លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានថា រដ្ឋាភិបាលរបស់លោកនឹង «មិនអត់ឱន» ចំពោះអ្នកសារព័ត៌មានណា ដែលបំពានច្បាប់ និងមិនគោរពតាមវិជ្ជាជីវៈរបស់ខ្លួន ហើយប្រើប្រាស់តួនាទីនេះទៅជម្រិតទារប្រាក់គេ។
នេះជាការព្រមានចំៗរបស់លោក ហ៊ុន សែន នៅក្នុងសារ៤ទំព័រ ដែលជាការអបអរខួបទី៥ នៃជំនួបជារៀងរាល់ឆ្នាំរវាងលោកនិងអ្នកសារព័ត៌មាន ថ្ងៃទី១៤ ខែមករា ដែលឆ្នាំនេះមិនមានការជួបជុំទេ ដោយសារបារម្ភខ្លាចជំងឺកូវីដ១៩។
លោក ហ៊ុន សែន ដែលត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់ថា បាន «បង្ក្រាបសារព័ត៌មាន» បានលើកឡើងថា ក្រុមអ្នកកាសែតដែលបំពេញការងារមិនស្របតាមវិជ្ជាជីវៈនិងក្រមសីលធម៌ តាមរយៈការយកឈ្មោះជាអ្នកសារព័ត៌មានទៅគាបសង្កត់អ្នកដទៃ ជម្រិតទារប្រាក់គេជាដើម នឹងត្រូវឆ្លើយតបមកវិញជាមួយវិធានការផ្លូវច្បាប់។
លោក ហ៊ុន សែន បានពណ៌នាថាកាលពីឆ្នាំមុន «មានអ្នកសារព័ត៌មាននិងជនឱកាសនិយមមួយចំនួនតូចបាន និងកំពុងប្រើប្រាស់ស្ថាប័នព័ត៌មានធ្វើសកម្មភាពទុច្ចរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយ ឬលុបព័ត៌មាន ដែលបានចុះផ្សាយការដើរតួនាទីជាចៅក្រមកាត់សេចក្តីនូវរឿងទំនាស់បញ្ហាដីធ្លី ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិតបំប៉ោងសភាពការណ៍ ជេរប្រមាថញុះញង់ និងបំពុលបរិយាកាសសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មាន»។
លោក ហ៊ុន សែន សង្កត់ធ្ងន់ក្នុងលក្ខណៈព្រមានចំៗលើអ្នកសារព័ត៌មានថា៖ «រាជរដ្ឋាភិបាលនឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មាន បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសង្គមឡើយ»។
អតីតការីនិពន្ធរបស់វិទ្យុអាស៊ីសេរីគឺលោក យាង សុធារិន្ទ ដែលជាប់ពាក្យបណ្តឹងនៅតុលាការអូសបន្លាយជាយូរឆ្នាំមកហើយ យល់ថា ការប្រកាន់ខ្ជាប់របស់រដ្ឋាភិបាលក្នុងការចាត់វិធានការច្បាប់ព្រហ្មទណ្ឌប្រឆាំងនឹងអ្នកកាសែត គឺជារឿងគួរឲ្យបារម្ភមួយសម្រាប់អ្នកដែលកំពុងបំពេញការងារក្នុងវិស័យសារព័ត៌មាន។
លោកបន្តទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ ដែលបានរំខានជីវិតប្រចាំថ្ងៃរបស់លោកនិងជាឧបសគ្គសម្រាប់លោកក្នុងការបន្តសរសេរព័ត៌មាន។
លោកមានប្រសាសន៍ថា៖ «ងាកមករឿងខ្ញុំវិញជាមួយលោក អ៊ួន ឈិន [សហការីរបស់លោក យាង សុធារិន្ទ] គឺយើងមិនបានប្រព្រឹត្តកំហុសព្រហ្មទណ្ឌអី ដូចការចោទប្រកាន់ដែលឈានទៅដល់ការដូចថា កាត់ទោសរហូតដល់ក្បត់ជាតិដូច្នោះទេ។ ហើយយើងមិនបានប្រព្រឹត្តកំហុស ហើយអ៊ីចឹងនៅតែទទូចទាមទារឲ្យមានការលើកលែងការចោទប្រកាន់មកលើយើងខ្ញុំទាំងពីរនាក់ដដែលហ្នឹងបាទ»។
ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវអ្នកតស៊ូមតិក្នុងវិស័យសារព័ត៌មាន បានរិះគន់ថា មានការរឹតត្បិត ក្នុងនោះមានការកាត់ទោសអ្នកសារព័ត៌មាន ៣ នាក់កាលពីឆ្នាំមុន ពាក់ព័ន្ធនឹងការចោទប្រកាន់ «ញុះញង់» ដែលជាការចោទប្រកាន់ត្រូវបានរិះគន់ថាដើម្បីបំបិទសំឡេងប្រឆាំង។
លោក សុវណ្ណ រិទ្ធី ស្ថាបនិកសារព័ត៌មានអនឡាញ TVFB ត្រូវបានកាត់ទោសកាលពីខែតុលា ឆ្នាំ២០២០ ឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ ចំពោះការបង្ហោះសារលើហ្វេសប៊ុក ដោយដកស្រង់សម្តីរបស់លោក ហ៊ុន សែន។
ប៉ុន្តែទោសរបស់លោកត្រូវបានព្យួរ ដោយលោកត្រូវបានដោះលែងរហូតមកដល់ពេលនេះ។ ចំណែកចាងហ្វាងកាសែត «ជាតិខ្មែរ» លោក រស់ សុឃិត ក៏ត្រូវបានកាត់ទោសជាប់ពន្ធនាគារ១៨ខែពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការបង្ហោះសារតាមប្រព័ន្ធសង្គមហ្វេសប៊ុករិះគន់លោក ហ៊ុន សែន និងកូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត។
ចំណែកម្ចាស់ស្ថានីយ៍វិទ្យុម្នាក់នៅខេត្តកំពង់ឆ្នាំង គឺលោក សុខ ឧត្តម ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២០ខែ ពីបទញុះញង់ដូចគ្នា។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា យល់ថា រដ្ឋាភិបាលកម្ពុជាគួររួមចំណែកបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលមិនទាន់យល់ច្បាស់ពីតួនាទីរបស់ខ្លួន ក្នុងការធ្វើសេចក្តីរាយការណ៍ជាជាងប្រកាន់យកវិធានការផ្លូវច្បាប់ ដែលនឹងមិនអាចលើកស្ទួយលម្ហសេរីភាពសម្រាប់ការបំពេញវិជ្ជាជីវៈសារព័ត៌មាននោះទេ។
លោកមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថា យើងគួរតែផ្តោតចាប់យកនូវការលើកកម្ពស់ការយល់ដឹង ឬមួយក៏ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឲ្យបានច្រើនថែមទៀត ជាជាងយើងបន្តចាត់វិធានការដោយប្រើប្រាស់ច្បាប់ក្រមព្រហ្មទណ្ឌ ដែលច្បាប់មួយកំពុងតែត្រូវបានប្រើប្រាស់ពេញនិយមប្រឆាំងជាមួយនឹងអ្នកសារព័ត៌មាន។ មួយវិញទៀត គួរតែចាប់យកនូវការអនុវត្តដោយប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានឲ្យបានត្រឹមត្រូវ នូវរាល់សកម្មភាពទាំងឡាយណា ដែលមានការចោទប្រកាន់ប្រឆាំងជាមួយនឹងអ្នកសារព័ត៌មាន»។
ដោយឡែកលោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ថ្លែងតាមសារអ៊ីមែលនៅថ្ងៃព្រហស្បតិ៍នេះថា សេរីភាពសារព័ត៌មាននៅកម្ពុជាស្ទើរតែលែងមានទៅហើយ ជាពិសេសគឺការធ្វើសេចក្តីរាយការណ៍ជាភាសាខ្មែរ ដោយលោកថារ ដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានគំរាមកំហែង ឬទិញយកស្ថានីយ៍ទូរទស្សន៍ធំៗវិទ្យុ និងកាសែត ដែលការណ៍នេះធ្វើឲ្យប្រជាពលរដ្ឋមានជម្រើសតិចតួច ហើយពួកគេស្តាប់តែប្រព័ន្ធផ្សព្វផ្សាយដែលរងឥទ្ធិពលពីរដ្ឋាភិបាល ឬក៏គ្រប់គ្រងដោយរដ្ឋាភិបាល។
