ចាងហ្វាងសារព័ត៌មានម្នាក់ក្នុងខេត្តសៀមរាប លោក ប្រន ស៊ាន បានអំពាវនាវឲ្យសមត្ថកិច្ចចាប់ជនដៃដល់ ដែលលោកថាបានប្រើអំពើហិង្សាធ្ងន់ធ្ងរលើរូបលោក កាលពីអធ្រាត្រ ថ្ងៃពី១៣ ខែមីនា ពេលលោកកំពុងសម្រាកក្នុងអង្រឹង។
រហូតមកដល់ពេលនេះ លោក ប្រន ស៊ាន ដែលជាចាងហ្វាងសារព័ត៌មានឈ្មោះ«អាណាចក្រខ្មែរ»កំពុងសម្រាកព្យាបាលជំងឺក្នុងគ្លីនិកឯកជនមួយក្នុងក្រុងសៀមរាប។
អ្នកសារព័ត៌មាន អាយុ៤៤ឆ្នាំរូបនោះ បានជំរុញឲ្យអាជ្ញាធរចាប់ខ្លួនជនដៃដល់ដែលមានគ្នា២នាក់ឲ្យបាន។
លោកប្រាប់VOAថា៖«ចង់សំណូមពរឲ្យមន្ត្រីកងរាជអាវុធហត្ថក្តី ឬក៏មន្ត្រីនគរបាលយុត្តិធម៌ គាត់ព្យាយាមរកជនដៃដល់ឲ្យឃើញឆាប់ៗ នាពេលឆាប់ៗនេះបាទ»។
លោក ប្រន ស៊ាន ដែលមានកូន៣នាក់ និងចាប់អាជីពជាអ្នកសារព័ត៌មាន១៥ឆ្នាំមកហើយ មានប្រសាសន៍ថាលោកមិនដែលរងការប្រើប្រាស់អំពើហិង្សាវាយដំបែបនេះទេ។ លោកចាត់ទុកនេះជាការប៉ុនប៉ងផ្តាច់យកជីវិតលោក និងព្រមានដល់អ្នកសារព័ត៌មានដទៃទៀត។
លោកបន្ថែមថា៖«បាទអានេះព័ត៌មានមួយគេហៅថាបើសិនសម្លាប់ខ្ញុំបាន វាព្រមានដល់អ្នកសារព័ត៌មាន១០០នាក់តទៅទៀត»។
ការវាយប្រហាររាងកាយរបស់អ្នកកាសែតលោក ប្រន ស៊ាន បង្កក្តីបារម្ភជាថ្មីទៀតសម្រាប់អ្នកការពារសិទ្ធិអ្នកសារព័ត៌មាននៅប្រទេសកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានឲ្យដឹងថាកាលពីវេលាម៉ោង១២:៣០នាទីកណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិប្រាសាទបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមរាប មានករណីអំពើហិង្សាមួយកើតឡើងចំពោះចាងហ្វាងកាសែត អាណាចក្រខ្មែរឈ្មោះ ប្រន ស៊ាន ដែលកំពុងសម្រាកនៅតាមផ្លូវធ្វើដំណើរពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តសៀមរាប។
ខេមបូចាឲ្យដឹងទៀតថា លោក ប្រន ស៊ាន ត្រូវជនមិនស្គាល់មុខមានគ្នា២នាក់ ប្រដាប់ដោយដំបងឈើវាយឲ្យរបួសធ្ងន់ត្រង់ក្បាល ដៃ ជើង បាក់ខ្ទង់ចម្រុះ និងបាក់ធ្មេញ។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធខេមបូចា បង្ហាញក្តីបារម្ភអំពីសុវត្ថិភាពរបស់អ្នកកាសែត និងទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចាប់ជនសង្ស័យមកផ្តន្ទាទោស ដើម្បីធានាថាជនដៃដល់មិនរួចពីសំណាញ់ច្បាប់ និងបំបាត់វប្បធម៌និទណ្ឌភាពលើអ្នកសារព័ត៌មាន។
«នេះគឺជាចំណុចមួយដែលធ្វើឲ្យយើងមានការព្រួយបារម្ភខ្លាំងដោយសារយើងដឹងហើយថាការមិនចាប់ជនល្មើសយកផ្តន្ទាទោសនេះ វាធ្វើឲ្យមានបញ្ហាវែងឆ្ងាយទៅទៀតនៅក្នុងសង្គមយើង។ ទីមួយវាបង្កឲ្យមានភាពអយុត្តិធម៌នៅក្នុងសង្គម។ ទីពីររឿងទាក់ទងជាមួយនឹងនិទណ្ឌភាពនៃបទឧក្រិដ្ឋប្រឆាំងជាមួយនឹងអ្នកសារព័ត៌មានហ្នឹង នឹងនៅតែបន្តកើតមានជាហូរហែ ដោយមិនមានពេលបញ្ចប់។ ហើយមួយវិញទៀត ក៏បង្ហាញអំពីរឿងចំណុចខ្សោយនៃការអនុវត្តច្បាប់ ហើយនិងការចាត់វិធានការចំពោះបទល្មើសនានានៅក្នុងសង្គមដែរ»។
