ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប៖ ទង្វើ​របស់​អូស្ត្រាលី​ចំពោះ​ជន​ភៀស​ខ្លួន​ជា​ការ​រំលោភ បំពាន​ច្បាប់​អន្តរជាតិ​


ជនស្វែងរកសិទ្ធិជ្រកកោន​ធ្វើបាតុកម្ម​នៅ​កោះ Manus Island ប៉ាពូញូហ្គីនៀ​កាលពី​ថ្ងៃទី​០៣ វិច្ឆិកា ២០១៧។
ជនស្វែងរកសិទ្ធិជ្រកកោន​ធ្វើបាតុកម្ម​នៅ​កោះ Manus Island ប៉ាពូញូហ្គីនៀ​កាលពី​ថ្ងៃទី​០៣ វិច្ឆិកា ២០១៧។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ និង​ទីភ្នាក់​ងារ​ជនភៀស​ខ្លួន​អ.ស.ប. កំពុង​ថ្កោល​ទោស​លើ​គោល​នយោបាយ​របស់​ប្រទេស​អូស្ត្រាលី​ចំពោះ​ជនភៀស​ខ្លួន​៦០០​នាក់ និង​ជនស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​អតីត​ជំរំ​ជន​អន្តោប្រវេសន៍​របស់​អូស្ត្រាលី​នៅ​ប្រទេស​ប៉ាពូញូហ្គីនៀ។ ទីភ្នាក់ងារ​អ.ស.ប. ឲ្យ​ដឹង​ថា គោល​នយោបាយ​នោះ គឺ​ព្រៃផ្សៃ​និង​រំលោភបំពាន​ច្បាប់​សិទ្ធិ​មនុស្ស និង​ច្បាប់​ជន​ភៀស​ខ្លួន​អន្តរជាតិ។

ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ និង​ទីភ្នាក់​ងារ​ជនភៀស​ខ្លួន​អ.ស.ប. បាន​ព្រមាន​ថា គ្រោះ​អាសន្ន​ផ្នែក​មនុស្ស​ធម៌មួយ​កំពុង​លាតត្រដាង​ឲ្យ​ឃើញ​នៅ​ជំរំនៅលើកោះ Manus បន្ទាប់ពី​ការ​សម្រេច​របស់​អូស្ត្រាលី​ក្នុងការ​បិទ​មជ្ឈមណ្ឌល​ដែល​ផ្តល់​ការ​ជ្រកកោន​ដល់​ជនភៀស​ខ្លួន​ និង​ជនស្វែងរក​សិទ្ធិ​ជ្រក​កោន ​ហើយ​បាន​ដក​បុគ្គលិករបស់​ខ្លួន​ចេញ។

អ្នក​នាំ​ពាក្យ​នៃ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ លោក Rupert Colville និយាយ​ថា ទីភ្នាក់ងារ​របស់​លោក​ពិត​ជា​មាន​ការបារម្ភ​ជាខ្លាំង​ចំពោះ​សុខុមាលភាព​ ​និង​សុវត្ថិភាព​របស់​មនុស្ស​ជាង​៦០០​នាក់ ដែល​កំពុង​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ។ លោក​បាន​និយាយ​ថា ពួកគេ​ភ័យ​ខ្លាច​រហូត​មិន​ហ៊ាន​ចាក​ចេញ។​

«យើង​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ ដែល​ក្នុង​នាម​ជា​ភាគី​ដំបូង​គេ​បង្អស់​ដែល​បាន​បង្ខាំង​ពួក​គេ​ទុក ផ្តល់​ភ្លាមៗ​នូវ​ការការពារ​ អាហារ​ ទឹក និង​សេវា​ជា​មូលដ្ឋាន​ផ្សេងៗ​ ដែលត្រូវ​បាន​កាត់ផ្តាច់​តាំង​ពី​អាជ្ញាធរ​បាន​បិទ​មជ្ឈមណ្ឌល​នេះតាំង​ពី​ថ្ងៃទី​៣១​ ខែតុលា។ ជាង​នេះ​ទៅ​ទៀត​ ជន​ភៀស​ខ្លួន​ទាំង​នោះ​បា​ននិយាយ​ថា​ពួកគេ​មាន​ការ​ភ័យ​ខ្លាច​ថា ​ពួកគេ​នឹង​ត្រូវ​រង​អំពើ​ហិង្សា​ពី​ប្រជាជន​ក្នុង​ស្រុក​បើសិន​ជា​ពួកគេ​ចាកចេញ​ពី​បរិវេណ​មជ្ឈមណ្ឌល»។

