តុលាការខេត្តរតនគិរីបានសម្រេចទម្លាក់បទចោទប្រកាន់លើអតីតអ្នកយកព័ត៌មានរបស់កាសែតឌឹខេមបូឌា ដេលី (The Cambodia Daily) ពីរនាក់ ដែលត្រូវចោទថាបានប្រព្រឹត្តអំពើញុះញង់ក្នុងពេលពួកគេសម្ភាសពលរដ្ឋ ដើម្បីដឹងពីទស្សនៈនៃការគាំទ្ររបស់ពួកគេចំពោះគណបក្សនយោបាយដែលឈរឈ្មោះនៅក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១៧។
កាលពីខែធ្នូ ឆ្នាំ២០១៩ តុលាការបានសម្រេចលើកពេលសវនាការជំនុំជម្រះក្ដីលើពួកគេទាំងពីររហូតដល់ជិតមួយឆ្នាំមកដល់ពេលនេះ។
លោក សេក សោភ័ណ មេធាវីការពារក្តីឲ្យអ្នកទាំងពីរ មានប្រសាសន៍ថា ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការខេត្តរតនគិរី កាលពីរសៀលថ្ងៃអង្គារ បានសម្រេចទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងមកលើកូនក្តីរបស់លោក បន្ទាប់ពីបានស្តាប់ការលើកឡើងអំពីអង្គហេតុពាក់ព័ន្ធ និងពិនិត្យចម្លើយរបស់កូនក្តីលោក និងការមិនសម្រេចបន្តប្តឹងរបស់ភាគីដើមបណ្តឹង គឺលោក រម៉ាំ យ៉ូត ដែលជាអតីតមេឃុំប៉ាតេ មកពីគណបក្ស សម រង្ស៊ី។
បើតាមលោកមេធាវី សេក សោភ័ណ ដើមបណ្តឹងបានសម្រេចឈប់ប្តឹង ដោយសារលោកចាំមិនអស់ពីរឿងរ៉ាវដែលបានកើតឡើងកន្លងមក។
លោកមេធាវីបន្ថែមថាតាមច្បាប់ស្តីពីរបបសារព័ត៌មាន កូនក្តីរបស់លោកទាំងពីរមិនបានប្រព្រឹត្តបទល្មើសណាមួយដែលនាំឲ្យរងការចោទប្រកាន់នោះទេ។ លោកអះអាងថាការឈ្នះក្តីនេះ គឺបានមកពីការតតាំងតាមផ្លូវច្បាប់សុទ្ធសាធ ដោយមិនបានគិតដល់ទាល់តែសោះរាល់សម្ពាធពីខាងក្រៅ។
«ខ្ញុំអត់ដឹងទេ ខ្ញុំអត់ដឹងមែន ព្រោះខ្ញុំធ្វើតែកិច្ចការខ្ញុំជាមេធាវីការពារសិទ្ធិ។ ខ្ញុំអត់ដែលយករឿងទាំងអស់ហ្នឹងមកដាក់នៅក្នុងអារម្មណ៍ខ្ញុំទេ គឺដោយសារខ្ញុំជាអ្នកវិជ្ជាជីវៈ។ អ៊ីចឹងខ្ញុំ ខ្ញុំធ្វើអី ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍កូនក្តីខ្ញុំទៅតាមបច្ចេកទេសសុទ្ធហ្មង»។
លោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី មានប្រសាសន៍ថាតុលាការខេត្តបានសម្រេចទម្លាក់ចោលការចោទប្រកាន់ ដោយសារដើមបណ្តឹងបានដកពាក្យប្តឹង ហើយថាការសម្រេចនេះធ្វើឡើងដោយផ្អែកលើដំណើរការស៊ើបអង្កេត ពោលគឺមិនបានយោងតាមមតិរិះគន់នានានោះទេ។
លោកមានប្រសាសន៍ថា៖ «នេះទាក់ទងនឹងការស៊ើបអង្កេត ការពន្លឿននីតិវិធីរបស់គាត់[សំណុំ]រឿងកកស្ទះ ក៏ដាក់កម្មវិធីជម្រះ... រឿងហ្នឹង។ មិនមែនទាក់ទងនឹងការ...មានការបកស្រាយ ឬមួយក៏ការរិះគន់អីទេ»។
