ក្រុមអ្នកស៊ើបអង្កេតអូស្រ្តាលីនិយាយថា ពួកគេកំពុងមានការទុកចិត្តកាន់តែខ្លាំងឡើងថា បំណែកយន្តហោះ ដែលបានរកឃើញអណ្តែតនៅលើកោះ Reunion ជាបំណែកយន្តហោះម៉ាឡេស៊ីជើងហោះហើរលេខ MH 370ដែលបានបាត់កាលពីខែមិនា ឆ្នាំ២០១៤ ដែលមានមនុស្ស២៣៩នាក់នៅលើនោះ។
លោក Martin Dolan ប្រធានអគ្គស្នងការការិយាល័យដឹកជញ្ជូនអូស្រ្តាលី បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃសុក្រនេះថា ក្រុមអាជ្ញាធរសង្ឃឹមនឹងអាចធ្វើការបញ្ជាក់ពីប្រភពដើមនៃបំណែកនោះក្នុងរយៈពេលប៉ុន្មានម៉ោងទៀតនេះ។
បំណែកប្រវែង២ម៉ែត្រនោះ ជាបំណែកស្លាបដែលបញ្ជាការហោះចុះហោះឡើង ដែលត្រូវគេរំពឹងថា នឹងទៅដល់ទីក្រុង Toulouse ប្រទេសបារាំងដើម្បីធ្វើការស៊ើបអង្កេតបន្ថែមនៅថ្ងៃសៅរស្អែកនេះ។ បំណែកនោះ បានត្រូវគេរកឃើញកាលពីថ្ងៃពុធនៅឆ្នេរសមុទ្រនៃកោះ Reunion ដែលស្ថិតនៅផ្នែកខាងកើតកោះម៉ាដាហ្គាស្កា និងស្ថិតនៅចម្ងាយជាង៣.៥០០ គីឡូម៉ែត្រពីយន្តហោះម៉ាក្ស Boeing 777 ដែលគេបានតាមឃើញជាលើកចុងក្រោយ។
ក្រុមអ្នកស៊ើបអង្កេតបារាំងនឹងព្យាយាមកំណត់ ថាតើលេខដែលបានរកឃើញនៅលើបំណែកនេះត្រូវគ្នានឹងយន្តហោះម៉ាឡេស៊ី ដែលបានបាត់ដ៏អាថ៌កំបាំងនៅពេលធ្វើដំណើរពីទីក្រុងកូឡាឡាំពួទៅកាន់ទីក្រុងប៉េកាំងដែរឬទេ។
ក្រុមអ្នកជំនាញ បាននិយាយថា ពួកគេជឿជាក់ថា លទ្ធផលនឹងមានលក្ខណៈវិជ្ជមាន ដែលផ្អែកលើទម្រង់ និងរន្ធដែលភ្ជាប់បំណែកទៅនឹងផ្នែកនានារបស់យន្តហោះនោះ៕