លោក​ Colville និយាយ​ថា​កាលពី​មុន​ ជនភៀស​ខ្លួន​ទាំង​នោះ​ ធ្លាប់​ជា​ជន​រងគ្រោះ​ដោយសារអំពើហិង្សា ដូច្នេះ​ការ​ភ័យខ្លាច​ទាំង​នេះ​គួរ​តែ​ត្រូវ​បាន​ទទួលស្គាល់​ និង​ដោះ​ស្រាយ។ ទីភ្នាក់ងារ​ជនភៀស​ខ្លួន​អ.ស.ប. បាន​បញ្ជូន​បុគ្គលិក​ទៅកាន់​ទីតាំង​ និង​កំពុង​ត្រួត​ពិនិត្យ​ស្ថានការណ៍។

អ្នក​នាំពាក្យ​របស់​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ លោក Babar Baloch បាន​ប្រាប់​ VOA ថា ទីតាំង​ជំនួស​ដែលកំពុង​ត្រូវ​បាន​សាងសង់ដើម្បី​ផ្តល់​ទីជម្រក​ឲ្យជនភៀស​ខ្លួន​និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន មិន​ទាន់​សាងសង់​ហើយ​នោះ​ទេ។ លោក​និយាយ​ថា​ ភាព​តានតឹង​កំពុង​កើនឡើង​ខណៈដែល​មាន​បាតុកម្ម​កាន់តែ​ខ្លាំងក្លា ដែល​ធ្វើ​ឡើង​ដោយ​ប្រជាពលរដ្ឋ​ដែល​ប្រឆាំង​នឹង​យុទ្ធសាស្ត្រ​នេះ។​

«យើង​មាន​ការ​បារម្ភ​ណាស់។ គោល​នយោបាយ​រារាំង​របស់​ប្រទេស​អូស្ត្រាលី​តាម​រយៈ​ការសង្គ្រោះ​មនុស្ស​នៅ​តាម​សមុទ្រ ហើយ​ក្រោយមក​ធ្វើ​បាប​ពួកគេ​និង​បោះ​បង់​ពួកគេ​ចោល​បាន​ក្លាយជា​ សញ្ញាណ​មួយ​នៃ​ភាព​ព្រៃផ្សៃ។ ដូច្នេះ​យើង​កំពុង​ព្យាយាម​អំពាវនាវ​ដល់​ប្រទេស​អូស្ត្រាលី​ម្តង​ហើយ​ម្តងទៀត​ ឲ្យ​បំពេញ​កាតព្វកិច្ច​និង​ការទទួល​ខុស​ត្រូវ​របស់​ខ្លួន»។

លោក​ Baloch និយាយ​ថា គ្រោះអាសន្ន​មនុស្ស​ធម៌​នេះ គួរ​ត្រូវ​បាន​ដោះស្រាយ​តាម​វិធី​មនុស្សធម៌ ដោយ​ផ្អែក​លើ​មេត្តាធម៌​និង​ច្បាប់​អន្តរជាតិ។ ប្រទេស​អូស្ត្រាលី​បាន​កំណត់​កាលបរិច្ឆេទ​បិទ​មជ្ឈមណ្ឌល​នៅ​ជំរំ​នៅលើកោះ Manus បន្ទាប់ពី​តុលាការ​កំពូល​របស់​ប្រទេស​ប៉ាពូញូហ្គីនៀ បាន​កាត់ក្តី​សម្រេច​កាលពី​ឆ្នាំ​មុន​ថា​មជ្ឈមណ្ឌល​ឃុំឃាំងនេះ ​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដោយ​សារ​វា​បាន​រំលោភបំពាន​លើ​សិទ្ធិ​សេរីភាព​ផ្ទាល់ខ្លួន​របស់​ជនជាប់​ឃុំ។​

គោលនយោបាយជនភៀសខ្លួន​ដ៏​តឹងតែង​របស់​ប្រទេស​អូស្ត្រាលី​បាន​ក្លាយ​ជា​ឧបសគ្គ​មួយ​សម្រាប់​ជន​ស្វែង​រក​សិទ្ធជ្រក​កោន​ដែល​មក​ពី​មជ្ឈិមបូព៌ា​ ទ្វីបអាហ្វ្រិក​ និង​ទ្វីបអាស៊ី ក្នុង​ការចូល​មក​ក្នុង​ប្រទេស​នេះ​តាម​ទូក។ ដូច្នេះ​ពួកគេ​ធ្វើ​ដំណើរ​ទៅ​កោះ Manus ជំនួស​វិញ ​ឬ​ ក៏ទៅ​រក​មជ្ឈមណ្ឌល​ផ្សេង​នៅប្រទេសប៉ាពូញូហ្គីនៀ។ សកម្មជន​សិទ្ធ​មនុស្ស​បាន​រិះគន់​ស្ថានភាព​នៅ​ឯជំរំ​ទាំង​នោះ៕

ប្រែសម្រួល​ដោយ​ ទុំ ម្លិះ

XS
SM
MD
LG