វ៉ាស៊ីនតោន — វាគឺជាការស្រាវជ្រាវមួយដែលបានធ្វើឡើងលើសត្វប្រជៀវនៅប្រទេសកម្ពុជា កាលពីជាង ១០ ឆ្នាំមុន ដែលធ្វើឲ្យប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានក្លាយជាទីចំណាប់អារម្មណ៍នៃមជ្ឈដ្ឋានអន្តរជាតិ និងក៏ទំនងជានឹងជួយផ្តល់ពន្លឺដ៏សំខាន់មួយ ដល់ការស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណាផងដែរ។
ការណ៍នេះដោយសារតែវីរុសកូរ៉ូណា ដែលអ្នកស្រាវជ្រាវបានរកឃើញនៅប្រទេសកម្ពុជា មានលក្ខណៈស្រដៀងគ្នារហូតដល់ ៩២,៦% ទៅនឹងវីរុស SARS-CoV-2 ឬកូវីដ១៩ ដែលបានសម្លាប់ពលរដ្ឋពិភពលោកជាង ៣,១ លាននាក់។ នេះបើតាមការបញ្ជាក់របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងជាអ្នកដឹកនាំការស្រាវជ្រាវនោះ។
ការសិក្សាដែលបានធ្វើរួមគ្នានៅប្រទេសកម្ពុជានិងឡាវ នៅចុងឆ្នាំ ២០១០ បានរកឃើញវីរុសកូរ៉ូណាចំនួនពីរប្រភេទក្នុងសត្វប្រជៀវ។ វីរុសប្រភេទទី ១ គឺ បេតាកូរ៉ូណាវីរុស និងទី ២ គឺ អាល់ហ្វាកូរ៉ូណាវីរុស។ នេះបើយោងតាមឯកសារស្រាវជ្រាវដែលចេញផ្សាយដោយក្រុមហ៊ុន Elsevier ដែលមានមូលដ្ឋាននៅប្រទេសហូល្លង់ និងមានជំនាញខាងវេជ្ជសាស្ត្របច្ចេកវិទ្យានិងវិទ្យាសាស្ត្រ ដែលវីអូអេខេមរភាសា បានពិនិត្យមើល។
ឯកសារនេះត្រូវបានរក្សាទុកសម្រាប់តែអ្នកវិទ្យាសាស្ត្រប៉ុណ្ណោះ ប៉ុន្តែដោយសារតែស្ថានភាពជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទ SARS CoV-2 បានវាយប្រហារពិភពលោកយ៉ាងខ្លាំង ទើបក្រុមហ៊ុននេះបានដាក់ឲ្យសាធារណជនអាចចូលមើលបាន ដោយមិនគិតថ្លៃ តាំងពីខែមករាឆ្នាំ ២០២០ មក។ តំណទៅឯកសារនេះក៏ត្រូវបានដាក់បង្ហោះនៅលើគេហទំព័ររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញផងដែរ។
នោះគឺជាការសិក្សាលើកដំបូងបំផុតដែលបានធ្វើឡើងក្នុងរយៈពេល ៣ ឆ្នាំគឺចន្លោះពីខែវិច្ឆិកាឆ្នាំ ២០១០ ដល់ខែធ្នូ ឆ្នាំ ២០១៣។ ការសិក្សាដំណាក់កាលទី ១ ធ្វើឡើងនៅឆ្នាំ ២០១០ ដឹកនាំដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងសារៈមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិរបស់បារាំង ដោយមានកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលព្រៃឈើក្រសួងកសិកម្មនិងក្រសួងសុខាភិបាល។ពេលនោះ ក្រុមអ្នកស្រាវជ្រាវបានយកសំណាកពីសត្វប្រជៀវរស់ចំនួន ១.៩៦៥ ក្បាល ដែលពួកគេរកបាននៅខេត្តរតនៈគីរី ស្ទឹងត្រែង និងព្រះវិហារ និងខេត្តមួយចំនួនក្នុងប្រទេសឡាវ។ ក្នុងនោះប្រជៀវនៅកម្ពុជាមានចំនួន ១.០៥៩ ក្បាល។
