ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ជំរុញ​សម្ពន្ធមិត្ត​លោក​ខាង​លិច​ឱ្យ​បញ្ជូន​រថក្រោះ គ្រាដែល​សហរដ្ឋ​អាមេរិក​ប្រកាស​ជំនួយ​ថ្មី


មន្ត្រី​យោធា​របស់​ចក្រភព​អង់គ្លេស​អង្គុយ​លើ​រថពាសដែក​នៅ​ជំរំ Tapa Military Camp ក្នុង​ប្រទេស​អេស្តូនី កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
មន្ត្រី​យោធា​របស់​ចក្រភព​អង់គ្លេស​អង្គុយ​លើ​រថពាសដែក​នៅ​ជំរំ Tapa Military Camp ក្នុង​ប្រទេស​អេស្តូនី កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

តំណាង​ប្រទេស​ចំនួន​៥០​ រួមទាំងរដ្ឋ​ជា​សមាជិក​របស់អង្គការ​អូតង់​ផង​ដែរ​បាន​ជួប​ប្រជុំ​គ្នានៅ​មូលដ្ឋាន​កងទ័ព​អាកាស​អាមេរិក Ramstein ក្នុង​ប្រទេស​អាល្លឺម៉ង់នៅថ្ងៃ​សុក្រ​នេះ​ដើម្បី​ពិភាក្សា​រក​វិធី​ដ៏​ល្អៗ​បំផុត​ក្នុង​ការជួយ​ដល់​ប្រទេស​អ៊ុយក្រែន ខណៈ​ដែល​ប្រទេស​នេះ​កំពុងធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​អស់​រយៈពេល​ជិត​មួយឆ្នាំ​កន្លង​មក​នេះ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin មាន​គម្រោង​នឹង​ជួបជា​មួយ​សមភាគី​ការពារ​ជាតិ​របស់​លោក​ ​ដែល​ជាកិច្ចប្រជុំថ្មីមួយ​នៅ​ក្នុង​កិច្ចប្រជុំ​នានា​ជា​មួយ​ក្រុម​សម្ពន្ធមិត្តប្រទេស​លោក​ខាង​លិច ចាប់តាំង​ពី​រុស្ស៊ី​ចូល​លុកលុយ​ប្រទេស​អ៊ុយក្រែន​មក​ ហើយប្រទេសទាំង​នោះ​ ​មាន​គម្រោង​នឹង​ប្រកាស​ការ​ផ្តល់​ជំនួយ​បន្ថែម​ដល់​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។ រហូត​មក​ដល់ពេល​នេះ​ប្រទេស​អាល្លឺម៉ង់​ និង​សហរដ្ឋអាមេរិក​កំពុង​មាន​ភាពស្ទាក់ស្ទើរ​នៅ​ឡើយ​ ក្នុង​ការផ្តល់​រថគ្រោះប្រយុទ្ធ​ទំនើប​ប្រភេទ Leopard 2 និង Abrams ដែល​អ៊ុយក្រែន​បាន​ស្នើ​សុំ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Austin និយាយ​ថា «យើង​នឹង​ពិនិត​មើល​ឡើង​វិញ​លើ​ការតាំង​ចិត្តរួម​របស់​យើង​ក្នុង​ការផ្តល់​ការ​ការពារ​ខ្លួន​ដល់​អ៊ុយក្រែនក្នុង​រយៈពេល​យូរ​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​មូលដ្ឋាន​កងទ័ពអាមេរិក Ramstein ក្នុង​ប្រទេស​អាល្លឺម៉ង់​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ការផ្តល់​ឧបករណ៍​ថ្មី​ណា​មួយ​ឡើយ។

ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​ពេល​កន្លង​ទៅ​ថា​ អ្វី​ដែលអ៊ុយក្រែន​ត្រូវការ​ចាំបាច់​នោះ​គឺ​រថគ្រោះ​ទំនើប។ នៅក្នុង​សុន្ទរកថាជា​វីដេអូ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​លោក​លើក​ឡើង​ថា ​ប្រទេស​របស់​លោករំពឹងទុកពី​ការ​សម្រេច​ចិត្ត​ដ៏​រឹង​មាំ​និង​ការទទួល​បាន​នូវ​កញ្ចប់​ជំនួយ​យោធាដ៏​មាន​ឥទ្ធិពលពី​សហរដ្ឋ​អាមេរិក។

ប៉ុន្មាន​ម៉ោង​ក្រោយពី​ការ​អំពាវនាវ​ស្នើ​សុំរបស់​អ៊ុយក្រែន​ទៅ​កាន់​សម្ពន្ធមិត្ត​ប្រទេស​លោក​ខាង​លិចដើម្បី​បញ្ចូន​រថក្រោះ​មក​ឱ្យ​ខ្លួន​ដើម្បី​ទប់​ទល់​ជា​មួយ​រុស្ស៊ី សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​ក៏​បាន​ប្រកាសពី​កញ្ចប់​ជំនួយ​យោធាដែល​មាន​ទឹកប្រាក់​ជាង២ពាន់៥ រយលាន​ដុល្លារ​អាមេរិក​ ប៉ុន្តែ​មិន​មាន​រថគ្រោះ​នោះ​ឡើយ។

កញ្ចប់​ជំនួយ​ថ្មីរបស់​សហរដ្ឋ​អាមេរិក​នេះ​ នឹងធ្វើ​ឱ្យ​ជំនួយ​យោធា​សរុប​របស់​សហរដ្ឋអាមេរិក​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន​ មាន​ចំនួនសរុប​ទាំង​អស់​ជិត២៧ពាន់លាន​ដុល្លារ​អាមេរិក​ហើយ​ ​ចាប់តាំង​ពី​រុស្ស៊ីបាន​ចូល​ឈ្លានពាន​អ៊ុយក្រែនអស់រយៈ​ពេល​ជិត​១​ឆ្នាំមក​នេះ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG