កំណត់និពន្ធ៖ ផលិតករភាពយន្តដែលទទួលរង្វាន់ គឺ កញ្ញា ម៉ម កល្យាណនី បានផ្ញើសំណេរមួយមកកាន់វីអូអេ នៅក្រោយការសម្លាប់អ្នកកាសែត លោក តាំង ទ្រី។ សំណេរនេះត្រូវអមដោយភាពយន្តខ្លីមួយដែលនាងបានផលិតដើម្បីឧទ្ទិសដល់លោក តាំង ទ្រី និងរំឭកដល់បញ្ហាបរិស្ថាននានាដែលប្រទេសកម្ពុជានៅជួបប្រទះ។ កញ្ញា ម៉ម កល្យាណនី បានសរសេរថា៖
ខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់លោក តាំង ទ្រី កាលពី ថ្ងៃអាទិត្យនេះ (ទី ១២ ខែតុលា) ដែលបានរំឭកខ្ញុំអំពីការស្លាប់របស់លោក ឈុត វុទ្ធី ដែលជាវីវជនការពារបរិស្ថានរបស់យើង។ ឧប្បត្តិហេតុនេះបានជំរុញឲ្យខ្ញុំសរសេរអត្ថបទខ្លីមួយនេះអំពីទស្សនៈផ្ទាល់ខ្លួន ហើយនិងផលិតភាពយន្តខ្លីមួយ ដែលខ្ញុំជឿថាភាពយន្តខ្លីនេះឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីស្មារតីរបស់ប្រជាពលរដ្ឋកម្ពុជាសព្វថ្ងៃនេះ។ សម្រាប់ខ្ញុំ ការធ្វើបែបនេះមិនត្រឹមតែជាការលាតត្រដាងអំពីឧស្សាហកម្មកាប់ឈើខុសច្បាប់ ឬការតស៊ូប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីតែប៉ុណ្ណោះទេ ក៏ប៉ុន្តែការធ្វើបែបនេះគឺដើម្បីជាការចងចាំ និងការតស៊ូការពារកេរ្តិ៍មត៌កធម្មជាតិនិងប្រពៃណីរបស់កម្ពុជាផងដែរ។
ការចង់ចាំកេរមត៌ករបស់ប្រទេសកម្ពុជា
លោក តាំង ទ្រី អ្នកកាសែតកម្ពុជាត្រូវបានបាញ់សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យ (ទី ១២ ខែតុលា) នៅពេលដែលលោកកំពុងស៊ើបអង្កេតលើករណីកាប់ឈើខុសច្បាប់នៅខេត្ត ក្រចេះ។ លោក តាំង ទ្រី មានជោគវាសនាដូចគ្នានឹងអ្នកកាសែតនិងសកម្មជនបរិស្ថានពីរនាក់ទៀត គឺលោក ហង្ស សេរីឧត្តម និងលោក ឈុត វុទ្ធី ដែលបានបូជាជីវិតដើម្បីលាតត្រដាងបង្ហាញពីភាពអយុត្តិធម៌ក្នុងសង្គមនិងបរិស្ថានរបស់កម្ពុជា។ ការស្លាប់បាត់បង់ជីវិតរបស់អ្នកទាំងនេះ រំឭកយើងពីគោលបំណងនៃការតស៊ូរបស់ពួកគាត់ គឺដើម្បីការពារព្រៃឈើកម្ពុជា និងថែរក្សាជីវភាពរស់នៅមួយបែបដែលមិនអាចរស់រានបានប្រសិនបើគ្មានធម្មជាតិ។ ការស្លាប់របស់អ្នកទាំងអស់នេះក៏រំឭកយើងឲ្យគិតគូរអំពីអ្វីដែលសំខាន់ផងដែរ។ តើអ្វីដែលសំខាន់នោះគឺ លុយកាក់ អំណាច និងទ្រព្យសម្បត្តិមែនទេ? ឬក៏ជាសេចក្តីស្រឡាញ់ ជាសេចក្តីអាណិតអាសូរដល់បងប្អូនជនរួមជាតិយើង និងជាជីវិតមួយដែលរស់នៅដោយសន្តិភាពនិងសុខដុមរមនាជាមួយនឹងធម្មជាតិ?