រីឯការសិក្សាដំណាក់កាលទី ២ ធ្វើឡើងនៅឆ្នាំ ២០១១ ដល់ ២០១៣ ដឹកនាំដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Conservative Society) ដែលជាផ្នែកមួយនៃគម្រោង PREDICT របស់ទីភ្នាក់ងារជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក។ ដំណាក់កាលនេះ គឺផ្តោតលើការប៉ះពាល់គ្នារវាងមនុស្សនិងសត្វប្រជៀវ។ សម្រាប់ដំណាក់កាលនេះក្រុមអ្នកស្រាវជ្រាវបានផ្តោតលើប្រជៀវចំនួន ១.៩៩៧ ក្បាល ដែលពួកគេរកបាននៅផ្សារលក់សាច់សត្វស្រស់សត្វ ដែលពលរដ្ឋទើបប្រម៉ាញ់បានត្រៀមលក់ទៅទីផ្សារ ឬទុកបរិភោគភោជនីយដ្ឋានលក់សត្វព្រៃ និងកសិដ្ឋានដែលប្រើលាមកសត្វប្រជៀវ។ ប្រជៀវយកពីកម្ពុជាមានចំនួន ១.១២៨ ក្បាល។
ឯកសារស្រាវជ្រាវនេះបានបញ្ជាក់ថា៖
«នៅក្នុងការសិក្សានេះយើងរាយការណ៍ជាលើកដំបូងនូវការរកឃើញ និងការពណ៌នាពីវីរុសកូរ៉ូណានៅលើសត្វប្រជៀវដែលមកពីកម្ពុជានិងឡាវ។ របាយការណ៍នេះមានសារៈសំខាន់សម្រាប់សុខភាពសាធារណៈ ពីព្រោះប្រទេសទាំងពីរនេះមានសត្វប្រជៀវជាច្រើន ហើយការទំនាក់ទំនងគ្នារវាងមនុស្សនិងសត្វប្រជៀវនៅកៀកគ្នា។ ប្រជៀវត្រូវបានគេយកធ្វើម្ហូប និងយកលាមកធ្វើជី»។
លទ្ធផលបង្ហាញថា ក្នុងចំណោមសត្វប្រជៀវដែលស្រាវជ្រាវនៅវគ្គទី ១ ចំនួន ១.៩៦៥ ក្បាល គឺមានសត្វប្រជៀវចំនួន ៩៣ ក្បាលដែលត្រូវជា ៤,៧% ត្រូវបានរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាពីរប្រភេទគឺ អាល់ហ្វាកូរ៉ូណាវីរុស និងបេតាកូរ៉ូណាវីរុស។ ក្នុងនេះគឺប្រជៀវពីកម្ពុជាចំនួន ៦១ ក្បាល មានផ្ទុកវីរុស និងឡាវមាន ៣២ ក្បាល។ ប្រជៀវដែលផ្ទុកបេតាកូរ៉ូណាវីរុស គឺមានចំនួន ៥៦ ក្បាលខណៈប្រជៀវដែលមានអាល់ហ្វាកូរ៉ូណាវីរុស គឺមានតែ ៣៧ ក្បាលទេ។
ការសិក្សានេះបន្ថែមថាគឺ ក្រុមបេតាកូរ៉ូណាវីរុសនេះឯង ដែលជាវីរុសបង្កជំងឺជាខ្លាំងដល់មនុស្សដែលមានដូចជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរហៅថាសារ (SARS) និងជំងឺរលាកផ្លូវដង្ហើមនៅមជ្ឈិមបូព៌ាហៅថាមឺស (MERS) ដែលបានវាយប្រហារប្រទេសមួយចំនួនក្នុងចន្លោះឆ្នាំ ២០០៣ និង ២០១២។
សំណាកដែលយកបានពីសត្វប្រជៀវទាំងនេះត្រូវបានរក្សាទុកក្នុងទូរក្លាស្សេ កម្រិត ៨០ អង្សាសេក្រោមសូន្យ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាអស់រយៈពេល ១ ទសវត្សរ៍មកហើយ និងត្រូវបានពិនិត្យមើលឡើងវិញជាថ្មី នៅពេលដែលអ្នកវិទ្យាសាស្ត្រតាមដានរកប្រភពនៃវីរុសនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
អ្នកស្រី ឡូរ៉ង់ បារីល (Laurence Baril) ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីចុងខែកុម្ភៈ ថា៖
