ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រថភ្លើង​ដឹក​អ្នក​ដំណើរ​ថ្មី ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ នឹក​ឃើញ​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទី​ក្រុង​ក្នុង​សម័យ​ខ្មែរ​ក្រហម


រថភ្លើង​ ឈប់​សំចត​ នៅ​ស្ថានីយ៍​ក្នុង​ខេត្ត​តាកែវ​ នៅ​​ថ្ងៃ​ដំណើរ​ប្រតិបត្តិការ​ឡើង​វិញ នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៦។​ ​ ខ្សែ​រថភ្លើង​នេះ​ចេញ​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ​ ដោយ​ឆ្លង​កាត់​ចំណត​ខេត្ត​តាកែវ​និង​កំពត​។ (ហ៊ាន​ សុជា​តា​/VOA​)
រថភ្លើង​ ឈប់​សំចត​ នៅ​ស្ថានីយ៍​ក្នុង​ខេត្ត​តាកែវ​ នៅ​​ថ្ងៃ​ដំណើរ​ប្រតិបត្តិការ​ឡើង​វិញ នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៦។​ ​ ខ្សែ​រថភ្លើង​នេះ​ចេញ​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ​ ដោយ​ឆ្លង​កាត់​ចំណត​ខេត្ត​តាកែវ​និង​កំពត​។ (ហ៊ាន​ សុជា​តា​/VOA​)

នៅ​ចំ​ពេល​ដែល​មាន​ការ​ដាក់​ឱ្យ​ដំណើរ​ការ​សេវាកម្ម​រថ​ភ្លើង​ដឹក​អ្នក​ដំណើរ ​ភ្នំពេញ-​ក្រុង​ព្រះ​សីហនុ ​កាល​​ពី​ចុង​ខែ​មុន ​អ្នក​ស្រាវ​ជ្រាវ​ និង​អ្នក​​រស់​រាន​មាន​ជីវិត​ពី​របប​​កម្ពុជា​ប្រជាធិបតេយ្យ ​បាន​រំឭក​ឡើង​វិញ​ពី​ការ​ប្រើ​ប្រាស់​មធ្យោបាយ​​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក ​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ដោយ​បង្ខំ ​កាល​ពី​ប្រមាណ​៤០​ឆ្នាំ​មុន។

អស់​ពេល​ជាង​៣​ទសវត្សរ៍​មក​ហើយ ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួល​រលំ។ ក៏ប៉ុន្តែការធ្វើទុក្ខបុក​ម្នេញនៅ​ក្នុង​របបនេះ ​ការ​បាត់​បង់ ​និង​ការ​ចង​ចាំ​ដ៏​សោក​សង្រេង​នានា ​នៅ​តែ​បន្ត​ដក់​ជាប់​ក្នុង​ការ​ចង​ចាំ​របស់អ្នករស់​រានមាន​ជីវិត​ មិន​ថា​នៅ​កន្លែង​ណា​ ឬ​ក៏​ពាក់​ព័ន្ធ​នឹង​វិស័យ​អ្វី​នោះ​ទេ។

ផ្លូវ​ដែក​ខ្មែរ​ ​មាន​ពីរ​ខ្សែ គឺ​មួយ​ខ្សែ​រត់​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែត​ជាប់​ព្រំដែន​ប្រទេស​ថៃ ​និង​មួយ​ខ្សែ​ទៀត​ភ្ជាប់រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​ព្រះសីហនុ​នៅ​ភាគ​និរតី។ ខ្សែ​រថ​ភ្លើង​ទាំង​ពីរ​ខ្សែ​នេះ ក៏​នៅ​ដិត​ដាម​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​សម្រាប់​ប្រជាជន​ខ្មែរ​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អ្នក​ស្រាវ​ជ្រាវ។

