អ្នកធ្វើការលើផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ រួមមានកម្ពុជាផងដែរ នៅថ្ងៃចន្ទនេះ បានជួបជុំគ្នានៅប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីយន្តការធ្វើការរួមគ្នា ដើម្បីការពារអ្នកសារព័ត៌មានឯករាជ្យក្នុងប្រទេសនីមួយៗ។
កិច្ចពិភាក្សានេះធ្វើឡើងនៅរាជធានីភ្នំពេញ ដែលសមាគមខេមបូចា សហការជាមួយដៃគូពាក់ព័ន្ធដើម្បីរៀបចំសន្និសីទថ្នាក់តំបន់ក្រោមប្រធានបទ៖ «ការពង្រឹងកិច្ចសហប្រតិបតិ្តការ និងការការពារសេរីភាពសារព័ត៌មាន»។ អ្នកជំនាញដែលចូលរួមក្នុងសន្និសីទនេះ មកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសទីម័រ។ ពួកគេមកពីសម្ព័ន្ធនៃអ្នកសារព័ត៌មាននៃប្រទេសឥណ្ឌូណេស៊ី (AJI) សហជីពអ្នកសារព័ត៌មានជាតិនៃប្រទេសហ្វីលីពីន (NUJP) សម្ព័ន្ធនៃអ្នកសារព័ត៌មាននៃប្រទេសម៉ាឡេស៊ី មជ្ឈមណ្ឌលដើម្បីសារព័ត៌មានឯករាជ្យម៉ាឡេស៊ី និងសមាគមអ្នកសារព័ត៌មានប្រទេសទីម័រ (AJTL) ជាដើម។
ក្នុងពិធីបើកសន្និសីទនាព្រឹកថ្ងៃចន្ទ លោក ណុប វី នាយកប្រតិបត្តិសមាគមខេមបូចា ថ្លែងថា ភាគីពាក់ព័ន្ធត្រូវតែចាប់ផ្តើមគាំទ្រ និងបង្កើតឱ្យមានយន្តការដែលមានចីរភាព មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីជួយអ្នកសារព័ត៌មានក្នុងតំបន់។ លោកបន្ថែមថា យន្តការនេះទៀតសោតគួរតែបន្ថែមឱ្យមាននៅតាមមូលដ្ឋាន រួមទាំងតំបន់ឆ្ងាយពីទីក្រុង និងធ្វើឱ្យមានបន្ថែមទៀតនៅថ្នាក់តំបន់ ដែលលោកថា ដើម្បីបង្កើត«សម្ពន្ធភាពមិនអាចខ្វះបាន»។
លោក ណុប វី បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា យន្តការនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់នេះអាចជួយជំរុញយន្តការនិងស្ថាប័នដែលធ្វើកិច្ចការនៅក្នុងប្រទេសនីមួយៗ មានភាពរឹងមាំបន្ថែមទៀត តាមរយៈការកៀរគរធនធាន ការពង្រឹងសមត្ថភាព បង្កើតសាមគ្គីភាពនិងធ្វើកិច្ចការរួមគ្នា ដើម្បីធ្វើឱ្យមានសំឡេងកាន់តែរឹងមាំឡើង ក្នុងការដាក់ចេញនូវសកម្មភាពជួយគាំទ្រដល់អ្នកសារព័ត៌មាន»។
បើតាមលោក ណុប វី អ្នកពាក់ព័ន្ធក្នុងតំបន់អាចមានយន្តការ ដូចជាការបង្កើតនូវក្រុមប្រឹក្សាអ្នកសារព័ត៌មានជាតិ ការបង្កើតជម្រកសុវត្ថិភាពបណ្តោះអាសន្ន ស្ថាប័នសារព័ត៌មានសាធារណៈ សារព័ត៌មាននៅតាមសហគមន៍ ការបង្កើតបន្ថែមទៀតនូវមជ្ឈមណ្ឌលឬសាលាបណ្តុះបណ្តាលនិងហ្វឹកហ្វឺនសម្រាប់វិស័យសារព័ត៌មាន និងការបង្កើតឱ្យមានមូលនិធិឆ្លើយតបក្នុងគ្រាអាសន្នជាដើម។
ក្នុងសន្និសីទនោះដែរ អ្នកស្រី អ៊ីកា អ៊ិនយាស (Ika Ningtyas) អគ្គលេខាធិការនៃសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យមកពីប្រទេសឥណ្ឌូណេស៊ី (AJI) ថ្លែងថា ការធ្លាក់ចុះសេរីភាពសារព័ត៌មានត្រូវបានបង្ហាញតាមរយៈការកើនឡើងនូវនិទណ្ឌភាពក្នុងអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន។
អ្នកស្រីបន្ថែមថា ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងសម្ពាធនៃការកើនឡើងនៃរដ្ឋាភិបាលផ្តាច់ការ ការកើនឡើងការវាយប្រហារតាមប្រព័ន្ធឌីជីថល ព្រមទាំងច្បាប់រឹតត្បិតខ្លាំង ដែលនឹងអាចធ្វើឲ្យអ្នកកាសែតជាប់ពន្ធនាគារ។
