ស្ថាប័នស៊ើបការណ៍សម្ងាត់របស់អាមេរិកត្រូវបានគេរាយការណ៍ថា បានប្រាប់លោកប្រធានាធិបតី Joe Biden ថា ខ្លួននៅមិនទាន់សន្និដ្ឋានបានទាំងស្រុងនៅឡើយទេអំពីប្រភពនៃជំងឺកូវីដ១៩ បន្ទាប់ពីបានពិនិត្យមើលព័ត៌មាននានា។ ជំងឺរាតត្បាតកូវីដ១៩ បានឆ្លងដល់មនុស្សជាង ២១៣លាន ២សែននាក់ និងបានសម្លាប់មនុស្សជាង ៤លាន ៤សែននាក់ នៅជុំវិញពិភពលោកចាប់តាំងពីចុងឆ្នាំ២០១៩មក។ នេះបើតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីខែឧសភាកន្លងទៅ បានបញ្ជាឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ធ្វើរបាយកាណ៍ក្នុងរយៈពេល៩០ថ្ងៃ ដើម្បីកំណត់ថា តើវីរុសកូរូណា ដែលត្រូវបានរកឃើញដំបូងក្នុងទីក្រុង Wuhan ប្រទេសចិននោះ គឺជាលទ្ធផលនៃការឆ្លងពីសត្វទៅលើមនុស្ស ឬជាការបែកធ្លាយចេញដោយចៃដន្យពីមន្ទីរពិសោធន៍នៅក្នុងទីក្រុង Wuhan។
លោកប្រធានាធិបតីបានបញ្ជាឲ្យស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិកពិនិត្យប្រភពនៃការឆ្លងរាតត្បាត បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) ចេញរបាយការណ៍ដោយផ្អែកតាមការស៊ើបអង្កេតរបស់ខ្លួន។ របាយការណ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា ការផ្ទុះឡើងនូវជំងឺឆ្លងនេះ ទំនងជាបណ្តាលមកពីការឆ្លងពីសត្វទៅលើមនុស្ស។ របាយការណ៍នេះបានទទួលរងនូវការរិះគន់ថា មិនមានលក្ខណៈពេញលេញ ដោយសារតែរដ្ឋាភិបាលចិន មិនបានសហការក្នុងការស៊ើបអង្កេតរបស់អង្គការនេះ។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់អាមេរិក បានផ្តល់របាយការណ៍សម្ងាត់ទៅឲ្យលោក Biden កាលពីថ្ងៃអង្គារ។ នេះបើតាមការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មានអាមេរិក។ មន្ត្រីមួយចំនួន ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ផ្នែកខ្លះនៃរបាយការណ៍នេះ នឹងត្រូវចាត់ថា មិនសម្ងាត់ ហើយនឹងបញ្ចេញជូនសាធារណជន នៅក្នុងពេលឆាប់ៗខាងមុខនេះ៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France-Presse