រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានសម្រេចបិទសម្ភពឯកជនមួយកន្លែងនៅក្នុងខេត្តកំពង់ស្ពឺ ជាបណ្តោះអាសន្ន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ស្ត្រីម្នាក់ដែលជាកម្មការិនីរោងចក្របានធ្លាក់ឈាមច្រើន នៅពេលទៅទទួលសេវារំលូតកូនស្លាប់ក្នុងផ្ទៃនៅទីនោះ។
សេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា៖ «បិទបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់តាមច្បាប់ជាធរមានអំពីហេតុការណ៍ដែលបណ្តាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃនេះ»។
ស្វាមីរបស់ស្ត្រីរូបនេះ គឺលោក កេង វឿន ប្រាប់វីអូអេថា មុនថ្ងៃទី១០ ខែវិច្ឆិកា ភរិយារបស់លោកគឺអ្នកស្រី សឿន ស្រីអូន បានទៅពិនិត្យអេកូនៅមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ដោយគ្រូពេទ្យបញ្ជាក់ថាចង្វាក់បេះដូងកូនក្នុងផ្ទៃដែលមានអាយុ១៨សប្តាហ៍លែងដើរ ឬហៅថាស្លាប់ក្នុងផ្ទៃ។ លោកបន្ថែមថា លោកបានទៅពិនិត្យនៅគ្លីនិកមួយកន្លែងផ្សេងទៀត វេជ្ជបណ្ឌិតក៏លើកឡើងដូចគ្នា។
លោក និងភរិយាក៏សម្រេចចិត្តឱ្យសម្ភពដើមអង្គ្រង រំលូតកូនក្នុងផ្ទៃនោះ នៅថ្ងៃទី១០ ខែវិច្ឆិកា ក្នុងតម្លៃ៤០០ដុល្លារ។
បុរសរូបនោះបន្តថានៅពេលមកដល់ផ្ទះ កាកសំណល់ដែលសម្អាតយកកូនដែលស្លាប់ក្នុងផ្ទៃចេញនោះ គឺនៅមានធ្លាក់ចេញមកក្រៅបន្តិចបន្តួច ទើបលោក និងភរិយាទៅសម្ភពដើមអង្គ្រងម្តងទៀត នៅថ្ងៃទី២២ ខែវិច្ឆិកា ដើម្បីឱ្យសម្អាតស្បូនឡើងវិញ។ លោកបន្តថា នៅថ្ងៃទី២២នោះ ពេទ្យថាស្បូន គឺស្អិតរមួត ពិបាកលាងសម្អាត ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឃើញមានការធ្លាក់ឈាមយ៉ាងច្រើន។
លោកបញ្ជាក់ថា៖ «ដោយសារអ្នកគ្រូពេទ្យ គ្រាន់តែសម្អាតសោះ ថាសល់កាកសំណល់បន្តិចសោះ នៅពេលដែលគាត់យកមកនៅតែបោចយកមកច្រើន។ ខ្ញុំ ហើយប្រពន្ធនៅទីនោះផ្ទាល់ ដល់អ៊ីចឹង ខ្ញុំហើយប្រពន្ធសួរអ្នកគ្រូថា ម៉េចសល់ច្រើនម៉េស?អ្នកគ្រូ គាត់ថាទងសុកពិបាកយក។ វានៅជាប់ជាមួយជញ្ជាំងស្បូន [ហើយ]។ យើងអត់ដឹងទេ។ អ្នកជំងឺចេះតែ នៅជាមួយគាត់ [ហើយ]គាត់ថាទងសុកជាប់ជាមួយដៃស្បូន ដៃអី ស្អិត ពិបាកយក។ គាត់ក៏ទាញយកខ្លាំងមែនទែន ទាញយក ...ទាញយក ស្រាប់តែចេញស្អីហ្ហេធ្លាក់មកយ៉ាងវែង ប្រវែងប្រហែលជាកន្លះហត្ថ [ឬ]ប្រហែលមួយហត្ថដៃយើង [ឬ] ៦ឬ៧តឹក ...វែងមែនទែន! ហើយធ្លាក់ឈាមមកបណ្តោយ»។
លោកបញ្ជាក់ថា ភរិយារបស់លោកមានបណ្ណធានារ៉ាប់រង ប.ស.ស. របស់ក្រសួងការងារ ព្រោះជាកម្មការិនីនៅរោងចក្រជិតសម្ភពនោះ តែលោកថា ដោយសារមន្ទីរពេទ្យ ដែលមានសេវាប.ស.ស. នៅឆ្ងាយ ក៏លោក និងភរិយាសម្រេចចិត្តបង់លុយព្យាបាលខ្លួនឯងនៅសម្ភពនេះ ដែលជិតកន្លែងការងារ។
