ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខា​ភិបាល​ស្នើ​អាជ្ញាធរ​ខេត្ត​ចុះ​ពិនិត្យ​កន្លែង​ផ្តល់​សេវា​សុខា​ភិបាល​ឱ្យ​បាន​តឹងរ៉ឹង


រូបឯកសារ៖ ក្រសួងសុខាភិបាលនៃប្រទេស​កម្ពុជា​។ (រូប​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល)
រូបឯកសារ៖ ក្រសួងសុខាភិបាលនៃប្រទេស​កម្ពុជា​។ (រូប​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល)

ក្រសួង​សុខាភិបាល ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ស្នើ​ឱ្យ​អភិបាល​រាជ​ធានីខេត្ត​ទាំង​អស់​ត្រូវ​ចាត់​វិធាន​ការ​តឹង​រ៉ឹង​លើ​កន្លែង​បម្រើ​សេវា​សុខាភិបាល​ទាំង​អស់​ក្នុង​ភូមិ​សាស្រ្ត​របស់​ខ្លួន ​ដើម្បី​ធានា​ថា​ ប្រជា​ពលរដ្ឋ​ទទួល​បាន​សេវា​សុខាភិបាល​ដែល​មាន​គុណ​ភាព។​ នេះ​បើ​តាម​លិខិត​របស់​រដ្ឋមន្រ្តី​សុខាភិបាល ​ចុះ​ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០២២ ​ផ្ញើ​ទៅ​កាន់​អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ខេត្ត​ទាំង​អស់។​

លិខិត​បញ្ជាក់​ថា​ ក្រសួង​សង្កេត​ឃើញ​ថា​ មូលដ្ឋាន​សុខាភិបាល​មួយ​ចំនួន​ពុំ​ទាន់​បាន​គោរព​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​លើ​ការ​ប្រកប​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​វេជ្ជ​សាស្ត្រ ​អម​វេជ្ជសាស្រ្ត ​និង​ជំនួយ​វេជ្ជសាស្រ្ត ​និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​នោះ​ទេ។​

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​ទាំង​អស់​«ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ឱ្យ​ចុះ​ត្រួត​ពិនិត្យ​ តាម​ដាន ​និង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ចំពោះ​អ្នក​ផ្តល់​សេវា​សុខា​ភិបាល ​និង​ម្ចាស់​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ទាំង​ឡាយ​ណា​ដែល​មិន​បាន​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់...»។​

ចំណាត់​ការ​របស់​ក្រសួង​សុខាភិបាល​កើត​ឡើង​ ក្រោយ​មាន​ករណី​ឆ្មប​ម្នាក់​នៅ​មន្ទីរ​សម្រាក​ព្យាបាល ​និង​សម្ភព​ ដើម​អង្ក្រង​ក្នុង​ខេត្ត​កំពង់ស្ពឺ ​ដែល​បាន​ផ្តល់​សេវា​រំលូត​កូន​ក្នុង​ផ្ទៃ​ដល់​ស្ត្រី​ម្នាក់​រហូត​ដល់​មាន​គ្រោះ​ថ្នាក់​ខ្លាំង។​

ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ថា​ នោះ​ជា​ការ​ធ្វេស​ប្រហែស​ ដោយ​សារ​ឆ្មប​នោះ​មិន​ទាន់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​ ស្តីពី​រំលូត​គភ៌​នៅ​ឡើយ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួង​សុខាភិបាល។​

ស្រ្តី​ម្នាក់​នោះ​បាន​ធ្លាក់​ឈាម ​និង​មាន​អាការៈ​កាន់​តែ​ធ្ងន់​ធ្ងរ​ ក្រោយ​ទទួល​សេវា​រំលូត​គភ៌​អាយុ​១៨​សប្តាហ៍​ នៅ​ទី​នោះ។​

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​រួច​រាល់​មក ​គណៈ​វិជ្ជា​ជីវៈ​ឆ្មប​បាន​រក​ឃើញ​កំហុស​ឆ្មប​ម្នាក់ ​នោះ​និង​បាន​ដាក់​ទណ្ឌ​កម្ម​ខាង​វិន័យ​ទៅ​លើ​ឆ្មប​ឈ្មោះ ​អ៊ុង ធារិន ​ដោយ​ផ្អាក​ការ​ប្រកប​វិជ្ជាជីវៈ​ឆ្មប​ជា​បណ្តោះ​អាសន្ន​ រយៈ​ពេល​២​ឆ្នាំ​ យោង​តាម​មាត្រា​ទី១៥​ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល។​

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ​ម៉ម ប៊ុនហេង ​បាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ករណី​នេះ​ និង​តម្រូវ​ឱ្យ​មន្ទីរ​ព្យាបាល​ដើម​អង្ក្រង ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ​លើ​បាតុ​ភាព​ដែល​បាន​កើត​មាន​ឡើង​ ដែល​បណ្តាល​មក​ពី​ការ​ធ្វេស​ប្រហែស​នេះ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង។​

ស្វាមី​របស់​ស្ត្រី​រូប​នេះ ​គឺ​លោក​ កេង វឿន ​ប្រាប់​វីអូអេ​ថា​ មុន​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា ​ភរិយា​របស់​លោក​គឺ ​អ្នកស្រី ​សឿន ស្រីអូន ​បាន​ទៅ​ពិនិត្យ​អេកូ​នៅ​មន្ទីរ​សម្រាក​ព្យាបាល ​និង​សម្ភព​ដើម​អង្ក្រង​ ដោយ​គ្រូ​ពេទ្យ​បញ្ជាក់​ថា​ សង្វាក់​បេះ​ដូង​កូន​ក្នុង​ផ្ទៃ​ដែល​មាន​អាយុ​១៨​សប្តាហ៍​លែង​ដើរ ​ឬ​ហៅ​ថា ​ស្លាប់​ក្នុង​ផ្ទៃ។ ​ លោក​បន្ថែម​ថា​ ​លោក​បាន​ទៅ​ពិនិត្យ​នៅ​គ្លីនិក​មួយ​កន្លែង​ផ្សេង​ទៀត​ វេជ្ជ​បណ្ឌិត​ក៏​លើក​ឡើង​ដូច​គ្នា។​

លោក​ និង​ភរិយា​ក៏​សម្រេច​ចិត្ត​ឱ្យ​សម្ភព​ដើម​អង្ក្រង​ រំលូត​កូន​ក្នុង​ផ្ទៃ​នោះ ​នៅ​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិកា​ ក្នុង​តម្លៃ​៤០០​ដុល្លារ។​

បុរស​រូប​នោះ​បន្ត​ថា​ នៅ​ពេល​មក​ដល់​ផ្ទះ ​កាក​សំណល់​ដែល​សម្អាត​យក​កូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ចេញ​នោះ ​គឺ​នៅ​មាន​ធ្លាក់​ចេញ​មក​ក្រៅ​បន្តិច​បន្តួច​ ទើប​លោក​ និង​ភរិយា​ទៅ​សម្ភព​ដើម​អង្ក្រង​ម្តង​ទៀត ​នៅ​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា ​ដើម្បី​ឱ្យ​សម្អាត​ស្បូន​ឡើង​វិញ។ ​ លោក​បន្ត​ថា​ នៅ​ថ្ងៃ​ទី​២២​នោះ​ ​ពេទ្យ​ថា​ស្បូន​ គឺ​ស្អិត​ល្មួត ​ពិបាក​លាង​សម្អាត ​ស្រាប់​តែ​មួយ​សន្ទុះ​ក្រោយ​មក ​ក៏​ឃើញ​មាន​ការ​ធ្លាក់​ឈាម​យ៉ាង​ច្រើន។​

លោក កេង វឿន ថតរូបជាមួយភរិយា គឺ អ្នកស្រី សឿន ស្រីអូន ពេលធ្វើដំណើរក្នុងរថយន្តពេទ្យ ត្រឡប់ពីប្រទេសវៀតណាម​មក​ផ្ទះវិញ​ ក្រោយ​ទទួល​ការ​ព្យាបាល​នៅ​ទីនោះ កាលពីថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបភាពផ្តល់ឱ្យ​ដោយ លោក កេង វឿន)
លោក កេង វឿន ថតរូបជាមួយភរិយា គឺ អ្នកស្រី សឿន ស្រីអូន ពេលធ្វើដំណើរក្នុងរថយន្តពេទ្យ ត្រឡប់ពីប្រទេសវៀតណាម​មក​ផ្ទះវិញ​ ក្រោយ​ទទួល​ការ​ព្យាបាល​នៅ​ទីនោះ កាលពីថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបភាពផ្តល់ឱ្យ​ដោយ លោក កេង វឿន)