ឯកសារ​ដែល​បាន​បន្សល់​ទុក​មក​បាន​ឱ្យ​ដឹង​ថា ​រថ​ភ្លើង​នៅ​តែ​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ នៅ​ក្នុង​រូប​ថត​ឯកសារ​មួយ​សន្លឹក​ គេ​អាច​ឃើញ​មេ​ដឹក​នាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា ​រួមមាន​ប៉ុល ពត,​ នួន ជា, វ៉ន វ៉េត ​និង ​តាម៉ុក​ ជា​ដើម​ ជិះ​រថភ្លើង​រួម​គ្នា​ក្នុង​ទូ​រថភ្លើង​តែ​មួយ។

នៅ​ចំ​ពេល​ដែល​មាន​ការ​ដាក់​ឱ្យ​ដំណើរ​ការ​សេវាកម្ម​រថ​ភ្លើង​ដឹក​អ្នក​ដំណើរ ​ភ្នំពេញ-​ក្រុង​ព្រះ​សីហនុ ​កាលពី​ចុង​ខែ​មុន ​អ្នក​ស្រាវ​ជ្រាវ​ និង​អ្នករស់​រាន​មាន​ជីវិត​ពី​របបកម្ពុជា​ប្រជាធិបតេយ្យ ​បាន​រំឭក​ឡើង​វិញ​ពី​ការ​ប្រើ​ប្រាស់​មធ្យោបាយដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក ​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ដោយ​បង្ខំ ​កាល​ពី​ប្រមាណ​៤០​ឆ្នាំ​មុន។

បើ​យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​អ្នក​ស្រាវ​ជ្រាវ​ មាន​មនុស្ស​ជាង​កន្លះ​លាន​នាក់ ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ភូមិ​ភាគ​ពាយព្យ​នៃ​ប្រទេស​ដើម្បី​ទៅ​ធ្វើការ​ដោយ​បង្ខំ ​ហើយ​រថភ្លើង​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មធ្យោបាយដឹក​ជញ្ជូន​ដ៏​សំខាន់​គាំទ្រ​ដល់​កិច្ចការ​ជម្លៀស​បម្លាស់ទី​ដោយ​បង្ខំ​នេះ។

លោក​ស្រី ​លី ​ឆវី ​វ័យ​៦០​ឆ្នាំ ​នៅ​តែ​ចង​ចាំ​ច្បាស់​អំពី​ហេតុ​ការណ៍​កាល​ពី​៤០​ឆ្នាំ​មុន ​ដែល​ខ្លួន​លោក​ស្រី ​ព្រម​ទាំង​ក្រុម​គ្រួសារ ​ត្រូវ​បាន​ក្រុម​ខ្មែរ​ក្រហម​ជម្លៀស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​ក្រោយ​រដ្ឋធានី​ភ្នំពេញ​ត្រូវ​បាន​កង​កម្លាំងកុម្មុយនិស្ត​វាយ​បែក ​នៅ​ថ្ងៃ​ទី​១៧​ ខែ​មេសា ​ឆ្នាំ​១៩៧៥។

លោក​ស្រី ​លី ​ឆវី ​និង​ក្រុម​គ្រួសារ ​បាន​ស្នាក់​នៅ​មួយ​រយៈ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ​បន្ទាប់​ពី​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​លំនៅឋាន​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ​ក៏​ប៉ុន្តែ​មាន​បទ​បញ្ជា​មួយ ​ឱ្យ​ដឹក​ជញ្ជូន​លោក​ស្រី ​ក្រុម​គ្រួសារ ​និង​អ្នក​ភូមិ​ដទៃ​ទៀត​ជា​បន្ទាន់​ទៅ​កាន់​ស្ថានីយ​រថភ្លើង​ភ្នំពេញ។

«គេ​អត់​ប្រាប់​[ថា​ទៅ​ណា]​ទេ ​គ្រាន់​តែ​ហៅ​ឡើង​ឡាន​មក ​គ្រាន់​តែ​ហៅ​ឡើង​ឡានៗ​ ឱ្យ​លឿនៗ​ អ្នក​ណា​យក​អ្វីបាន ​បាន​ទៅ ​អ្នក​ណា​យក​មិន​បាន ​អត់​ទៅ»។