កាលពីដើមឆ្នាំនេះ សហការីថតខ្សែភាពយន្តរបស់ខ្ញុំនិងខ្ញុំ បានទៅដល់ជ្រលងភ្នំ អារ៉ែងនៅខេត្តកោះកុង ដើម្បីចងក្រងខ្សែភាពយន្តឯកសារអំពីរឿងរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ចុង និងការតស៊ូរបស់ពួកគេ ដើម្បីបញ្ឈប់គម្រោងសាងសង់ទំនប់ស្ទឹងជាយអារ៉ែង ដែលពួកគេភ័យខ្លាចថា គម្រោងសាងសង់នេះនឹងបំផ្លាញសម្បត្តិព្រៃឈើ ជីវភាពរស់នៅ និងកេរ្តិ៍មត៌ករបស់គេ។ ជនជាតិដើមភាគតិច ចុង ដែលត្រូវបានចាត់ទុកជាជនជាតិខ្មែរដើម បានរស់នៅ ធ្វើកសិកម្ម នេសាទ និងប្រមាញ់ សត្វព្រៃនៅជ្រលងភ្នំអារ៉ែងនេះអស់រយៈពេលជាង៦០០ឆ្នាំមកហើយ។ ប្រជាពលរដ្ឋម្នាក់ៗដែលយើងបានជួបនៅជ្រលងភ្នំអារ៉ែងនេះ បានបញ្ជាក់អំពីសារៈសំខាន់នៃធនធានដី ព្រៃឈើ និងស្ទឹងមកលើជីវភាពរស់នៅផ្ទាល់ខ្លួនទំនៀមទម្លាប់និងប្រពៃណីរបស់ពួកគេរួមទាំងអនាគតរបស់ប្រជាពលរដ្ឋជំនាន់ក្រោយផងដែរ។ ធនធានទាំងនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់បងប្អូនជនជាតិដើមភាគតិច ចុង ដែលចំនួនទឹកប្រាក់ប៉ុន្មានក៏មិនអាចទិញយកធនធានទាំងនេះ និងសុភមង្គលរបស់ពួកគេបានទេ ដែលបងប្អូនជនជាតិដើមភាគតិច ចុង ជឿថាជាកម្មសិទ្ធិរបស់ពួកគេនោះ។
ស្ត្រីវ័យចំណាស់ម្នាក់បានជំទាស់ដាច់អហង្ការមិនទទួលយកសំណងដែលផ្តល់ឲ្យគាត់ និងអ្នកភូមិផ្សេងទៀត ប្រសិនបើអ្នកភូមិទាំងអស់គ្នាយល់ព្រមចាកចេញពីដីភូមិរបស់គេ។ គាត់និយាយថា «លុយទាំងអស់នេះ ខ្ញុំអាចយកមកចាយបានតែក្នុងជាតិនេះទេ។ ខ្ញុំមិនអាចទុកវត្ថុទាំងនេះបន្តទៅឲ្យកូនចៅជំនាន់ក្រោយរបស់ខ្ញុំបានឡើយ។ ដូច្នេះ ខ្ញុំគ្រាន់តែចង់ថែរក្សាភូមិនិងដីស្រែចម្ការរបស់ខ្ញុំទុកឲ្យកូនចៅជំនាន់ក្រោយតែប៉ុណ្ណោះ»។
នាង រ៉ីម សាវស៊ី ជាស្រ្តីដែលក្រុមការងារយើងតាមថតគាត់នៅពេលដែលយើងទៅដល់អារ៉ែង ហើយដែលសាច់រឿងគាត់មាននៅក្នុងខ្សែវីដេអូឯកសាររបស់យើង បាននិយាយថា «អ្វីៗគ្រប់យ៉ាងទាំងអស់ដែលខ្ញុំមាន គឺជាអំណោយពីធម្មជាតិ»។ «សូម្បីតែមាសពេជ្រដ៏មានតម្លៃខ្ពស់បំផុតក៏មិនអាចប្រៀបផ្ទឹមនឹងតម្លៃធម្មជាតិឬសេចក្តីស្រឡាញ់និងសេចក្តីស្ងប់ដែលយើងមានបានដែរ»។
ប្រជាពលរដ្ឋកម្ពុជាចង់បានដី ព្រៃឈើ ស្ទឹង និងជីវភាពរស់នៅរបស់ពួកគេដើម្បីឲ្យផ្សាភ្ជាប់ទៅនឹងសម្រស់នៃធម្មជាតិ។ ប្រជាពលរដ្ឋកម្ពុជាក៏ត្រូវការការអប់រំ អគ្គិសនី ទឹកស្អាត ផ្លូវគមនាគមន៍ និងការទទួលបាននូវជីវភាពរស់នៅបែបទំនើបផងដែរ។ ក៏ប៉ុន្តែ យើងអាចទទួលបានអ្វីៗទាំងអស់នេះ ដោយមិនចាំបាច់លះបង់កេរ្តិ៍មត៌កធម្មជាតិ និងប្រពៃណីរបស់យើង ឬអាយុជីវិតរបស់ជនទាំងឡាយណាដែលធ្វើការតស៊ូដើម្បីការពារកេរ្តិ៍មត៌កទាំងនេះឡើយ៕
-----
កញ្ញា ម៉ម កល្យាណនី គឺជាផលិតករភាពយន្តខ្មែរអាមេរិកាំង។ ខ្សែភាពយន្តរូបភាពឯកសារលើកដំបូងបង្អស់របស់នាងគឺ «ក្បង់ទឹកទន្លេ» ឬ A River Changes Course ដែលនិយាយអំពីការតស៊ូរបស់គ្រួសារខ្មែរ៣គ្រួសារ ក្នុងអំឡុងនៃការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់ពិភពលោក បានឈ្នះពាន់រង្វាន់ Grand Jury Prize សម្រាប់ខ្សែភាពយន្តឯកសារពិភពលោកនៅឯមហោស្រពភាពយន្តទីក្រុងសាន់ដាន (Sundance Film Festival) នៅឆ្នាំ២០១៣។