លោក ​កេង វឿន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ភរិយា​របស់​លោក​នៅ​មាន​អាការៈ​ធ្ងន់ធ្ងរ​នៅ​ឡើយ ​ដោយ​និយាយ​បាន​បន្តិច​បន្តួច​ តែ​មិន​ទាន់​អាច​បរិភោគ​អ្វី​បាន​ទេ។​ ភរិយា​របស់​លោក​នៅ​មិន​ទាន់​បាន​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ​ទេ ​ចាប់​តាំង​ពី​មក​ដល់​ពេទ្យ​កាល់ម៉ែត្រ​ កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​វិច្ឆិកា ​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​បន្ថែម​ថា ​ក្រុម​គ្រូ​ពេទ្យ​បាន​យក​ចិត្ត​ទុក​ដាក់​ តាម​ដាន​អាការៈ​ប្រពន្ធ​របស់​លោក ​និង​បាន​បញ្ចូល​ឈាម​ឱ្យ​ ដោយ​ឥត​គិត​ថ្លៃ ​បូក​រួម​សេវា​ពេទ្យ​ផ្សេងៗ​ ក៏​មិន​គិត​កម្រៃ​អ្វី​នោះ​ដែរ។​
លោក​បញ្ជាក់​ថា៖ ​«គាត់​[ពេទ្យ] ​នៅ​តាម​ដាន​ស្ថាន​ភាព​ជំងឺ​របស់​យើង​សិន ​ ដោយ​ថា[ប្រពន្ធខ្ញុំ]​គាត់​ខ្សោយ ​អ៊ីចឹង​ហើយ​គាត់​ដាក់​ថ្នាំ​ផ្សះ ​ដាក់​អី​ឱ្យ​គាត់​មាន​កម្លាំង​រឹងមាំ​អ៊ីចឹង​បាន​ គាត់​ធ្វើ​តាម​បច្ចេកទេស​របស់​គាត់។​ ហើយ​បើ​ជួយ​គាត់​ដឹង​តែ​ជួយ​អស់​ពី​កម្លាំង​កាយ​ចិត្ត​របស់​គាត់​ហើយ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​ដើម​អង្ក្រង​បាន​នៅ​ឡើយ​ទេ។​

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​ លោក​ អ៊ូច វុទ្ធី ​ប្រាប់​វីអូអេ​ថា​ លោក​គាំទ្រ​ចំពោះ​ការ​ដាក់​ទណ្ឌ​កម្ម ​និង​ចំណាត់​ការ​របស់​ក្រសួង​សុខាភិបាល​លើ​ករណី​នេះ។ លោក​ថា​ កូន​១៨​សប្តាហ៍​ គឺ​ត្រូវ​ការ​បច្ចេកទេស​ខ្ពស់ ​ព្រោះ​បញ្ហា​នេះ​អាច​ឈាន​ទៅ​ធ្វើ​ឱ្យ​ម្តាយ ​និង​ទារក​ក្នុង​ផ្ទៃ​អាច​ស្លាប់​បាន។​

លោក​ថ្លែង​ថា​៖ «កូន​១៨​អាទិត្យ​មាន​ន័យ​ថា ​កូន​ហ្នឹង​ធំ​ហើយ ​វា​ដុះ​ដៃ​ដុះ​ជើង​ លលាដ៍​ក្បាល​ វា​មាន​សព្វ​គ្រប់​ទាំង​អស់ អ៊ីចឹង​អ្វី​ដែល​គាត់​ចាប់​ផ្តើម​ធ្វើ ​ដោយ​គាត់​មិន​បាន​គិត​ថាផល​វិបាក​នៃ​ម្តាយ​យ៉ាង​ម៉េច​ ព្រោះ​ពេល​ណា​យើង​លូក​កន្ត្រៃ​ប៉ាំង​ (កន្ត្រៃ​ពេទ្យ)​ បើក​ទ្វារ​មាស​ ដើម្បី​យក​សាច់ ​កម្ទេច​កម្ទី កាត់​ដៃ​កាត់​ជើង ​កាត់​ក្បាល​ឱ្យ​ខ្ទេច​តែ​ម្តង​ បាន​យក​ចេញ​អស់។ ​ ហើយ​បើ​សិន​ជា​យើង​កាត់​មិន​ស្អាត​ យក​វា​មិន​ថ្នម​ វា​អាច​នឹង​ប៉ះ​ពាល់​ទៅ​ម្តាយ​ អាច​មាន​ការ​ហូរ​ឈាម​ខ្លាំង...​ហើយ​មិន​អាច​ទប់​បាន។ ​កន្លែង​ហ្នឹង​ហើយ​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​បាត់​បង់​ជីវិត​ទាំង​ម្តាយ​ទាំង​កូន»។​

