គឺគេបន្លាចយើងច្រើន ហើយមួយទៀតគោលការណ៍ព្យាបាលរបស់គាត់ក៏អត់សាំញុំាដែរ ព្រោះគាត់មានជំនាញរបស់គាត់ យើងអាចទទួលយកបានមិនថាឥតខ្ចោះទេ»។
អ្នកស្រីបន្ថែមថា៖ «ប៉ុន្តែបើយើងធៀបនឹងឯកជនមួយចំនួន គឺយើងអាចទទួលយកបាន ត្រង់ថា គាត់អត់កេងបន្លំពីយើងទេ គាត់ព្យាយាមពន្យល់យើងបានច្រើន ហើយយើងអារម្មណ៍ថា ទុកចិត្តបានច្រើនជាងកន្លែងពេទ្យឯកជនផ្សេងៗ»។
អ្នកស្រីរៀបរាប់ទៀតថា ជាទូទៅអ្នកស្រីតែងតែនាំកូនទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាលមិត្តភាពចតុមុខជាប្រចាំ ប៉ុន្តែមកដល់ពេលនេះមន្ទីរពេទ្យនេះត្រូវបានបិទ ហើយអ្នកស្រីក៏មិនដឹងថាត្រូវនាំកូនទៅព្យាបាលនៅកន្លែងណាបន្តទៀតដែរ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោក អ៊ូច វុទ្ធី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាប្រសិនជាមន្ទីរសម្រាកព្យាបាលទាំងបីនោះ បានចេញមុខបកស្រាយ និងទទួលខុសត្រូវចំពោះកំហុសឆ្គងរបស់ខ្លួនហើយនោះ មន្ត្រីក្រសួងសុខាភិបាលគួរតែចុះមកត្រួតពិនិត្យបន្ថែមទៀត ហើយធ្វើការពិចារណាសាជាថ្មីថាគួរឱ្យបើកឡើងវិញ ឬក៏បិទជាស្ថាពរនោះ។
លោកបន្ថែមថា៖ «បើសិនជាក្រសួងសុខាភិបាល គាត់អនុញ្ញាតឱ្យបើកវិញបានន័យថា គាត់រកឃើញថាគាត់[មន្ទីរសម្រាកព្យាបាលទាំងបីទីតាំង]គ្មានកំហុសអីធំដុំ។ ប្រសិនជាគាត់មិនបំពេញតាមផ្លូវច្បាប់នៃក្រសួងសុខាភិបាលទេ អាហ្នឹងគាត់ត្រូវប្រឈមនឹងការដោះស្រាយ និងការបកស្រាយឱ្យប្រជាពលរដ្ឋបានដឹង ទាំងក្រសួងទាំងគ្លីនិកទាំងបីហ្នឹង»។
បន្ថែមពីនេះ លោក អ៊ូច វុទ្ធី ជំរុញឱ្យភាគីទាំងសងខាង គឺតំណាងគ្លីនិកទាំងបីកន្លែង និងក្រសួងសុខាភិបាលគួរតែចរចាគ្នាឱ្យបានត្រឹមត្រូវ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងពីចំណុចមិនស្រុះស្រួលគ្នា ចៀសវាងការយល់ច្រឡំដល់សាធារណមតិ៕