បន្ទាប់ពីបានជាប់ក្នុងពន្ធនាគារអស់រយៈពេលប្រាំមួយខែមក លោក រ៉ាត់ រត្នមុនី អ្នកបកប្រែឲ្យបណ្តាញព័ត៌មានរដ្ឋរុស្ស៊ី Russia Today ឬហៅថា RT ត្រូវបាននាំយកកាត់ទោសក្នុងសវនាការដែលមានពីរជុំ។
ក្នុងសវនាការជុំទីពីរ ជាជុំចុងក្រោយនេះ លោក មុនី បានការពារខ្លួនលោកថា លោកមានតួនាទីត្រឹមតែជាអ្នកបកប្រែប៉ុណ្ណោះ ពោលគឺមិនមានភារកិច្ចអ្វីផ្សេងទៀត ក្នុងការផលិតភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» ដ៏ចម្រូងចម្រាសនោះទេ។ យ៉ាងណាក៏ដោយ ភាគីដើមបណ្តឹងរដ្ឋប្បវេណីប្រាំនាក់ បានព្រួតគ្នាចោទលោក មុនី ថាបានប្រតិដ្ឋរឿងនេះឡើង ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ស្រ្តីខ្មែរយ៉ាងខ្លាំង។
ក្រុមដើមបណ្តឹង ក៏បានការខឹងសម្បារ និងខកចិត្តចំពោះភាពយន្តឯកសារនេះដែរ។ អារម្មណ៍ខឹងសម្បារ និងការស្រងាកចិត្តបានកើតឡើង នៅក្នុងសវនាការចុងក្រោយរបស់លោក រ៉ាត់ រត្នមុនី ដែលរងការចោទថា បានប្រព្រឹត្តអំពើញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីការចេញផ្សាយភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» របស់បណ្តាញព័ត៌មានរដ្ឋរុស្ស៊ី RT។
ក្នុងបន្ទប់សវនាការដែលមានដើមបណ្តឹងប្រាំរូប ក្រុមមន្ត្រីនគរបាលយុត្តិធម៌ពីររូប និងអ្នកឃ្លាំមើលសវនាការដែលជាមន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មាន និងសាច់ញាតិរបស់លោកនោះ លោក រ៉ាត់ រត្នមុនី វ័យ៤៧ឆ្នាំ បានប្រាប់តុលាការថា លោកគ្មានតួនាទី និងភារកិច្ចក្នុងការចាត់ចែង ឬបង្គាប់បញ្ជាឲ្យតួអង្គសម្តែង និយាយនូវអ្វីដែលតួសម្តែងក្នុងរឿង «ម្តាយខ្ញុំលក់ខ្ញុំ» នោះបាននិយាយនោះទេ។
លោក មុនី ឆ្លើយតបទៅមេធាវីលោកថា៖ «ខ្ញុំអត់មានភារកិច្ចអីទៅបង្គាប់ចេះចុះទេ»។
ភ្លាមៗនោះ នាង លឹម ស្រីទី វ័យ១៨ ឆ្នាំ ដែលជាដើមបណ្តឹងរដ្ឋប្បវេណីមួយរូប បានប្រកែកជាមួយលោក មុនី ដោយសុំកុំឲ្យលោក មុនី និយាយបំភ្លៃការណ៍ពិត។
នាង ស្រីទី ដែលបានច្រានចោលដាច់អហង្ការថា រឿងរ៉ាវដែលនាងបានសម្តែងនោះ គឺជារឿងប្រតិដ្ឋ បាននិយាយទាំងខឹងក្រោធថា នាងសម្រេចប្តឹងលោក មុនី ដោយសារតែសកម្មជនសិទ្ធិការងាររូបនេះ បានកុហកនាងថា កុនឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» នោះនឹងមិនចាក់ផ្សាយក្នុងប្រទេសកម្ពុជាទេ គឺនឹងផ្សាយតែនៅក្រៅប្រទេសប៉ុណ្ណោះ។ តែរឿងនេះ បែរជាធ្លាយតាមបណ្តាញសង្គមហ្វេសប៊ុក។