លោក អូន ភាព ក្នុងវ័យ៥៧ឆ្នាំ ប្រាប់VOA ពីសហរដ្ឋអាមេរិក កន្លែងដែលលោកកំពុងគេចខ្លួនពីពាក្យបណ្តឹងរបស់តុលាការថានេះគ្រាន់តែជា«ល្បិច»របស់តុលាការ នៅពេលរងសម្ពាធប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា អានេះ គ្រាន់តែជាល្បិច ជាល្បិចរបស់តុលាការរដ្ឋាភិបាលខ្មែរយើងហ្នឹង ដោយសារតែឥឡូវយើងមើលឃើញថាបន្ទាប់ពីសហរដ្ឋអាមេរិកគេបោះឆ្នោតហើយ ហើយមានការផ្លាស់ប្តូរប្រធានាធិបតីថ្មី ហើយប្រធានាធិបតីថ្មីនេះ គឺខាងDemocrat [ប្រជាធិបតេយ្យ]ទៀត។ អ៊ីចឹងខាងប្រជាធិបតេយ្យគេ អត់ដូចខាង Republican [សាធារណរដ្ឋ]ទេ គេដាក់សម្ពាធទៅលើរដ្ឋាភិបាលខ្មែរយើងហ្នឹង ដើម្បីឲ្យវិលត្រឡប់ទៅរកប្រជាធិបតេយ្យវិញ ឲ្យមានការគោរពសិទ្ធិមនុស្សអ៊ីចឹងជាដើម»។
អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលលោក អូន ភាព និងដៃគូយកព័ត៌មានរបស់លោកគឺលោក Zsombor Peter ជាជនជាតិកាណាដា ត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីអ្នកកាសែតទាំងពីរបានចុះទៅយកព័ត៌មាននៅក្នុងឃុំប៉ាតេក្នុងខេត្តរតនគីរី កាលពីខែឧសភា ឆ្នាំ២០១៧ ដើម្បីធ្វើសេចក្ដីរាយការណ៍ព័ត៌មានអំពីការបោះឆ្នោតឃុំសង្កាត់ក្នុងខែមិថុនា ឆ្នាំដដែល។ លោក អូន ភាព ដែលមានកូនបួននាក់ក្នុងបន្ទុក និងដែលបានចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិក មានប្រសាសន៍ថាវិធានការតុលាការមកលើលោក បានបំផ្លាញសុភមង្គលគ្រួសាររបស់លោក។
លោកមានប្រសាសន៍ថា៖ «បាទ ការណ៍ដែលធ្វើការចោទប្រកាន់យើងហ្នឹង វាធ្វើឲ្យយើងtrouble[មានបញ្ហា] ខ្លាំង។ យើងព្រាត់ប្រាសប្រពន្ធកូន យើងរត់ចោលស្រុក ដើម្បីគេចពីការចាប់ខ្លួន។ យើងបាត់បង់ការងារ បាត់បង់ពេលវេលាធ្វើការរកលុយ រកកាក់ ដោយសារវ័យយើងក៏វាចាស់ដែរហើយ»។
លោកZsombor ដែលកំពុងបំពេញវិជ្ជាជីវៈជាអ្នកសារព័ត៌មាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានបញ្ជាក់ថា វាជារឿងដែលគ្មានន័យទាល់តែសោះ ដែលតុលាការសម្រេចទម្លាក់ចោលបទចោទប្រកាន់មកលើរូបលោក និងលោក អូន ភាព ក្រោមហេតុផលដែលថា អ្នកប្តឹងបានដកពាក្យបណ្តឹងនោះ។ លោកលើកឡើងបន្ថែមថា វាគ្មានយុត្តិធម៌ទេ ដែលត្រូវឲ្យលោកមករងការចោទប្រកាន់ដែលគ្មានមូលដ្ឋានអ្វីបន្តិចនោះ។