លោក​ស្រី​ ឆវី ​ដែល​បាន​រៀប​រាប់​សាច់​រឿង​នេះ​ប្រាប់​ VOA​ តាម​រយៈ​ទូរស័ព្ទ​ពី​គេហដ្ឋាន​របស់​លោក​ស្រី​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​ឱ្យ​ដឹង​ថា ​បើ​ទោះ​ជា​មក​ដល់​ស្ថានីយ​រថភ្លើង​ធំ​នៅ​ភ្នំពេញ​ពេល​យប់​ទៅ​ហើយ​ក្ដី ក៏​លោក​ស្រីអាច​នឹង​មើល​ឃើញ​ទិដ្ឋភាព​នា​គ្រា​នោះ​ និង​រៀប​រាប់​ឡើង​វិញ​បាន​យ៉ាង​ក្បោះ​ក្បាយ។

«ច្រើន! ​ច្រើន​ណាស់ ​ទៅ​ដល់​គេ​ហៅ​ចុះ​ព្រឹបៗ ​ឡាន​គេ​ចេះ​តែ​បញ្ជូន​មក​បន្ត​អ៊ីចឹង​ទៅ ​អាណា​ឡើង​បារ៉ុង​(ទូ)​ណា​ឡើង​ទៅ ​អាណា​ឡើង​ជិះ​ណា​ឡើង​ទៅ ​ហៅ​ឡើងៗអីចឹង​ទៅ។ មក​ដល់​រ៉ា​រទេះ​ភ្លើង​អ៊ីចឹង​ទៅ ​គេ​ហៅ​ឡើង​អ៊ីចឹង​ទៅ​ គេ​ចែក​នំប៉័ង​ឱ្យ​ម្នាក់​មួយ ​ឱ្យ​ស្ករ​នោះ​ម្នាក់​មួយ​ផែន​ រួច​ទៅ​អត់​មាន​ទឹក​ញ៉ាំ​ទេ»។

មិន​មាន​នរណា​ម្នាក់​នៅ​រថ​ភ្លើង​នោះ​ដឹង​ឡើយ​ថា ​ក្រុម​ខ្មែរ​ក្រហម​កំពុង​ដឹក​ជញ្ជូន​ពួក​គេ​ទៅ​កាន់​ទី​ណា​នោះ។ អ្នក​ជំនាញ​បាន​ហៅ​ការ​ជម្លៀស​មនុស្ស​នេះ​ថា ​ជា​ការ​ជម្លៀស​ដោយ​បង្ខំ​លើក​ទី​ពីរ​ជា​ទ្រង់​ទ្រាយ​ធំ ​បន្ទាប់​ពី​ព្រឹត្តិ​ការណ៍​ជម្លៀស​ថ្ងៃ​១៧​មេសា។

អ្នក​នាង ​ស៊ីរិ សាវីណា ​នាយិកា​នៃ​សារមន្ទីរ​នៃ​ការ​ចងចាំ​របស់​វិទ្យាស្ថាន​ស្លឹករឹត។ (រូប​ភាព​ផ្តល់​ដោយ​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា) Sirik Savina, PhD Candidate and Director Museum of Memory of Sleuk Rith Institute. (Photo Supplied by DC-Cam)
អ្នក​នាង ​ស៊ីរិ សាវីណា ​នាយិកា​នៃ​សារមន្ទីរ​នៃ​ការ​ចងចាំ​របស់​វិទ្យាស្ថាន​ស្លឹករឹត។ (រូប​ភាព​ផ្តល់​ដោយ​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា) Sirik Savina, PhD Candidate and Director Museum of Memory of Sleuk Rith Institute. (Photo Supplied by DC-Cam)