«ដោយពិនិត្យមើលលក្ខណៈរបស់វា ក្នុងចំណោមសំណាកចំនួន ៤៣០ យើងឃើញមានវិជ្ជមានវីរុសកូរ៉ូណាចំនួន ២ ដែលមានពូជកៀកនឹងវីរុសបច្ចុប្បន្ន។ ប៉ុន្តែវាខុសគ្នាពីវីរុសបច្ចុប្បន្ននេះលើវិធីចម្លង»។
ចំណុចខុសគ្នាលើវិធីចម្លង គឺលើខ្នែងប្រូតេអ៊ីនរបស់វីរុសនេះ។ នេះបើតាមការពន្យល់របស់អ្នកជំនាញសុខាភិបាល។
លោកវេជ្ជបណ្ឌិត ដួង វាសនា ប្រធានផ្នែកវីរុសសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានពន្យល់ក្នុងសន្និសីទសារព័ត៌មាននោះដែរថា៖
«ចង្វាក់ RDN Spikes របស់វីរុស SARS នៅលើប្រជៀវនៅប្រទេសខ្មែរហ្នឹង គឺវាមានលក្ខណៈខុសគ្នាខ្លាំងទៅនឹងលក្ខណៈ SARSCoV-2 ដែលបង្កនៅលើមនុស្ស ហើយអ្វីដែលដឹងទៀតគឺ Spikes ប្រូតេអ៊ីនរបស់ SARS CoV-2 នៅលើប្រជៀវ គឺមិនមានលទ្ធភាពអនុញ្ញាតឲ្យវីរុសនោះឆ្លងចូលទៅក្នុងកោសិការបស់មនុស្សបានទេ»។
របាយការណ៍ស្រាវជ្រាវដែលលោក ដួង វាសនា ចូលរួមបានសន្និដ្ឋានថា៖ «ការស្វែងរកវីរុសដែលកើតពីសត្វប្រជៀវ ដែលគេដឹងថាអាចជាប្រភពមេរោគសម្រាប់មនុស្សជាតិ ដែលមានដូចជាវីរុសកូរ៉ូណា គឺមានសារៈសំខាន់ខ្លាំងបំផុត» ដោយសារតែកម្រិតគ្រោះថ្នាក់ដែលវាបង្ក។
ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មានលោកវេជ្ជបណ្ឌិត ដួង វាសនា បានបកស្រាយដោយបន្ធូរបន្ថយពីភាពធ្ងន់ធ្ងរនៃការចម្លងនេះ៖
«វីរុសគឺមានវត្តមាននៅលើសត្វនៅលើមនុស្សហើយនៅលើប្រជៀវផ្ទុកវីរុសជាច្រើនប្រភេទផ្សេងគ្នា។ វីរុសនៅលើសត្វផ្សេងៗជាលក្ខណៈកម្រមិនអាចចម្លងទៅលើមនុស្សបានទេ គឺវាមានវត្តមាននៅលើសត្វវាអាចបង្កជំងឺលើសត្វ ឬអត់បង្កជំងឺលើសត្វ ប៉ុន្តែមិនមែនជាទូទៅវីរុសដែលមានវត្តមាននៅលើសត្វបង្កជំងឺនៅលើមនុស្សរហូតទេ»។
ទោះបីជាយ៉ាងណាក៏ដោយ អត្រាកម្រិតវីរុសកូរ៉ូណាដែលរកឃើញនៅលើសត្វប្រជៀវនៅកម្ពុជាមានតែ ៤,៨៥% ប៉ុណ្ណោះ គឺទាបជាងនៅឡាវដែលមាន ៦,៥% និងនៅថៃដែលមានរហូតដល់ ៧%។ នេះបើតាមការអះអាងនៅក្នុងរបាយការណ៍នេះ។
ដោយឡែកបរិមាណវីរុសកូរ៉ូណាដែលមានលើសត្វប្រជៀវ គឺមានកម្រិតខ្ពស់នៅប្រទេសហ្វីលីពីន ដែលមានរហូតដល់ ២៩,៦% និងហុងកុងមានចំនួន ១២%។ នេះបើផ្អែកតាមរបាយការណ៍ស្រាវជ្រាវនៅឆ្នាំ ២០០៦ និង ២០១២ ដោយអ្នកស្រាវជ្រាវបរទេសផ្សេងទៀត ដែលត្រូវបានដកស្រង់មកបញ្ចូលក្នុងរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ការប្រទាក់ក្រឡាគ្នារវាងមនុស្សនិងសត្វប្រជៀវកាន់តែកៀកនឹងគ្នា ដោយសារតែការបំផ្លាញព្រៃឈើ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកដីកសិកម្ម។ រីឯការផ្លាស់ប្តូរបរិយាកាសសេដ្ឋកិច្ច-សង្គមកិច្ច ក៏មានផលប៉ះពាល់ដល់សត្វប្រជៀវ និងឈានទៅប៉ះពាល់ដល់ជីវចម្រុះនៃវីរុសផងដែរ។ នេះបើតាមការសន្និដ្ឋានរបស់ក្រុមអ្នកស្រាវជ្រាវ។
