នៅមុនតុលាការភ្នំពេញប្រកាសសាលក្រមដល់អ្នកបកប្រែឲ្យបណ្តាញព័ត៌មានរដ្ឋរុស្ស៊ី Russia Today (ឬ RT) ក្នុងសំណុំរឿងផ្សាយព័ត៌មានប៉ះពាល់ដល់ស្ត្រីខ្មែរនៅចុងខែមិថុនានោះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានស្នើឲ្យប្រព័ន្ធយុត្តិធម៌កម្ពុជាផ្តល់សេរីភាពដល់អ្នកបកប្រែរូបនោះ ដោយសារមានភាពមិនប្រក្រតីពាក់ព័ន្ធនឹងការផ្តល់ចម្លើយរបស់សាក្សី និងការណ៍ដែលតុលាការមិនអើពើលើភស្តុតាងដែលបានផ្តល់ជូនដោយជនជាប់ចោទ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនដែល VOA បានទទួលក្នុងសប្តាហ៍នេះ។
តាមសេចក្តីប្រកាសនោះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន «បានអំពាវនាវឲ្យលើករាល់ការចោទប្រកាន់ប្រឆាំងនឹងលោក រ៉ាត់ រត្នមុនី ដែលជាអ្នកជួយបកប្រែព័ត៌មាន ហើយដែលបទឧក្រិដ្ឋរបស់ខ្លួននោះ គឺជាការជួយដល់ក្រុមការងាររបស់បណ្តាញទូរទស្សន៍រដ្ឋរុស្ស៊ី RT ដើម្បីផលិតកុនឯកសារអំពីពេស្យាកុមារនៅប្រទេសកម្ពុជា»។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានកត់សម្គាល់ក្នុងសេចក្តីប្រកាសរបស់ខ្លួនបន្តទៀតថា បន្ទាប់ពីលោកត្រូវបានឃុំខ្លួនជាងប្រាំមួយខែមកនោះ លោក មុនី នឹងទទួលបានសាលក្រមនៅថ្ងៃទី២៦ ខែមិថុនានេះ។ បទចោទរបស់ស្ថាប័នអយ្យការបានចោទលោកថា បានបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ដោយការជួយ RT ក្នុងអំឡុងពេលថតភាពយន្ត «ម្តាយខ្ញុំលក់ខ្ញុំ» ដែលជាភាពយន្តឯកសារ ចាក់បញ្ចាំងកាលពីខែតុលា ឆ្នាំ២០១៨។
អង្គការការពារសិទ្ធិអ្នកកាសែតអន្តរជាតិដដែលនេះ បានលើកឡើងថា ការរត់គេចខ្លួនរបស់លោក មុនី ទៅសុំសិទ្ធិជ្រកកោនប្រទេសថៃ បានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាកើតការខឹងសម្បារយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ លោក មុនី ត្រូវបានតម្រួតថៃចាប់ខ្លួននៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែធ្នូ និងបានប្រគល់ជូនអាជ្ញាធរកម្ពុជាប្រាំថ្ងៃ បន្ទាប់ពីការចាប់ខ្លួននោះ។
ដោយបានពណ៌នាពីសំណាក់អាជ្ញាធរកម្ពុជាថា លោកជាសហផលិតករនៃភាពយន្តឯកសារនោះ និងដោយត្រូវបានចោទប្រកាន់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ថាលោក មុនី បានទិញសាច់រឿងនិងបានចាក់ផ្សាយ «ព័ត៌មានក្លែងក្លាយ ប្រមាថជាតិនោះ» លោក មុនី អាចនឹងប្រឈមនឹងការជាប់ឃុំបីឆ្នាំ និងអាចត្រូវបង្គាប់ឲ្យសងប្រាក់ខូចខាតដល់ទៅ៥ម៉ឺនដុល្លារ ដល់ដើមបណ្តឹង ដែលកើតចេញពីការចោទប្រកាន់របស់ស្ថាប័នអយ្យការ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានចាត់ទុកការចាត់ការរឿងក្តីរបស់តុលាការកម្ពុជាថាជា«តុលាការភូតភរ»។
លោក Daniel Bastard ប្រធានអង្គការអ្នកសារព័ត៌មានគ្មានព្រំដែននៅតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានស្រង់សម្តីក្នុងន័យដើមថា៖ «ការសម្រេចចិត្តដែលនឹងធ្វើឡើងដោយលោក កូយ សៅ ចៅក្រមកាត់ក្តីលោក រ៉ាត់ រត្នមុនី នឹងបង្កឲ្យមានការសន្និដ្ឋានដ៏មន្ទិលជាច្រើនចំពោះភាពគួរឲ្យជឿជាក់បានរបស់ប្រព័ន្ធយុត្តិធម៌ប្រទេសកម្ពុជា»។
លោកត្រូវបានគេស្រង់សម្តីបន្ថែមថា៖ «វាដល់ពេលដែលត្រូវបញ្ចប់ការភូតភរខាងយុត្តិធម៌ និងដោះលែងលោក រ៉ាត់ រត្នមុនី ចំពោះអ្វីដែលជាការបំភ្លៃសាក្សីដោយប៉ូលិសនិងការមិនខ្វល់ពីភស្តុតាង និងការផ្តល់មតិការពារដែលដាក់ឲ្យដោយភាគីការពារខ្លួន។ បទឧក្រិដ្ឋរបស់លោក មុនី គឺគ្មានអ្វីក្រៅពីការបង្ហាញនូវរឿងរ៉ាវដែលជាផលប្រយោជន៍សាធារណៈតែប៉ុណ្ណោះ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បដិសេធមិនផ្តល់ការអធិប្បាយលើការទាមទាររបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) យល់ថា លោក មុនី គ្រាន់តែជាអ្នកប្រែដែលគ្មានតួនាទីផ្តល់យោបល់ក្នុងការផលិតភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» របស់ RT។ លោកអះអាងថា លោក មុនី មិនគួរក្លាយជាចំណុចកណ្តាលនៃការចោទរបស់ស្ថាប័នតុលាការនោះទេ ហើយបើតុលាការបន្តចោទលោកទៀតនោះ សាធារណជននឹងផ្តល់ពិន្ទុដល់ភាពត្រឹមត្រូវរបស់តុលាការ។
«បើសិនជាយើងគិតថា ការចាត់វិធានការផ្លូវច្បាប់ អត់ចំជាមួយអង្គប្រព្រឹត្តនៃអំពើ ឬក៏បទល្មើសទាំងអស់ហ្នឹង វាជៀសមិនផុតទេ សាធារណជនគេត្រូវ ត្រូវធ្វើការរិះគន់ហើយ»។
កាលពីខែឧសភា អង្គការការពារសិទ្ធិមនុស្ស Amnesty International ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក៏បានអំពាវនាវដល់តុលាការកម្ពុជាឲ្យទម្លាក់បទចោទប្រឆាំងនឹងលោក មុនី ដោយអង្គការការពារសិទ្ធិមនុស្សអន្តរជាតិមួយនេះ ចាត់ទុកការចោទប្រកាន់នឹងលោក មុនី ថា ជាការចោទប្រកាន់ «ក្លែងក្លាយ» ដើម្បីគំរាមកំហែងនរណាក៏ដោយ ដែលការងាររបស់ពួកគេបានរួមចំណែកដល់ការបង្ហាញនូវអ្វីៗដែលបង្កទុក្ខសោក និងភាពអសកម្មរបស់រដ្ឋាភិបាលកម្ពុជា។
អង្គការសិទ្ធិមនុស្សដដែលនេះបានទាមទារឲ្យ «អាជ្ញាធរកម្ពុជាឲ្យទម្លាក់បទចោទប្រឆាំងនឹងលោក រ៉ាត់ រត្នមុនី និងដោះលែងលោកជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ»៕