អ្នកនាង​ ស៊ិរិ ​សាវីណា​ នាយក​សារ​មន្ទីរ​នៃ​ការ​ចងចាំ​នៃ​វិទ្យាស្ថាន​ស្លឹករឹត ​ដែល​ជា​មជ្ឈ​មណ្ឌល​សិក្សា​អំពី​ករណី​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា ​បាន​និយាយ​ថា​មនុស្ស​ដែល​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ភូមិឋាន​ថ្មី​ ទី​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​ធ្វើការ​ហួស​កម្លាំង ​ការ​ហូប​ចុក​មិន​គ្រប់​គ្រាន់ ​បាន​ពើប​ប្រទះ​នឹង​ជំងឺ​ដង្កាត់​ជា​ច្រើន​មុខ។

«ដោយ​សារ​គាត់​ត្រូវ​ទៅ​ធ្វើការ​ធ្ងន់ ​ហើយ​ជា​ទូទៅ​នៅ​តំបន់​ភូមិ​ភាគ​ពាយ័ព្យ​ហ្នឹង ​កម្រិត​អាហារ​ក៏​តិច​តួច ​ការងារ​ក៏​ធ្ងន់ធ្ងរ​ជាង​នៅ​តំបន់​ផ្សេង ​ហើយ​ភាគ​ច្រើន​ក៏​ស្លាប់​ដោយ​សារ​ជំងឺ​ដែរ។ ​ជា​ទូទៅ ​អ្នក​ដែល​ទៅ​ហ្នឹង​ បើ​សិន​ជា​រួចរស់​ជីវិត​មក​វិញ​ ភាគ​ច្រើន​បាន​មក​វិញ​តែ​ម្នាក់​ឯង។ អ៊ីចឹង​អ្នក​ទៅ​ហ្នឹង​ភាគ​ច្រើន​ស្លាប់​ទាំង​អស់»។

អ្នកនាង ​សាវីណា​ បាន​បញ្ជាក់​ថា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ដែល​ជា​ស្លាប​ដឹកនាំ​កាច់​ចង្កូត​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ ជា​អ្នក​ចេញ​បញ្ជា​ឱ្យ​មាន​ការ​ជម្លៀស​ទ្រង់​ទ្រាយ​ធំ​ជា​លើក​ទី​ពីរ​នេះ ​ដែល​មាន​រយៈ​ពេល​ចន្លោះ​ពី​អំឡុង​ចុង​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៧។

ដូចដែល​បាន​រៀប​រាប់​ខាង​ដើម ​ទិដ្ឋភាព​នៃ​ការ​ជម្លៀស​មាន​លក្ខណៈ​ចាប់​បង្ខំ ​និង​គ្មាន​ឡើយ​ពាក្យ​ថា​ ផាសុកភាព ​និង​មនុស្ស​ធម៌។ នេះ​បើ​តាម​ការ​ដំណាល​ឱ្យ​ដឹង​ជា​បន្ត​របស់​លោកស្រី ​លី ​ឆវី ​ដែល​ជា​សាក្សី។

«ដូច​ថា​ខ្ញុំ​នៅ​ទូ​ហ្នឹង​អ៊ីចឹង​ មាន​អ្នក​យាម​គេ​ពីរ​នាក់​ គេ​ដើរ​មើល​ ដើរ​ទៅ​ដើរ​មក​ គេ​មាន​ពិល​កាន់។ គេ​ដើរ​ទៅ​ដើរ​មក​មើល​អ៊ីចឹង ​អា​ណា​យំ​ខ្លាំង​អី ​វា​ស្រែក៖ ​មិន​បាច់​យំ​មិន​បាច់​អី​ទេ ​ជិត​ដល់​ហើយ ​ហ្អែង​តែ​យំ ​អញ​ចាប់​ហ្អែង​បោះទៅ​ដល់​ដី​ឥឡូវ។ អត់​ឱ្យ​ហ្អែង​ជិះ​រទេះ​ភ្លើង​ឥឡូវ»។

សាច់​ញាតិ ​បង​ប្អូន ​ឪពុក​ម្ដាយ​ សមាជិក​គ្រួសារ​ជាង​ពាក់​កណ្ដាល ​របស់​លោក​ស្រី​ លី​ ឆវី ​មិន​មាន​ជីវិត​ត្រលប់​មក​វិញ​ឡើយ។