របាយការណ៍បានបន្តថា៖
«ការផ្លាស់ប្តូរផ្នែកបរិស្ថាននេះមានផលប៉ះពាល់ដល់ជីវចម្រុះរបស់សត្វប្រជៀវ និងដល់វីរុសកូរ៉ូណាដែលមាននៅលើខ្លួនពួកវា។ ការបន្តបំផ្លាញព្រៃឈើ ការពង្រីកដីកសិកម្មនិងការអភិវឌ្ឍទីក្រុង អាចកាន់តែធ្វើឲ្យមានការប៉ះគ្នារវាងមនុស្ស និងវីរុសកូរ៉ូណាដែលកើតចេញពីសត្វប្រជៀវដែលរស់នៅក្បែរមនុស្សដែលអាចមានគ្រោះថ្នាក់ដល់មនុស្សជាតិ»។
របាយការណ៍នេះបញ្ចប់ដោយស្នើឲ្យមានការសិក្សាបន្ថែមដោយផ្តោតលើការចម្លងគ្នារវាងមនុស្សនិងសត្វនេះ។ ប៉ុន្តែមុនលទ្ធផលនៃការសិក្សាថ្មីត្រូវបានបញ្ចេញនៅក្នុងប្រទេសកម្ពុជា ក៏មានករណីឆ្លងវីរុសកូរ៉ូណាដែលត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវ៉ូហាន ប្រទេសចិន នៅចុងឆ្នាំ ២០១៩ និងបច្ចុប្បន្នបានបន្តឆ្លងដល់ពលរដ្ឋជាង ១៥០ លាននាក់នៅទូទាំងពិភពលោក។
ក្រុមស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក (WHO) បានធ្វើដំណើរទៅប្រទេសចិន កាលពីដើមឆ្នាំ ២០២១ គឺរយៈពេលជាង ១ ឆ្នាំ ក្រោយពីវីរុសនេះបានផ្ទុះឡើង ដើម្បីស៊ើបអង្កេតពីប្រភពពិតប្រាកដនៃវីរុសកូវីដ១៩។ ប៉ុន្តែការស៊ើបអង្កេតមិនបានឈានដល់រកឃើញប្រភពពិតប្រាកដនៅឡើយទេ ដោយគ្រាន់តែមានការសន្និដ្ឋានថា វាអាចចម្លងពីសត្វប្រជៀវទៅថនិកសត្វណាមួយ មុននឹងចម្លងទៅមនុស្ស។ ពួកគេក៏ពិនិត្យមើលលទ្ធភាពស្រាវជ្រាវនៅបណ្តាប្រទេសជិតខាងរបស់ចិនផងដែរ ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍។
អង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃថា ការចម្លងពីសត្វទៅមនុស្សនៅតែជាកត្តាចម្បង។
អ្នកស្រី លី អៃឡែន តំណាងអង្គការ WHO ប្រចាំនៅកម្ពុជាក៏បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីចុងខែកុម្ភៈ ដោយសង្កត់ធ្ងន់ពីការឆ្លងគ្នារវាងសត្វនិងមនុស្សថា៖
«ជាង ៧៥% នៃជំងឺដែលបានលេចឡើងនាពេលបច្ចុប្បន្ននេះ គឺទាក់ទងនឹងការឆ្លងពីសត្វទៅមនុស្ស។ នេះគឺជាការពិត»។
ប៉ុន្តែអ្នកស្រី លី អៃឡែន បានទទូចស្នើសុំកុំឲ្យទាញសេចក្តីសន្និដ្ឋានណាមួយពីប្រភពនៃវីរុសនេះនៅឡើយ ខណៈការស៊ើបអង្កេតមិនទាន់បានចប់សព្វគ្រប់ ដើម្បីទុកពេលឲ្យអ្នកវិទ្យាសាស្ត្រធ្វើការងារ។
