វ៉ាស៊ីនតោន៖ ខ្សែភាពយន្តរឿង«ក្បង់ទឹកទន្លេ» (A River Changes Course) ដែលជាខ្សែភាពយន្តពិនិត្យមើលលើផលប៉ះពាល់នៃសាកលភាពវូបនីយកម្មមកលើជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា បានឈ្នះបានពានរង្វាន់ World Cinema Grand Jury Prize ដែលជារង្វាន់មួយក្នុងចំណោមរង្វាន់ធំបំផុតនៅឯមហោស្រពភាពយន្តទីក្រុងសាន់ដាន (Sundance Film Festival) របស់សហរដ្ឋអាមេរិក។
ភាពយន្តនេះផ្តោតលើផលប៉ះពាល់ជីវភាពពលរដ្ឋស្រែចម្ការ ដែលជំពាក់បំណុលវ័ណ្ឌក ការកាប់បំផ្លាញព្រៃឈើនៅខេត្តរតនគីរីដែលប៉ះពាល់ដល់ជនជាតិដើមភាគតិច និងការថយចុះនៃផលនេសាទត្រីទឹកសាបដែលបានបង្ខំឲ្យពលរដ្ឋខ្លះត្រូវសម្រេចចិត្តបោះបង់ចោលការនេសាទមកធ្វើការនៅលើដីគោកវិញ។
នាងម៉ម កល្យាណនី (Kalyanee Mam) ផលិតករខ្សែភាពយន្តនេះបានបញ្ជាក់ប្រាប់វីអូអេថាភាពយន្តឯកសារនេះថតឡើងដើម្បីបង្ហាញពីបញ្ហាប្រឈមដែលពលរដ្ឋខ្មែរជួបប្រទះដោយមិនមានការលាយឡំជាមួយនឹងរឿងនយោបាយអ្វីទេ និងក៏មិនបានផ្តល់អ្វីជាដំណោះស្រាយដែរគឺគ្រាន់តែបង្ហាញពីបញ្ហាពិតហើយទុកឱកាសឱ្យពលរដ្ឋខ្មែរនិងរដ្ឋាភិបាលរួមគ្នាស្វែងរកដំណោះស្រាយផ្អែកលើទិដ្ឋភាពជាក់ស្តែង៕
តើអ្នកបានទស្សនាភាពយន្តនេះដែរឬទេ? តើអ្នកយល់យ៉ាងណាពីខ្លឹមសារនៃភាពយន្តនេះ?