សាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃពុធ បានបញ្ចប់ការសួរដេញដោលដើមបណ្តឹងចំនួនប្រាំរូប ដែលបានប្តឹងលោករ៉ាត់ រត្នមុនី អ្នកជួយបកប្រែឲ្យបណ្តាញព័ត៌មានរដ្ឋរបស់រុស្ស៊ី ឈ្មោះ Russia Today (ឬហៅថាRT) ដែលបានផលិតភាពយន្តឯកសារមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ»។
ក្រោយសវនាការដែលធ្វើឡើងអស់ពេលជាងពីរម៉ោងនោះ លោកចៅក្រម កូយ សៅ នៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកពេលប្រកាសសាលក្រមទៅរសៀលថ្ងៃទី ២៦ ខែមិថុនាខាងមុខនេះ។
ក្នុងពេលសួរដេញដោលនៅក្នុងបន្ទប់សវនាការជម្រះក្តីលោក រ៉ាត់ រត្នមុនី នោះ ដើមបណ្តឹងទាំងអស់សុទ្ធតែដាក់ការស្តីបន្ទោសលើលោក មុនី ថា បានរួមចំណែកចេញផ្សាយនូវភាពយន្តមួយ ដែលមានផលប៉ះពាល់អាក្រក់ដល់តម្លៃស្ត្រី និងធ្វើខូចខាតដល់កិត្តិយសរបស់ជីវិតឯកជនដែលបានចូលរួមក្នុងការថតភាពយន្តរឿង«ម្តាយខ្ញុំលក់ខ្ញុំ»នោះ។
ក៏ប៉ុន្តែលោករ៉ាត់ រត្នមុនី បានប្រាប់តុលាការថា លោកមានតួនាទី ត្រឹមតែជាអ្នកបកប្រែ និងសម្របសម្រួលឲ្យក្រុមអ្នកផលិតព័ត៌មានរបស់ RT មកជួបអ្នកដែលព្រមផ្តល់បទសម្ភាសន៍តែប៉ុណ្ណោះ។
លោក រ៉ាត់ រត្នមុនី វ័យ ៤៧ឆ្នាំ សកម្មជនសិទ្ធិពលករនិងជាអ្នកបកប្រែក្នុងការផលិតភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ» កំពុងត្រូវបានគេឃុំខ្លួនក្នុងពន្ធនាគារព្រៃស បន្ទាប់ពីតុលាការចោទលោកពីបទ «ញុះញង់ឲ្យមានការរើសអើង» តាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើត្រូវបានរកឃើញថាមានទោសនោះ លោកអាចនឹងត្រូវជាប់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំ។
មុនការបើកសវនាការកាត់ក្តីលោករ៉ាត់ រត្នមុនី នៅថ្ងៃពុធនេះ អ្នកស្រី Ekaterina Yakovlevaប្រធានផ្នែកផលិតភាពយន្តឯកសាររបស់បណ្តាញព័ត៌មាន RT បានសរសេរលិខិតមួយទៅលោក កែ វិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំក្រុងម៉ូស្គូប្រទេសរុស្ស៊ី ដោយបានបញ្ជាក់ជាថ្មីថាលោក មុនី ពិតជាអ្នកបកប្រែឲ្យបណ្តាញព័ត៌មាន RT ប្រាកដមែន៕