បទសម្ភាសន៍៖ អ្នកជំនាញចង់ឃើញកម្ពុជាលើកកម្ពស់ស្ថានភាពសេរីភាពសារព័ត៌មានតាមរបាយការណ៍អ.ស.ប
អ្នកដឹកនាំក្រុមអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា បានទទូចថាអនុសាសន៍របស់អង្គការសហប្រជាជាតិ ទាក់ទងនឹងសេរីភាពព័ត៌មាននៅកម្ពុជាគឺជារឿងសំខាន់ដែលអាជ្ញាធរកម្ពុជាមិនគួរបដិសេធនោះទេ។ លោកបានទទូចថាអនុសាសន៍ដ៏មានសារ:សំខាន់ក្នុងរបាយការណ៍ចុងក្រោយកាលពីដើមខែសីហា ឆ្នាំ២០២២ គួរត្រូវបានគិតគូរនិងកែលម្អជាពិសេសការបញ្ចប់រឿងក្តីព្រហ្មទណ្ឌប្រឆាំងនឹងអ្នកសារព័ត៌មាន ធ្វើវិសោធនកម្មច្បាប់ឱ្យស្របតាមស្តង់ដាអន្តរជាតិចំពោះសិទ្ធិសេរីភាព បញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និង ដោះស្រាយបញ្ហាប្រឈមសម្រាប់អ្នកសារព័ត៌មានស្តី្រជាដើម។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងបែបនេះក្នុងបទសម្ភាសន៍ ជាមួយលោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»ដែលជាកម្មវិធីថ្មីមួយរបស់វីអូអេកាលពីថ្ងៃអង្គារទី២៣ ខែសីហា ឆ្នាំ២០២២។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