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិ​ភាព ​លោក ​យង់ គិមអេង ​ថ្លែង​ថា ​ការ​លើក​ឡើង​អំពី​ការ​កែ​លម្អ​វិស័យ​សុខាភិបាល​តែង​តែ​ឮ ប៉ុន្តែ​បញ្ហា​នៅ​តែ​កើត​មាន​ ដូច​ករណី​កំពុង​កើត​មាន​នេះ​ជា​ដើម។​ លោក​បន្ថែម​ថា​ ក្រសួង​សុខាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្ពស់​ផង​ដែរ​ក្នុង​ករណី​នេះ​ ហើយ​ត្រូវ​ត្រួត​ពិនិត្យ ​និង​រឹត​បន្តឹង​បន្ថែម​ទៀត​ ព្រោះ​ការ​ព្យាបាល​មនុស្ស​ពាក់​ព័ន្ធ​នឹង​តម្លៃ​ជីវិត ​ដែល​គួរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ផ្តល់​តម្លៃ។​

លោក​ឆ្ងល់​ថា​ បញ្ហា​ដែល​កើត​មាន​នេះ​ តើ​ជា​ការ​ខ្វះ​ចន្លោះ​នៃ​ការ​ត្រួត​ពិនិត្យ​ ឬ​យ៉ាង​ណា?​ លោក​ជំរុញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​ ជា​ពិសេស​លើ​ម្ចាស់​សម្ភព​ និង​ត្រូវ​ដាក់​ពិន័យ​ទៅ​តាម​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ។​

លោក​ថ្លែង​ថា៖​ «ត្រូវ​តែ​មាន​ការ​ដាក់​ទោស​ជាក់​លាក់​ទៅ​តាម​គតិ​ច្បាប់​ដែរ​ មិន​អាច​ថា​ មាន​ការ​បន្ធូរ​បន្ថយ​ ការ​លើក​លែង​ទេ។​ បើ​មិន​អ៊ីចឹង​ទេ​ គឺ​បញ្ហា​នៅ​តែ​កើត​អ៊ីចឹង»។​

នៅ​ក្នុង​ច្បាប់​ស្តីពី​ការ​រំលូត​កូន ​មាត្រា​៥​ចែង​ថា​ មានតែ​វេជ្ជ​បណ្ឌិត​ ឬ​គ្រូ​ពេទ្យ​មធ្យម​ ឬ​ឆ្មប​មធ្យម ​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ ទើប​អាច​ធ្វើ​ការ​រំលូត​កូន​បាន។​ មាត្រា​១២​ចែង​ថា​ ជន​ទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​៥ ​ឬ​៦​នៃ​ច្បាប់​នេះ ​ត្រូវ​ទទួល​ទណ្ឌ​កម្ម​ និង​ទោស​ទណ្ឌ​ដូច​ជា​ ​បើ​ជា​វេជ្ជបណ្ឌិត​ ឬ​គ្រូ​ពេទ្យ​មធ្យម ​ឬ​ជា​ឆ្មប​មធ្យម​គឺ​ត្រូវ​ព្រមាន។​

ក្នុង​ករណី​មិន​រាង​ចាល​ ត្រូវ​បញ្ឈប់​ពី​មុខងារ​ ឬ​បិទ​គ្លីនិក​ ឬមន្ទីរ​សម្ភព​នោះ ដោយ​មិន​ទាន់​គិត​ដល់​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ដូច​ចែង​ខាង​ក្រោម​នេះ​ ដែល​មាន​ដូចជា​បើ​មិនមែន​ជា​វេជ្ជ​បណ្ឌិត​ ឬ​គ្រូ​ពេទ្យ​មធ្យម​ ​ឬ​ជា​ឆ្មប​មធ្យម​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ​ទៅ​១​ឆ្នាំ។ ​បើ​ការ​រំលូត​កូន​នោះ​បណ្តាល​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​មាន​ជំងឺ​រ៉ាំរ៉ៃ​ ឬ​ពិការ​ ត្រូវ​ផ្តន្ទា​ទោស​ពី១​ឆ្នាំ​ ទៅ​៥​ឆ្នាំ។ បើ​ការ​រំលូត​កូន​បណ្តាល​ឱ្យ​ស្ត្រី​ដែល​មាន​គភ៌​មាន​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ ទៅ​១០​ឆ្នាំ៕

XS
SM
MD
LG