លោកបញ្ជាក់ថា៖ «ប.ស.ស. នៅរាងឆ្ងាយអ៊ីចឹងបង។ ហើយនៅទីនោះវាជិតកន្លែងយើងធ្វើការ ហើយដោយសារខ្ញុំធ្វើការរោងចក្រដូចគ្នា តែខ្ញុំ[ធ្វើការ]ស៊ីឡូ ខ្ញុំចេញចូលអត់ទៀង។ ហើយវាជាប់នៅកន្លែងបន្ទប់យើងនៅ គ្រាន់តែយើងដើរឆ្លងផ្លូវ។ ខ្ញុំសុខចិត្តអត់ប្រើប.ស.ស. ទេ ដឹងតែប្រើ ប.ស.ស. អត់សូវអស់លុយហើយ ប៉ុន្តែវាឆ្ងាយ ពិបាកទៅមក។ ពេលហ្នឹងក៏សម្រេចចិត្តដូចថា អស់លុយក៏អស់ចុះ ឱ្យតែប្រពន្ធយើងសុខ ហើយជិតកន្លែងទៅមក»។
បើតាមលោក កេង វឿន កូនក្នុងផ្ទៃនេះ គឺជាកូនទី២ ហើយកូនស្រីច្បងមានអាយុជាង៣ឆ្នាំ។ លោកថា រហូតមកដល់ពេលនេះ ភរិយារបស់លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺលោកវេជ្ជបណ្ឌិត ហុក គ្រី និងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រងបាននៅឡើយទេ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ប្រាប់វីអូអេថា ក្រសួងត្រូវចុះអង្កេតឱ្យបានច្បាស់លាស់លើករណីនេះ ព្រោះមិនមានអ្នកណាម្នាក់ចង់ឱ្យកើតរឿងនេះទេ តែលោកស្នើឱ្យគ្រូពេទ្យកាន់ខ្ជាប់គុណធម៌។ លោកបន្តថា ស្ត្រីដែលមានគភ៌ ក៏ត្រូវយកចិត្តទុកដាក់ ពិនិត្យផ្ទៃពោះជាប្រចាំដើម្បីធានាថា ម្តាយ និងទារកមានសុខភាពល្អ។
លោកថ្លែងថា៖ «គួរណាតែយើងតាមដាន និងស្រាវជ្រាវទាំងអស់គ្នា កុំដាក់កំហុសទៅលើអ្នកណាមួយ ដោយគ្មានកំហុស ព្រោះទូទៅ គ្រូពេទ្យមុននឹងយកសញ្ញាបត្រ គោរពក្រមសីលធម៌ ចង់ឱ្យតែអ្នកជំងឺរស់ទេ មិនចង់ឱ្យស្លាប់ទេ។ ប៉ុន្តែខ្ញុំសូមអំពាវនាវដល់គ្រូពេទ្យទាំងអស់មេត្តាមានមនុស្សធម៌នៅក្នុងខ្លួន សប្បុរសធម៌ គុណធម៌ មនុស្សធម៌...។ យើងឃើញអ្នកអត់ហើយ យើងជួយសិនទៅ...ជួយសិនទៅចាំគិតលុយក្រោយ។ នេះជាយោបល់ខ្ញុំ»។
ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង ថ្លែងថាក្រសួងសុខាភិបាលត្រូវតែត្រួតពិនិត្យនៅតាមគ្រប់មន្ទីរពេទ្យជាប្រចាំ ជាពិសេសនៅតាមមន្ទីរពេទ្យឯកជន ដើម្បីធានាថាបុគ្គលិកពេទ្យ ដែលកំពុងបំពេញការងារ ពិតជាមានវិជ្ជាជីវៈ។
លោកថ្លែងថា៖ «ស្វាគមន៍ហើយការបើកមន្ទីរពេទ្យ វិស័យឯកជនអីហូរហែ។ វាជារឿងមួយប្រសើរហើយ ប៉ុន្តែរដ្ឋរបស់យើងគឺមានតួនាទីនៅក្នុងការរៀបចំគោលនយោបាយ មានតួនាទីនៅក្នុងការត្រួតពិនិត្យមើលគុណភាព ដើម្បីកែលម្អគុណភាពឱ្យកាន់តែប្រសើរ»។
គួរបញ្ជាក់ថា បើសិនជាក្រសួងសុខាភិបាលរកឃើញថា មណ្ឌលសុខភាពនាំមានភាពមិនប្រក្រតីនៃការរំលូតកូន ដែលធ្វើឱ្យស្ត្រីមានគត៌ មានជំងឺរ៉ាំរ៉ៃ ឬពិការនោះ នោះមណ្ឌលសុខភាពនេះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ។ ចំណែកការរំលូតកូនបណ្តាលឱ្យស្ត្រីមានគភ៌គ្រោះថ្នាក់ដល់ស្លាប់ ត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ។ នេះបើយោងតាមច្បាប់ស្តីពីការរំលូតកូន៕