លោកបានអធិប្បាយថា៖ «ខ្ញុំមានអារម្មណ៍ធូរស្រាលដែលតុលាការទម្លាក់ចោលការចោទប្រកាន់ប្រឆាំងខ្ញុំ និងលោក អូន ភាព។ ប៉ុន្តែខ្ញុំគិតថាការចោទប្រកាន់ទាំងនេះ មិនត្រឹមត្រូវទេ។ យើងមិនគួរចាំបាច់ប្រឈមនឹងបទចោទញុះញង់ក្លែងក្លាយនេះអស់រយៈពេលបីឆ្នាំមកនេះ ហើយតុលាការគួរតែទម្លាក់ចោលការចោទប្រកាន់នេះតាំងពីដើមទីមក ដោយសារវាគ្មានមូលដ្ឋានអីច្បាស់លាស់ទេ ពោល គឺមិនមែនទម្លាក់ចោលក្រោយពេលបីឆ្នាំដែលដើមបណ្តឹងបានដកពាក្យប្តឹងដែលគ្មានបានការនោះ។ ហើយខ្ញុំគិតថា វាក៏គ្មានអត្ថន័យអ្វីជាដុំកំភួនដែរ សម្រាប់សេរីភាពសារព័ត៌មាននៅកម្ពុជា។ តុលាការកំពុងយាយីអ្នកកាសែតដែលមានចិត្តស្មោះត្រង់ ក្នុងការបំពេញការងាររបស់ពួកគេ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ ស្វាគមន៍ការកាត់សេចក្តីរបស់តុលាការខេត្តរតនគិរី ទៅលើអតីតអ្នកយកព័ត៌មានរបស់ឌឹខេមបូឌា ដេលី ដែលលោកយល់ថា គ្រាន់តែបានបំពេញវិជ្ជាជីវៈសារព័ត៌មាន។
«វាមិនគួរមានបទចោទប្រកាន់លើអ្នកទាំងពីរតាំងពីដើមមកម៉្លេះ។ ប៉ុន្តែទោះបីជាឥឡូវនេះ មានទម្លាក់ តុលាការសម្រេចទម្លាក់បទចោទប្រកាន់ក៏ដោយ ក៏យើងនៅតែមានការសោកស្តាយ ពីព្រោះអ្នកទាំងពីរនេះ ត្រូវបានជាប់បណ្តឹងហ្នឹងជាច្រើនឆ្នាំមកហើយ»។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា(ខេមបូចា) មានប្រសាសន៍ថា សេចក្តីសម្រេចរបស់តុលាការខេត្តរតនគិរី អាចជាគំរូសម្រាប់តុលាការរាជធានី និងបណ្តាខេត្តផ្សេងទៀតពិចារណាលើក្តីក្តាំរបស់អ្នកកាសែតឯទៀតថាតើបទល្មើសរបស់ពួកគេជាការប្រព្រឹត្តបទឧក្រិដ្ឋមែន ឬគ្រាន់តែជាការបំពេញវិជ្ជាជីវៈជាអ្នកសារព័ត៌មាននោះ។
«ខ្ញុំយល់ឃើញថា តុលាការនៅតាមរាជធានីខេត្តក្រុងផ្សេងទៀត គួរតែពិនិត្យអំពីគំរូមួយនៃការទម្លាក់ចោលបទចោទប្រកាន់នេះ ហើយពិនិត្យនៅក្នុងការទម្លាក់ចោលគ្រប់ការចោទប្រកាន់ទាំងឡាយប្រឆាំងអ្នកសារព័ត៌មាន»។
បើតាមការឃ្លំាមើលរបស់អ្នកការពារសិទ្ធិអ្នកកាសែតនៅកម្ពុជា និងក្រុមអ្នកការពារសិទ្ធិមនុស្ស ក្នុងនោះមានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) មានអ្នកកាសែតយ៉ាងហោចណាស់១៣នាក់ បានប្រឈមនឹងការធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ ក្នុងនោះ មានមួយចំនួនត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងអំពើចារកម្មចំពោះសកម្មភាពរបស់ពួកគេក្នុងការផ្សព្វផ្សាយដំណឹងដែលមានលក្ខណៈរិះគន់តាមបណ្តាញអ៊ិនធឺណិត កាសែត និងការបញ្ចេញមតិលើបណ្តាញសង្គម។
លោក អូន ភាព មានប្រសាសន៍ថា លោកមិនអាចវិលមកប្រទេសកម្ពុជាភ្លាមៗទេ ដោយសារតែលោកនៅតែយល់ថាការទម្លាក់ចោលបទចោទប្រឆាំងនឹងលោក គ្រាន់តែជាល្បិច ហើយថាលោកនឹងរងការចាប់ចង បើសិនលោកប្រឡូកក្នុងអាជីពសារព័ត៌មានម្តងទៀតនោះ៕