សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា បានឲ្យដឹងថាយ៉ាងតិចអ្នកសារព័ត៌មានជាង៧០នាក់ ត្រូវបានយាយីកាលពីឆ្នាំ២០២០ ហើយករណីភាគច្រើនជាចំណាត់ការផ្លូវច្បាប់និងការប្រើប្រាស់អំពើហិង្សាលើពួកគេ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំលើកដំបូង ដែលចេញផ្សាយនៅថ្ងៃច័ន្ទនេះ ក្រោយពីការបង្កើតស្ថាប័នមួយនេះ ដោយក្រុមអ្នកសារព័ត៌មានឯករាជ្យមួយចំនួនក្នុងប្រទេសកម្ពុជា។
របាយការណ៍បានចងក្រងការយាយីអ្នកសារព័ត៌មានចំនួន៣៥ករណីក្នុងឆ្នាំ២០២០ ក្នុងនោះមានអ្នកសារព័ត៌មានចំនួន៧២នាក់។ ប្រភេទនៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មានដែលបានកើតមានឡើងច្រើនជាងគេ គឺការឃុំខ្លួនក្នុងពន្ធនាគារ និងការប្រើអំពើហិង្សា។ យ៉ាងតិចអ្នកសារព័ត៌មានចំនួន៣១នាក់ ត្រូវបានចាប់ឃុំខ្លួន ស្មើនឹងប្រមាណ៤៣%នៃករណីសរុប។ នេះបើតាមរបាយការណ៍ដដែល។
របាយការណ៍ឲ្យដឹងថាអ្នកសារព័ត៌មានចំនួន២២នាក់ ត្រូវបានទទួលរងការវាយដំលើរូបរាងកាយឬរងការគំរាមប្រើអំពើហិង្សានៅពេលកំពុងបំពេញការងារ។
ខេមបូចាដែលចងក្រងរបាយការណ៍នេះបញ្ជាក់ថា៖ «ក្រមព្រហ្មទណ្ឌនៅតែជាឧបករណ៍ច្បាប់ដ៏មានឥទ្ធិពលមួយដែលត្រូវបានគេប្រើជាញឹកញាប់ ដើម្បីបំភិតបំភ័យនិងចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារ»។
អ្នកសារព័ត៌មានភាគច្រើនដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០២០ ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ឬជំរិតទារប្រាក់ តាមមាត្រា២៣២នៃក្រមព្រហ្មទណ្ឌ។
បើតាមរបាយការណ៍បានបង្ហាញថា គិតត្រឹមខែធ្នូ ឆ្នាំ២០២០ យ៉ាងតិចអ្នកសារព័ត៌មាន១០នាក់ កំពុងជាប់ពន្ធនាគារនិងស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដោយសារការចោទប្រកាន់ពីបទឧក្រិដ្ឋ ក្នុងនោះមានលោក រស់ សុឃិត និងលោក សុខ ឧត្តមជាដើម។ ចំណែកអ្នកសារព័ត៌មាន៨នាក់ទៀត កំពុងស្ថិតក្នុងការជាប់ឃុំបណ្តោះអាសន្នក្នុងពន្ធនាគារ ដោយជាប់ចោទពីបទជម្រិតទារប្រាក់ ក្នុងនោះរួមមានលោក អេង ណារ៉ុង លោក ហ៊ួត ដាវី លោក ឃឹម ផល្លី លោក ហេះ ហ៊ីន លោក ហាក់ សុផាន់ណា លោក អ៊ួន ប្រុស លោក ស៊ឹម សុខដា និងលោក ឈិន ប៊ុនធឿន។
ខេមបូចាបញ្ជាក់ថា៖ «ការបន្តចាប់ខ្លួន ការឃុំឃាំង និងការគំរាមកំហែងជាបន្តបន្ទាប់លើអ្នកសារព័ត៌មាន ធ្វើឲ្យខូចដល់តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសង្គមប្រជាធិបតេយ្យ និងធ្វើឲ្យមានការភ័យខ្លាចចំពោះអ្នកដែលចុះផ្សាយរឿងរ៉ាវ ឬករណីពាក់ព័ន្ធនឹងមន្រ្តីអ្នកមានអំណាច»។
លោក ណុប វី នាយកប្រតិបត្តិខេមបូចា មានប្រសាសន៍ថាអ្នកសារព័ត៌មាននៅតែត្រូវបានធ្វើទុក្ខបុកម្នេញ តាមប្រព័ន្ធតុលាការ ដោយច្បាប់ព្រហ្មទណ្ឌ មិនមែនច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកកាសែតត្រូវបានគេវាយដំ និងទទួលរងនូវអំពើហិង្សាជាបន្តបន្ទាប់។
លោកមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងសូមអំពាវនាវដល់រាជរដ្ឋាភិបាលធានានូវសុវត្ថិភាពនិងសន្តិសុខរបស់អ្នកសារព័ត៌មានទាំងអស់ ដើម្បីឲ្យពួកគេអាចអនុវត្តសិទ្ធិរបស់ពួកគេក្នុងការរាយការណ៍ព័ត៌មានដោយសេរី និងដោយគ្មានការភ័យខ្លាច»។
គួរបញ្ជាក់ថាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងព័ត៌មានបានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថាការចាប់ខ្លួនអ្នកសារព័ត៌មាន គឺ«អនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់» មិនមែនរំលោភបំពាន និងបំបិទសិទ្ធិសេរីភាពសារព័ត៌មាននោះទេ៕