ក្នុងកាយវិការច្រឡោតខឹងផងនោះ នាង ស្រីទី រំឭកថា នាងប្តឹងលោក មុនី ក៏ដោយសារមានបុគ្គលដ៏ទៃទៀត មកសួរម្តាយនាងអំពីថាតើហេតុអ្វីបានជាម្តាយនាងលក់កូនខ្លួនឯង ហើយប៉ូលិសក៏បង្ហាញចេតនាចង់ចាប់ម្តាយនាងទៀត។ នាង ស្រីទី បានឲ្យដឹងទៀតថា ការណ៍ដែលនាងយល់ព្រមថតរឿងនោះ ព្រោះតែនាងចង់ឲ្យម្តាយនាងបានរបររកស៊ី ព្រោះលោក មុនី បានសន្យាថា នឹងបើកហាងអ៊ុតសក់ឲ្យម្តាយនាង។
«គាត់ថាបើកហាងអ៊ុតសក់ បោកអ៊ុតឲ្យម៉ែខ្ញុំ»។
នាងបន្ថែមថា ក្នុងការសម្តែងនោះ នាងត្រូវបានលោក មុនី ប្រាប់ឲ្យនិយាយអ្វីដែលអាក្រក់ ដូចនឹងអ្នកខិលខួចផ្សេងទៀត ដែលបានលក់កូនខ្លួនឯង ទើបបានគេជួយជំនួយឲ្យច្រើន។ នាងអះអាងថា លោក មុនី បានជួយផ្តល់ថវិកាឲ្យនាង និងម្តាយនាងតែជាង ១០០ដុល្លារ ប៉ុណ្ណោះ។
លោក មុនី ដែលទទួលបានកម្រៃ ១២០ដុល្លារ ក្នុងមួយថ្ងៃ ជាថ្នូរនឹងការផ្តល់សេវាបកប្រែដល់ភាគី RT នោះ នៅបន្តការពារខ្លួនលោកថា មិនបានបង្គាប់ឲ្យនរណាម្នាក់និយាយតាមលោកទេ ព្រោះលោកគ្រាន់តែបកប្រែ ទៅតាមសំណួរ ដែលខាងក្រុមអ្នកផលិតព័ត៌មានរបស់ RT បានចោទសួរតែប៉ុណ្ណោះ។ លោកក៏ប្រកែកថា លោកមិនបានសន្យាអ្វីនោះឡើយ។
«ខ្ញុំគ្មានសន្យាអីទេ»។ នេះជាការឆ្លើយតបរបស់លោក មុនី ទៅនឹងសំណួរមេធាវីរបស់លោក។
តែបន្តិចក្រោយមកម្តាយរបស់នាង លឹម ស្រីទី គឺអ្នកស្រី ទេព សាលីម ដែលហួសចិត្តនឹងការសន្យារបស់លោក មុនី រឿងថានឹងបើកហាងបោកអ៊ុតឲ្យនោះ បានបង្ហាញការខឹងសម្បារនឹងលោក មុនី ហើយអះអាងថា អ្នកស្រីសុខចិត្តរើសសម្រាម ដោយមិនយកកូនទៅលក់ទេ។
«ខ្ញុំសុខចិត្តដើររើសអេតចាយ ខ្ញុំមិនធ្វើចឹងទេ...ខ្ញុំស្អប់គាត់ កូនក្រមុំខ្ញុំ ដើរបរិហាកេរ្តិ៍»។
អ្នកស្រី ទេព សាលីម ចោទជនជាប់ចោទលោក មុនី ថា បានកុហក់អ្នកស្រីផងដែរថា នឹងយករឿងអ្នកស្រីទៅប្រាប់ខាងអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការជួយស្រ្តីមេម៉ាយ តែបែរជារឿងចេញមកមានចំណងជើងផ្សេង ដែលធ្វើឲ្យអ្នកស្រីចង់គាំងបេះដូង។
លោក មុនី អង្គុយស្ងៀម និងមិនបានឆ្លើយតបទៅនឹងអ្នកស្រី ទេព សាលីម ខណៈការសួរដេញដោលបានបន្ត។
ក្នុងសវនាការដែលអូសបន្លាយពេលជាងពីរម៉ោងនោះ គេសង្កេតឃើញលោកចៅក្រម កូយ សៅ ពេលខ្លះប៉ះសម្តីគ្នាជាមួយមេធាវីមួយរូបរបស់លោក រ៉ាត់ រត្នមុនី។
