នាយកអង្គការសុខភាពពិភពលោក នឹងធ្វើការស៊ើបអង្កេតបន្ថែមលើទ្រឹស្តីដែលថា វីរុសកូរ៉ូណាត្រូវបានធ្លាយចេញពីមន្ទីរពិសោធន៍មួយ ក្នុងប្រទេសចិន ប៉ុន្តែចិនបានស្នើឲ្យអង្គការនេះ បញ្ឈប់ការស៊ើបអង្កេតលើទ្រឹស្តីមួយនេះ។
ប្រទេសចិនជះកំហឹងដាក់ប្រធានអង្គការសុខភាពពិភពលោក (WHO) ដែលបានស្នើឲ្យមានការសិក្សាបន្ថែមចាំបាច់លើលទ្ធភាពដែលវីរុសកូរ៉ូណាបង្កឲ្យមានការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានធ្លាយដំបូងចេញពីមន្ទីរពិសោធន៍មួយ ក្នុងទីក្រុងវូហាន ប្រទេសចិន។
សារព័ត៌មាន Global Times ដ៏មានឥទ្ធិពលមួយដែលគ្រប់គ្រងដោយគណបក្សកុម្មុយនិស្តចិនកាលពីសប្តាហ៍មុន បានបង្ហាញការអត្ថាធិប្បាយរបស់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ដែលលោកបាននិយាយថា៖ «ការស៊ើបអង្កេតបន្ថែម គឺត្រូវការចាំបាច់ទៅលើសម្មតិកម្មដែលថា «វីរុសដែលលេចចេញពីមន្ទីរពិសោធន៍» មួយ គឺជាប្រភពដើមនៃជំងឺកូវីដ១៩»។
របាយការណ៍ទំព័រមុខមួយនេះបានដកស្រង់សម្តីដើមរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ ដែលបានស្នើដល់ «អង្គការសុខភាពពិភពលោកឲ្យដើរតួនាទីនាំមុខ ក្នុងការគោរពវិទ្យាសាស្ត្រ»។
ការរិះគន់នោះជារឿងហួសចិត្តដោយសារលោក Tedros ត្រូវបានគេចោទប្រកាន់ថា ជិតស្និទ្ធជ្រុលជាមួយប្រទេសចិន។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្លាប់បានពណ៌នាថា មេដឹកនាំអង្គការសុខភាពពិភពលោក «មានទំនោរទៅរកប្រទេសចិន» នៅពេលដែលលោក Trump បានកាត់ថវិកាសម្រាប់ទីភ្នាក់ងារសុខភាពមួយនេះ កាលពីឆ្នាំមុន។
របាយការណ៍របស់ទីក្រុងប៉េកាំងនេះ គឺសំដៅលើការអត្ថាធិប្បាយរបស់លោក Tedros កាលពីថ្ងៃទី៣០ ខែមីនា នៅពេលដែលអង្គការសុខភាពពិភពលោកចេញផ្សាយការរកឃើញរបស់ក្រុមស៊ើបអង្កេតមួយ ដែលបានចំណាយពេលបួនសប្តាហ៍នៅក្នុងប្រទេសចិន។ ថ្លែងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Tedros បានរៀបរាប់ពីសេណារីយ៉ូផ្សេងគ្នា អំពីប្រភពដើមនៃវីរុស រួមទាំងការកើតចេញពីសត្វប្រចៀវ បន្ទាប់មកឆ្លងទៅកាន់សត្វផ្សេងទៀត និងបណ្តាលឲ្យមានការឆ្លងរាលដាលក្នុងផ្សារហួណាន ក្នុងទីក្រុងវូហាន។
នាយកអង្គការសុខភាពពិភពលោកក៏បានលើកពីទ្រឹស្តីមួយ ដែលថា វីរុសនោះប្រហែលជារួចចេញពីមន្ទីរពិសោធន៍មួយ ដែលវីរុសស្រដៀងៗនោះកំពុងត្រូវបានសិក្សា ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីផ្សារហួណាន។
លោក Tedros បាននិយាយថា៖ «ទោះបីជាក្រុមស៊ើបអង្កេតបានសន្និដ្ឋានថា ការធ្លាយចេញពីមន្ទីរពិសោធន៍មួយទំនងជាសម្មតិកម្មមួយដែលមិនមានអំណះអំណាងគ្រប់គ្រាន់ក្តី ក៏យើងត្រូវការការស៊ើបអង្កេតបន្ថែមទៀត ដែលនឹងអាចជំរុញឲ្យមានបេសកកម្មបន្ថែមទៀត រួមមានអ្នកជំនាញដែលខ្ញុំបានត្រៀមរួចរាល់ក្នុងការបញ្ជូនពួកគេ [ទៅស៊ើបអង្កេត]»។
លោកថ្លែងបន្តក្នុងសម្តីដើមថា៖ «ក្រុមការងារនេះក៏បានធ្វើទស្សនកិច្ចនៅមន្ទីរពិសោធន៍មួយចំនួនក្នុងទីក្រុងវូហាន ហើយបានពិចារណាពីលទ្ធភាពដែលវីរុសអាចឆ្លងទៅមនុស្សបាន ដោយសារឧប្បត្តិហេតុធ្លាយវីរុសចេញពីមន្ទីរពិសោធន៍មួយ។ ទោះយ៉ាងណា ខ្ញុំមិនជឿថា ការវាយតម្លៃនេះមានលក្ខណៈទូលំទូលាយគ្រប់គ្រាន់នៅឡើយទេ។ យើងនឹងត្រូវការទិន្នន័យនិងការសិក្សាបន្ថែមទៀតដើម្បីទទួលបានការសន្និដ្ឋានមួយដែលរឹងមាំជាងនេះ»។
ប្រព័ន្ធផ្សព្វផ្សាយចិនក្នុងសប្តាហ៍នេះបានដកស្រង់សម្តីអ្នកជំនាញជនជាតិចិនអនាមិកមួយរូប ដែលបានចូលរួមក្នុងការស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក ដោយបាននិយាយថា ការអត្ថាធិប្បាយរបស់លោក Tedros «ត្រូវបានប្រើដោយអ្នកដែលមានបំណងដាក់សំណួរលើសិទ្ធិអំណាច និងគុណភាពបែបវិទ្យាសាស្ត្រ» នៃរបាយការណ៍ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក។
អ្នកជំនាញចិនរូបនោះបានព្រមានថា៖ «អង្គការសុខភាពពិភពលោក នឹងត្រូវទទួលខុសត្រូវ បើសិនជាកិច្ចខិតខំប្រឹងប្រែងទូទាំងពិភពលោកក្នុងការស្វែងរកប្រភពដើមរបស់វីរុសនោះជាប់គាំង»៕
ប្រែសម្រួលដោយ ទុំ ម្លិះ