ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតអាជ្ញាបណ្ណពីមន្ទីរសម្រាកព្យាបាលចំនួន៤កន្លែងក្នុងរាជធានីភ្នំពេញក្រោមហេតុផលថា មន្ទីរសម្រាកព្យាបាលទាំងនោះមិនបានអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈរបស់ក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលដែលវីអូអេទទួលបាន។
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននូវសេចក្តីសម្រេចបិទ និងដកហូតអាជ្ញាបណ្ណពីមន្ទីរពេទ្យសម្រាកព្យាបាល៤ទីតាំង។ នៅក្នុងសេចក្តីសម្រេចដែលបង្ហោះកាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរសម្រាកព្យាបាល ឯក សុវណ្ណមុនី មានទីតាំងនៅផ្ទះលេខ៤៣ ផ្លូវលេខ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយបញ្ជាក់ថា ការបិទនេះ ដោយសារតែអ្នកទទួលខុសត្រូវមន្ទីរពេទ្យនេះប្រើប្រាស់បុគ្គលិកមិនបានត្រឹមត្រូវ និងមិនមានជំនាញច្បាស់លាស់តាមច្បាប់កំណត់។
ចំណែកកាលពីថ្ងៃសៅរ៍ ក្រសួងសម្រេចបិទមន្ទីរសម្រាកព្យាបាលមិត្តភាពចតុមុខ មានទីតាំងនៅផ្ទះលេខ១៨ ផ្លូវ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹម ដែលមានទីតាំងនៅផ្ទះលេខ៣០៦-៣១០ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា និងមន្ទីរសម្រាកព្យាបាលពោធិ៍ចិនតុង ដែលមានទីតាំងនៅផ្ទះលេខ៦៤៦-៦៤៧ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រសួងសុខាភិបាលបញ្ជាក់ថា វិធានការបិទនេះ ដោយសារមន្ទីរពេទ្យទាំង៣ខាងលើមិនមានវេជ្ជបណ្ឌិតឈរឈ្មោះជាអ្នកទទួលខុសត្រូវ និងអវត្តមានប្រចាំការ ហើយមិនបានផ្ញើរបាយការណ៍អំពីសកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំមកកាន់នាយកដ្ឋានជំនាញនៃក្រសួង និងមិនអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈរបស់ក្រសួងសុខាភិបាល។
មន្ទីរសម្រាកព្យាបាលទាំង៣ខាងលើ គឺជាសាខាមន្ទីរពេទ្យតែមួយ។ នេះបើតាមព័ត៌មានដែលវីអូអេទទួលបានពីបុគ្គលិកនៃមន្ទីរពេទ្យសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឈឹម។
បន្ទាប់ពីមានការចេញសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល មន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្តីសង្ឃឹមបានបង្ហោះសារជាអក្សរភ្ជាប់ជាមួយនឹងសេចក្តីសម្រេចស្តីពីការបិទ ដោយលើកឡើងថា «យោងតាមសេចក្តីសម្រចលេខ០៦៩ ០៧០ និង ០៧១ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល មន្ទីរសម្រាកព្យាបាលមិត្តភាពនៃក្តីសង្ឃឹម មន្ទីរសម្រាកព្យាបាលមិត្តភាពពោធិ៍ចិនតុង និងមន្ទីរសម្រាកព្យាបាលមិត្តភាពចតុមុខ សូមផ្អាកដំណើរការបណ្តោះអាសន្ន។ គណៈគ្រប់គ្រងរបស់យើងខ្ញុំកំពុងខ្នះខ្នែងរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សូមពុកម៉ែបងប្អូន លោក លោកស្រី មេត្តាអធ្យាស្រ័យ និង រង់ចាំការជូនដំណឹងរបស់យើងខ្ញុំនៅពេលក្រោយ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីគណៈគ្រប់គ្រងនៃមន្ទីរសម្រាកព្យាបាលទាំង៤នោះបាននៅឡើយទេ។
បន្ថែមពីនេះ នៅក្នុងសេចក្តីប្រកាសមួយទៀតចុះថ្ងៃទី១៣ ខែឧសភា ក្រសួងសុខាភិបាលបានអំពាវនាវឱ្យមន្ទីរសម្រាកព្យាបាល ឬគ្លីនិកឯកជនទាំងអស់ ចូលរួមជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការពង្រឹងគុណភាពសេវា ការអនុវត្តបរិវត្តកម្មឌីជីថលសុខាភិបាល និងអនុវត្តគោលការណ៍ប្រតិបត្តិ ព្រមទាំងច្បាប់ដែលមានជាធរមានឱ្យបានល្អប្រសើរ ដើម្បីជាគុណប្រយោជន៍ដល់ការលើកកម្ពស់សុខភាពប្រជាជនកម្ពុជាទូទៅ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោក អ៊ូច វុទ្ធី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាការបិទមន្ទីរសម្រាកព្យាបាលជាការអនុវត្តរបស់ក្រសួងសុខាភិបាលចំពោះមន្ទីរពេទ្យណាដែលប្រព្រឹត្តខុសពីច្បាប់។ លោកជំរុញឱ្យក្រសួងអនុវត្តវិធានការបន្ថែមទៀត ដើម្បីឱ្យវិស័យសុខាភិបាលទាំងរដ្ឋ និងឯកជនមានដំណើរការរលូនល្អប្រសើរ ស្របតាមច្បាប់កម្ពុជា។
លោកថ្លែងថា៖ «ដើម្បីមានវិធានការហ្នឹង ឱ្យច្បាស់លាស់ទីមួយ គឺយើងរួមគ្នាពូតដៃគ្នា ដើម្បីយើងអនុវត្តច្បាប់ហ្នឹង ឱ្យបានស្មើភាពគ្នា កុំឱ្យមានបិទមួយ ហើយមួយធ្វើខុសអត់បិទ កន្លែងហ្នឹងហើយដែលធ្វើឱ្យមានថ្នាក់ថ្នាំងចិត្ត។ អ៊ីចឹងទេ គួរតែមន្ទីរសុខាភិបាលថ្នាក់ក្រោមជាតិ ហើយនិងក្រសួងបង្កើតច្បាប់ហើយ អ៊ីចឹងសូមឱ្យមានការអនុវត្តច្បាប់ហ្នឹងឱ្យបានល្អស្រុះគ្នា។ នេះគឺជាគោលបំណងរបស់ខ្ញុំ»។
បន្ថែមពីនេះ លោក អ៊ូច វុទ្ធី ក៏ជំរុញឱ្យមានការត្រួតពិនិត្យថ្នាំនៅតាមមន្ទីរសម្រាកព្យាបាលឯកជនថាតើមានការចុះបញ្ជីត្រឹមត្រូវពីក្រសួងសុខាភិបាលឬយ៉ាងណា៕