អគ្គលេខាធិការរូបនេះលើកឡើង ដោយយោងតាមរបាយការណ៍អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ចេញផ្សាយឆ្នាំ ២០២២ នេះថា សេរីភាពសារព័ត៌មានរបស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ស្ថិតក្នុង «ស្ថានភាពដ៏អាក្រក់» ខណៈថា ប្រទេសមីយ៉ាន់ម៉ាមានចំណាត់ថ្នាក់ទាបជាងគេបង្អស់ បន្ទាប់ពីមានរដ្ឋប្រហារកាលពីឆ្នាំ ២០២១ ហើយចំណាត់ថ្នាក់បន្ទាប់ គឺប្រទេសកម្ពុជានិងហ្វីលីពីន ដែលនៅបន្តរងការវាយប្រហារជាបន្តបន្ទាប់ពីតួអង្គរដ្ឋនិងតួអង្គមិនមែនរដ្ឋ។
អ្នកស្រីបញ្ជាក់ថាក្នុងសម្តីដើមថា៖ «អង្គការអ្នកកាសែតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានបទពិសោធន៍ធ្វើការជាមួយគ្នាជាយូរមកហើយ ដើម្បីការពារនូវសេរីភាពសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ពួកយើងត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីពីអតីតកាល បំពេញចន្លោះខ្វះខាត ហើយវិវឌ្ឍទៅតាមតម្រូវការនៃពេលវេលា។ លំហឌីជីថលកំពុងរងការគំរាមកំហែងដ៏ស្រើបស្រាល ប៉ុន្តែពួកយើងអាចប្រើប្រាស់ឧបករណ៍នានាលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីពង្រីកនូវការសហការរបស់ពួកយើង ហើយទទួលបាននូវការគាំទ្រពីសាធារណជន ដើម្បីរួមគ្នាការពារសេរីភាពសារព័ត៌មាន»។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងនៅក្នុងសន្និសីទថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវលទ្ធិប្រជាធិបតេយ្យ ជាពិសេសជាប្រទេសឈានមុខគេនៅក្នុងតំបន់ដែលបានផ្តល់សច្ចាប័នលើទៅកតិកាសញ្ញានិងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ លោកបន្តថា សិទ្ធិសេរីភាពសារព័ត៌មានត្រូវបានការពារ និងធានាដោយច្បាប់ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជា ខណៈសារព័ត៌មាននៅកម្ពុជាសព្វថ្ងៃមានលក្ខណៈសម្បូរបែប និងទូលំទូលាយ។
លោកថ្លែងថា៖ «តាមរយៈការប្តេជ្ញាចិត្តដ៏មុតមាំនេះ បច្ចុប្បន្នវិស័យសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនជាលំដាប់។ ជាក់ស្តែង មធ្យោបាយនិងវិសាលភាពនៃការផ្សព្វផ្សាយកាន់តែសម្បូរបែប និងគ្របដណ្តប់គ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងទៅកាន់តំបន់និងពិភពលោកផងដែរ»។
គួរបញ្ជាក់ផងដែរថា កម្ពុជាស្ថិតនៅក្នុងចំណាត់ថា្នក់ទី ១៤៤ ក្នុងចំណោម ១៨០ប្រទេសនៃសន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ ២០២១។ នេះបើតាមការវាយតម្លៃរបស់អង្គការអ្នកកាសែតគ្មានព្រំដែន ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារំាង។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២២ នេះ អង្គការនេះឱ្យដឹងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ទី ១៤២ ក្នុងចំណោម ១៨០ ប្រទេស។ ចំណាត់ថ្នាក់នេះបន្តបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។
ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាស្ទើរតែទាំងអស់ត្រូវបានគ្រប់គ្រងដោយមន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា។ អ្នកតាមដានក៏បានបង្ហាញក្តីបារម្ភទៅលើការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលកម្ពុជាទៅលើអ្នកសារព័ត៌មានឯករាជ្យផងដែរ៕