បើតាមខេមបូចា ករណីវាយដំលើលោក ប្រន ស៊ាន មិនមែនជាករណីទីមួយទេ។ អ្នកសារព័ត៌មាន ដែលកំពុងដើរតួនាទីសំខាន់ក្នុងការរាយការណ៍ពីបទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗទៀតនៅក្នុងសង្គម ត្រូវទទួលរងនូវការគំរាមកំហែង និងវាយដំ។
ខេមបូចារំឭកឡើងវិញថាកាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ អ្នកសារព័ត៌មានអនឡាញចំនួន៤នាក់ បានទទួលរងគ្រោះដោយករណីអំពើហិង្សាមួយ នៅចំណុចផ្លូវបំបែកចូលច្រកទ្វារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានបង្កឡើងដោយជនមិនស្គាល់មុខមួយក្រុម មានគ្នា៥ទៅ៧នាក់ ប្រដាប់ដោយកាំបិត ពូថៅ និងដំបង និងបានធ្វើឲ្យអ្នកសារព័ត៌មានម្នាក់ក្នុងចំណោម៤នាក់ រងរបួសធ្ងន់ត្រង់ឆ្អឹងជំនីរ និងម្នាក់ទៀតរងរបួសស្រាល។
រហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរនៅតែមិនទាន់អាចវែកមុខរកជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់នៅឡើយ។ នេះបើតាមខេមបូចា។
អ្នករួមអាជីពមួយរូបរបស់លោក ប្រន ស៊ាន បានថ្លែងដោយមិនបញ្ចេញឈ្មោះ ដោយបារម្ភអំពីសុវត្ថិភាពថាលោក ប្រន ស៊ាន បានរងការប្រើប្រាស់អំពីហិង្សាពីជនស្គាល់មុខ បន្ទាប់ពីលោកធ្វើដំណើរចាកចេញពីតំបន់មួយក្នុងខេត្តព្រះវិហារ ដែលមានការដឹកជញ្ជូនឈើ និងមានព្រំប្រទល់ជាប់ខេត្តសៀមរាប។ លោកថាជនសង្ស័យដែលវាយដំលោក ប្រន ស៊ាន ទំនងជាកូនចៅរបស់ឈ្មួញឈើ។
ប៉ុន្តែលោក ប្រន ស៊ាន បញ្ជាក់លោកបានទៅខេត្តព្រះវិហារ ដើម្បីធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធ បញ្ហាសន្តិសុខសង្គមទូទៅ និងមិនបានប្រាស្រ័យទាក់ទងជាមួយឈ្មួញឈើរូបណាទេ។
វីអូអេមិនអាចសុំការអធិប្បាយពីលោក ស៊ុន អេង អធិការស្រុកស្វាយលើបានទេនៅថ្ងៃពុធនេះ។
ប៉ុន្តែអធិការស្រុកស្វាយលើរូបនោះ បានប្រាប់សារព័ត៌មានអនឡាញ Siem Reap Times ថាករណីវាយដំដោយជនមិនស្គាល់មុខមកលើលោក ប្រន ស៊ាន អាចជារឿងគំនុំ ហើយអាជ្ញាធរមានសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្ក។
លោក ប្រន ស៊ាន និយាយថាលោកនឹងមិនចាកចេញពីមុខរបរជាអ្នកកាសែតទេ បើទោះបីលោកបានរងការវាយដំយ៉ាងហិង្សាយ៉ាងដូច្នេះ។ លោកថាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានមកប្រមូលព័ត៌មានពីលោក ដើម្បីកសាងសំណុំរឿង៕