ចំណែកមន្ត្រីនគរបាលពីររូបទទួលបន្ទុកប្រឆាំងការជួញដូរ ក្នុងនោះមានលោកវីរៈសេនីយ៍ឯក ឆាង វុធ នាយការិយាល័យប្រឆាំងការជួញដូរមនុស្សក្នុងប្រទេសនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សរបស់ក្រសួងមហាផ្ទៃ ក៏បន្តអង្គុយស្តាប់ការសួរដេញដោល និងការប៉ះទង្គិចពាក្យសម្តីគ្នារវាងចៅក្រម និងមេធាវីគឺលោក ឡោ ជុនធី។
ទោះក្នុងស្ថានភាពតានតឹងខាងពាក្យសម្តីនេះក្តី ដើមបណ្តឹងមួយរូបទៀត គឺនាងគៀង ស្រីម៉េច បានអះអាងក្នុងបន្ទប់សវនាការថា អ្វីដែលនាងបាននិយាយក្នុងភាពយន្តឯកសារដែលមានរយៈពេលជិត៣០នាទីនោះ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ ដើម្បីជាថ្នូរនឹងការបានដំណោះស្រាយរឿងដីធ្លីរបស់ម្តាយនាងក្នុងតំបន់បឹងកក់ ដែលនាងថាលោក មុនី បានសន្យាថានឹងជួយ។
នាង គៀង ស្រីម៉េច សិស្សថ្នាក់ទី១១ វិទ្យាល័យឥន្ទ្រទេវី បានប្រាប់ VOA ក្រោយសវនាការថា លោក មុនី គួរតែមានទោស។ នាងថា លោក មុនី មិនបានបង្គាប់ឲ្យនាងនិយាយអ្វីទេ តែលោកបានឲ្យនាងសម្តែងទៅដូចអ្វីដែលនាងនិយាយនោះ។ តែនាងមិនឆ្លើយនៅពេលសួរថា នាងមានប្រវត្តិដូចក្នុងសាច់រឿងនោះ ឬយ៉ាងណាទេ។
«គាត់ គាត់មិនមែនបង្គាប់ទេ ប៉ុន្តែគាត់និយាយឲ្យខ្ញុំសម្តែងចឹងទៅ គាត់អត់និយាយប្រាប់ថា ឲ្យខ្ញុំនិយាយអីៗទេ ប៉ុន្តែគាត់ឲ្យខ្ញុំទៅសម្តែង របៀបនិយាយអ៊ីចឹង»។
នៅពេលសួរដេញដោលក្នុងបន្ទប់សវនាការ នាង គៀង ស្រីម៉េច ត្រូវបានលោកមេធាវី ឡោ ជុនធី សួរអំពីការលក់ខ្លួនដែរ ហើយនាងក៏បានតបថា រឿងលក់ខ្លួននោះ គឺជារឿងមិត្តភ័ក្តរបស់នាងទេ តែជនជាប់ចោទឲ្យនាងសម្តែងថាជារឿងរបស់នាង។ អ្នកស្រី កែវ ម៉ាឡៃ ជាម្តាយនាង ស្រីម៉េច ក៏ប្រាប់តុលាការថា ការសម្តែងរបស់អ្នកស្រីក្នុងរឿងម្តាយខ្ញុំលក់ខ្ញុំនោះ គឺជាការសម្តែងមិនមែនការណ៍ពិតទេ។
នៅក្រៅបន្ទប់សវនាការ អ្នកស្រី កែវ ម៉ាឡៃ និយាយប្រាប់អ្នកកាសែតថា អ្នកស្រីជាជនរងគ្រោះ៖ «រងគ្រោះហ្នឹងអាថតរឿងហ្នឹងហើយ អត់ពិតហើយ មករងគ្រោះនៅអាដីបឹងកក់ហ្នឹងហើយ ហើយយើងចង់បានដីធ្លីហ្នឹងដើម្បីថតរឿងហ្នឹងបានយើងគាត់ដោះស្រាយ ឲ្យជួយពិនិត្យ»។
ដោយឡែក លោក នាក់ សុទ្ធី នាយកវិទ្យាល័យឥន្ទ្រទេវី ដែលជាដើមបណ្តឹងមួយរូបនោះបានប្រាប់តុលាការថា លោកមានការហួសចិត្ត និងឈឺចាប់ ពេលឃើញភាពយន្តឯកសារ ដែលមានកូនសិស្សរៀននៅសាលាលោកជាតួសម្តែងម្នាក់។ លោកថា នាង ស្រីម៉េច និងលោក មុនី បានមកសុំលោកថតរឿង និយាយពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយសម័យខ្មែរក្រហមរបស់ប៉ុល ពត តែបែរជាចេញចំណងជើង និងសាច់រឿងផ្ទុយពីការស្នើសុំ។