ក្រសួងសុខាភិបាលកម្ពុជាបានពន្យល់ដោយសង្កត់ធ្ងន់លើប្រភេទខុសគ្នានៃវីរុស ដែលត្រូវបានគេរកឃើញដំបូងនៅទីក្រុងវ៉ូហាន ប្រទេសចិន និងវីរុសកូរ៉ូណាដែលរកឃើញនៅប្រទេសកម្ពុជា។
តាមរយៈសន្និសីទសារព័ត៌មានដែលបានរៀបចំឡើងកាលពីចុងខែកុម្ភៈ គឺមន្ត្រីរដ្ឋាភិបាលកម្ពុជាបានច្រានចោលការសន្និដ្ឋានណាមួយ ដែលអាចភ្ជាប់កម្ពុជាទៅនឹងប្រភពដើមនៃវីរុស។
លោកស្រី ឱ វណ្ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា៖
«និយាយឲ្យស្រួលយល់វាជាបងប្អូនជីដូនមួយនឹង SARS-CoV-2 តែវាមិនមែនជា Covid-19 ទេ។ ទីពីរ អ្វីដែលគេរកឃើញដែលខុសស្រឡះតែម្តងត្រង់ Spikes ប្រូតេអ៊ីនរបស់វាដែលវាមិនមានលទ្ធភាពចម្លងទៅមនុស្សនោះទេ»។
អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះបានបន្ថែមថា កម្ពុជាគ្រាន់តែជាទីដែលឆ្លងពីគេតែប៉ុណ្ណោះ៖
«អ្វីដែលជាការសំខាន់នៃការសិក្សានេះដែរ គឺគេអត់មានភស្តុតាងណាសោះឡើយថា កូវីដ១៩កើតឡើងនៅកម្ពុជា។ ហើយអ្វីដែលកើតឡើងនៅកម្ពុជាជាក់ស្តែង គឺការនាំចូលនៃវីរុសកូវីដ១៩ ពីខាងក្រៅមកទេ»។
កម្ពុជាបានរកឃើញកណីឆ្លងវីរុសកូវីដ១៩ ទី ១ នៅក្រុងព្រះសីហនុលើជនជាតិចិន កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២ ០២០។ រហូតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងជាង ១៣.០០០ នាក់ និងមានអ្នកស្លាប់ ៩៣ នាក់ បើគិតត្រឹមថ្ងៃសុក្រ ទី ៣០ ខែមេសា។
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយទៀត ដែលមានវីរុសកូរ៉ូណាស្រដៀងនឹងវីរុស SARS-CoV-2 ដែរ គឺប្រទេសថៃ ដែលមានកម្រិតពី ៩១% ទៅ៩៣%។ នេះបើតាមការលើកឡើងរបស់លោក Chee Wah Tan អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសាកលវិទ្យាល័យជាតិ DUKE នៃប្រទេសសិង្ហបុរីដែលបានថ្លែងប្រាប់វីអូអេ។
លោកបានបន្ថែមថាប្រភេទវីរុសកូរ៉ូណា ដែលរកឃើញនៅខេត្តយូណាន ប្រទេសចិន កាលពីឆ្នាំមុន គឺមានលក្ខណៈស្រដៀងគ្នានឹងវីរុសកូវីដ១៩ រហូតដល់ ៩៦%។
រហូតមកដល់ពេលនេះ វីរុសកូរ៉ូណាបានប្រែខ្លួនជាច្រើនប្រភេទដែលត្រូវបានគេរកឃើញនៅប្រទេសអាហ្វ្រិកខាងត្បូង អង់គ្លេស ប្រេស៊ីល ឥណ្ឌានិងសហរដ្ឋអាមេរិក។ អត្រាចម្លងនៃវីរុសបំប្លែងថ្មីនេះ កាន់តែគ្រោះថ្នាក់ជាងមុន។ នេះបើតាមការបញ្ជាក់របស់អ្នកវិទ្យាសាស្ត្រនានា។
បើទោះបីជាលទ្ធផលជ្រាវជ្រាវរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមិនឈានដល់ការរកឲ្យឃើញជាក់លាក់លើប្រភពរបស់វីរុសកូរ៉ូណា ក៏វិទ្យាស្ថាននេះបញ្ជាក់ថាអ្វីដែលខ្លួនបានបង្ហាញ «បន្ថែមព័ត៌មានថ្មីដល់ការស៊ើបអង្កេតឲ្យដឹងថា តើវីរុសនេះចេញពីប្រភពណាមក»៕