នៅ​ចំ​ពេល​ដែល ​រថ​ភ្លើង​ខ្មែរ​មាន​ដង្ហើម​រស់​ឡើង​វិញ ​ជាមួយ​នឹង​ជំនួយ​ពី​បរទេស​ និង​ការ​វិនិយោគ​ពី​សំណាក់​ក្រុម​ហ៊ុន​ឯកជន​នោះ​ អ្នកនាង​ ស៊ិរិ ​សាវីណា​ បាន​លើក​ឡើង​ថា ​អ្នក​ដំណើរ​តាម​រថ​ភ្លើង​ជំនាន់​ថ្មី​នេះ​ គួរ​តែ​សិក្សា​ជា​មេរៀន​ផង​ដែរ​នូវ​ប្រវត្តិ​នៃ​ការ​ជម្លៀស​ដែល​មិន​សូវ​មាន​អ្នក​ដឹង​ឮ​មួយ​នេះ។

«ក្មេងៗ ​ក៏​គួរ​តែ​ដឹង​អំពី​ប្រវត្តិ​សាស្ត្រ ​និង​បទ​ពិសោធ​យ៉ាង​ម្ដេច​ខ្លះ ​ទាក់​ទង​នឹង​សម័យ​កាល​ផ្សេងៗ​ ជា​ពិសេស​នៅ​សម័យ​ខ្មែរ​ក្រហម​ហ្នឹង។ ​យើង​កុំ​ភ្លេច​ថា ​ហ្នឹង​ជា​ការ​បញ្ជូន​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ទៅ​តំបន់​ផ្សេងៗ​[តាម​រថ​ភ្លើង]​ហ្នឹង។ វា​ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​កាប់​សម្លាប់ ​ការ​បង្អត់​អាហារ ​និង​ការ​ធ្វើ​ការ​ធ្ងន់​អី​ជា​ដើម»។

លោក​ ច័ន្ទ​ សំឡេង​ ប្រធាន​នាយកដ្ឋាន​ផ្លូវ​ដែក ​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​ឱ្យ​ដឹង​ថា​ មិន​ត្រឹម​តែ​ប្រជាជន​ទេ​ដែល​រង​ទុក្ខ​ត្រូវ​បាន​ខ្មែរ​ក្រហម​ជម្លៀស​តាម​រថ​ភ្លើង ​សូម្បី​តែ​កម្មករ​ផ្លូវ​ដែក​មួយ​ចំនួន ​ក៏​ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់ ​និង​ធ្វើ​បាប​ឱ្យ​ធ្វើការ​ហួស​កម្លាំង​បង្ក​ជា​ការ​ឈឺចាប់

​«មិន​អាច​បំភ្លេច​បាន​មក​ទល់​នឹង​សព្វ​ថ្ងៃ»។

បើ​ទោះ​ជា​ខ្មែរ​ក្រហម​បាន​ប្រើ​ប្រាស់​រថភ្លើង​ដឹក​ជញ្ជូន​មនុស្ស​ដោយ​បង្ខំ​យ៉ាង​ណា​ក្ដី ​ក៏​ប៉ុន្តែ​រថភ្លើង​នេះ​ហើយ​ដែល​ ត្រូវ​បាន​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «​សត្រូវ​បង​ប្អូន​ឯង‍»​ របស់​អ្នក​កាសែត​ជន​ជាតិ​ឥណ្ឌា ណាយ៉ាន់ ចាន់ដា​ (Nayan Chanda) ​សរ​សេរ​ថា ​បាន​ជួយជម្លៀស​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​របប​នោះ ​គឺ​លោក​ អៀង​សារី ​នៅ​ព្រឹក​ថ្ងៃ​ទី​៧​មករា​ឆ្នាំ​១៩៧៩​គេច​ចេញ​ពី​ការ​វាយ​ដណ្ដើម​ទីក្រុង​ភ្នំពេញ​របស់​កង​ទ័ព​វៀតណាម៕

XS
SM
MD
LG