លោកប្រាប់លោកចៅក្រម កូយ សៅ ក្នុងបន្ទប់សវនាការថា៖
«គាត់ថតវាខុសពីប្រធានបទ ដែលបានស្នើសុំខ្ញុំ»។
លោកបានបន្ថែមថា៖
«នេះជាការឈឺចាប់របស់ខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋទូទៅ»។
លោកនាយកសាលារូបនេះ បាននិយាយបញ្ជាក់ម្តងហើយម្តងទៀតនៅចំពោះមុខមេធាវីលោក មុនី ថា រឿងម្តាយខ្ញុំលក់ខ្ញុំនោះ បានប៉ះពាល់យ៉ាងខ្លាំងដល់ស្រ្តីខ្មែរ ហើយលោកថា ទោះរឿងនេះពិត ឬមិនពិតនោះ ក៏មិនត្រូវប្រតិដ្ឋរឿងនេះ ឡើងមកដែរ។
ក្នុងដំណើររឿងម្តាយខ្ញុំលក់ខ្ញុំ ដែលគេនៅអាចបានបើកមើលឃើញតាមគេហទំព័រ Youtube នោះ អ្នកស្រី ម៉ាឡៃ ត្រូវគេឃើញនិយាយ ដោយស្ទាក់ស្ទើរចំពោះតម្លៃនៃកូនអ្នកស្រីដែលម្តងអ្នកស្រីថា ៥០០ដុល្លារ ហើយក្រោយមកថា១០០០ដុល្លារ ដែលជាតម្លៃមួយអ្នកស្រីបានព្រមព្រៀងទទួលយក។ អ្នកស្រី សាលីម ក៏ប្រាប់បណ្តាញព័ត៌មាន RT ដែរថា អ្នកស្រីលក់កូនអ្នកស្រីទៅឲ្យភ្ញៀវជាជនជាតិខ្មែរតម្លៃពី៤០០ ទៅ៥០០ដុល្លារអាមេរិក។ យ៉ាងណាក៏ដោយ ម្តាយទាំងពីរ បានបដិសេធមិនទទួលស្គាល់សម្តីទាំងនេះ ក្នុងតុលាការ ហើយអះអាងម្តងហើយម្តងទៀតថា វាគ្រាន់តែជាការសម្តែង។
មានតួសម្តែងមួយរូប គឺនាង អ៊ុន ស្រីពេជ្រ បានរៀបរាប់ពីជីវិតដែលនាងសុខចិត្ត ទៅបម្រើសេវាផ្លូវភេទ ដើម្បីរកប្រាក់ជួយសង្សារដែលត្រូវការប្រាក់ដើម្បីរកស៊ី។ នាង ស្រីពេជ្រ ដែលជាសាក្សីសំខាន់មួយរូបនោះ មិនបានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃពុធនោះទេ។
ក្នុងពេលបិទបញ្ចប់សវនាការ លោក ឡោ ជុនធី មេធាវីការពារក្តីលោក រ៉ាត់ រត្នមុនី បានផ្តល់ការសន្និដ្ឋានថា នាង ស្រីពេជ្រ ជាសាក្សីសំខាន់ ដើម្បីបំភ្លឺការណ៍ពិត។ តែដោយការសួរដេញដោលបានបញ្ចប់ទៅហើយនោះ លោកមេធាវីមិនវែកញែកច្រើនដល់សាក្សីនេះទេ។
លោក ឡោ ជុនធី ក៏បានថ្លែងការពារដោយចោទសួរក្នុងអង្គសវនាការ អំពីនរណាដែលគួរតុលាការត្រូវចោទប្រកាន់ ព្រោះលោក មុនី គឺជាអ្នកបកប្រែ ដែលគ្មានសិទ្ធិចេញផ្សាយភាពយន្តឯកសាររបស់ RT នោះទេ។ នៅចុងបញ្ចប់នៃការសនិ្នដ្ឋានរបស់លោក លោកមេធាវីបានស្នើដល់ «ចៅក្រមពិនិត្យឲ្យកូនក្តីលោករួចផុតបទចោទ និងដោះលែងឲ្យមានសេរីភាពវិញ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដែលបានចូលរួមឃ្លាំមើលសវនាការ ប្រាប់ VOA តាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះថា លោកកត់សម្គាល់ពីចំណុចវិជ្ជមានមួយចំនួនក្នុងសវនាការ ដែលលោកចៅក្រមបានបើកឱកាសឲ្យមានការសួរដេញដោលតទល់រវាងដើមបណ្តឹង និងជនជាប់ចោទ។ ក៏ប៉ុន្តែ អ្វីដែលតុលាការគួរបញ្ចៀសនោះ គឺការណ៍ដែលអនុញ្ញាតឲ្យដើមបណ្តឹងមកអង្គុយរួមគ្នា ស្តាប់ចម្លើយគ្នាទៅវិញទៅមក។
«វានៅមានបញ្ហាមិនប្រក្រតីច្រើន នៅក្នុងការដេញដោលនៅក្នុងសវនាការនេះ ដើម្បីដេញដោលឲ្យបានល្អ គឺអាចថា សាកសួរដោយដាច់ដោយឡែក កុំឲ្យមានការឆ្លើយឆ្លង ឬក៏និយាយតាមគ្នាទៅវិញទៅមកអី ដើម្បីធ្វើការដាក់បន្ទុកទៅលើជនជាប់ចោទដែលគាត់មិនមានសាក្សីផ្សេងទៀត ដើម្បីជួយដោះបន្ទុក អាហ្នឹងវា ជារឿងដែលមិនស្មើភាពគ្នា នៅក្នុងការបើកសវនាការហ្នឹងដែរណា៎បាទ»។
ចំណែកអ្នកស្រី រ៉ាត់ ចាន់ថុល វ័យ២៧ ឆ្នាំ ប្អូនស្រីបង្កើតរបស់លោក មុនី និយាយថា អ្នកស្រីមិនមានការអាក់អន់ចិត្តនឹងសវនាការរបស់លោក មុនី នាលើកចុងក្រោយនេះទេ ព្រោះដើមបណ្តឹងទាំងអស់បានមកបង្ហាញខ្លួន ដើម្បីតតាំងក្តី។
អ្នកស្រីយល់ថា បងប្រុសអ្នកស្រីនឹងទទួលបានយុត្តិធម៌ ប្រសិនបើតុលាការ មានការថ្លឹងថ្លែងត្រឹមត្រូវ ផ្អែកលើការសួរដេញដោល ពាក្យបណ្តឹង និងភស្តុតាង ដែលបានផ្តល់ពីបណ្តាញព័ត៌មាន RT ថា លោក មុនី គឺពិតជាអ្នកបកប្រែ ហើយគ្មានសិទ្ធិអំណាចកាត់តសាច់រឿង ដែលនាំដល់ការកើតមានក្តីក្តាំនោះឡើយ។
«ព្រោះតាមស្តាប់ទៅយើងមានអស់ហើយ ដើមបណ្តឹងយើងស្តាប់ហើយ ខ្ញុំជឿថាចៅក្រម គាត់អាចវិភាគដឹងហើយថា ដើមបណ្តឹងគាត់ជាការនិយាយរបស់គាត់ ហើយពាក្យបណ្តឹងរបស់គាត់ហ្នឹង វាម៉េច [...] ហើយបញ្ជាក់ពីខាងទូរទស្សន៍ RT អីក៏បញ្ជាក់ថា បងខ្ញុំក៏ជាអ្នកបកប្រែ វាអត់មានអីថាត្រូវចំណុចដែលតុលាការ តុលាការគាត់ចោទ ចង់និយាយថា អត់ត្រូវហ្មង»។
យ៉ាងណាក៏ដោយ លោកចៅក្រម កូយ សៅ នៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកពេលប្រកាសសាលក្រមរបស់លោក រ៉ាត់ រត្នមុនី ទៅរសៀលថ្ងៃទី ២៦ ខែមិថុនាខាងមុខនេះ។ រីឯលោក រ៉ាត់ រត្នមុនី ដែលធ្លាប់បានគេចខ្លួនទៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោននោះត្រូវបានឆ្មាំគុកបញ្ជូនទៅកាន់ពន្ធនាគារព្រៃសក្រោយពីការបញ្ចប់សវនាការកាលពីថ្ងៃពុធកន្លងទៅនោះ៕