លោកផ្តល់ការអធិប្បាយថា អង្គភាពព័ត៌មានដែលនៅសេសសល់ហើយមានសេរីភាព ដើម្បីធ្វើសេចក្តីរាយការណ៍ដោយឯករាជ្យនោះ គឺជាអង្គភាពចេញផ្សាយដំណឹងជាភាសាអង់គ្លេសមួយចំនួនតូចតាមបណ្តាញអ៊ិនធឺណិត តាមរយៈហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀតក៏ដូចជាវិទ្យុបរទេស។
លោកបន្ថែមថា៖ «ប៉ុន្តែរដ្ឋាភិបាលឥឡូវនេះកំពុងស្វះស្វែងរឹតបន្តឹងសេរីភាពតាមប្រព័ន្ធអ៊ិនធឺណិត តាមរយៈការអនុម័តច្បាប់ស្តីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិត និងអនុក្រឹត្យដើម្បីបង្កើតច្រកអ៊ិនធឺណិតតែមួយ ដែលអាចជំរុញឲ្យមានការចាប់ពិរុទ្ធខ្លួនឯង»។
លោកសង្កត់ធ្ងន់ថា៖ «ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនិងដំណឹង គឺជាផ្នែកស្នូលមួយនៃកិច្ចខិតខំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពង្រឹងអំណាចផ្តាច់ការរបស់លោកថែមទៀត ដោយការគ្រប់គ្រងនូវអ្វីដែលប្រជាជនបានឮតាមដំណឹង។ រូបមន្តរបស់គាត់ក្នុងការគ្រប់គ្រងអង្គភាពប្រព័ន្ធផ្សព្វផ្សាយនានា និងការគំរាមកំហែងអ្នកកាសែតគឺជាការរំលោភបំពានសិទ្ធិ ហើយវាត្រូវតែបញ្ឈប់»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន មានប្រសាសន៍ថាកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់ ហើយរដ្ឋាភិបាលមិនបានដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយណាមួយឡើយ។
លោកមានប្រសាសន៍ថា៖ «គាត់និយាយនេះអ្នកណាចេះជេររដ្ឋាភិបាល អាហ្នឹងបានថាឯករាជ្យឃើញទេ។ ហើយដល់អ្នកណាមិនចេះជេររាជរដ្ឋាភិបាលទេ អាហ្នឹងមិនឯករាជ្យទេ ជារបស់រដ្ឋាភិបាល ឬជាអាយ៉ងរបស់រដ្ឋាភិបាល អាហ្នឹងវាអត់ត្រឹមត្រូវទេ។ អាអ្នកថាហ្នឹងហើយដែលជាអ្នកដែលមាននិន្នាការនយោបាយ។ អ្នកថាហ្នឹងហើយដែលជាអ្នកដែលវាអត់មានក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងការនិយាយស្តី»។
កាលពីខែវិច្ឆិកា ឆ្នាំមុន ក្រសួងព័ត៌មានបានសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា ការចាប់ខ្លួនអ្នកសារព័ត៌មានគឺ «អនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់» មិនមែនរំលោភបំពាន និងបំបិទសិទ្ធិសេរីភាពសារព័ត៌មាននោះទេ។
នេះជាការឆ្លើយតបរបស់ក្រសួងព័ត៌មានទៅនឹងការព្រួយបារម្ភរបស់បណុំអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិដែលបានអំពាវនាវរួមគ្នាឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីសារព័ត៌មានឯករាជ្យ និងផ្តល់សេរីភាពពេញលេញដល់ពួកគេ និងស្នើឲ្យរដ្ឋាភិបាលទម្លាក់ចោលបទចោទប្រកាន់លើអ្នកសារព័ត៌មាន៕