ការិយាល័យសិទ្ធិមនុស្សរបស់អ.ស.ប. និងទីភ្នាក់ងារជនភៀសខ្លួនអ.ស.ប.បានថ្កោលទោសនយោបាយរបស់អូស្ត្រាលីចំពោះជនភៀសខ្លួននិងអ្នកសុំសិទ្ធិជ្រកកោនប្រមាណ៦០០នាក់ដែលនៅក្នុងអតីតជំរំជនអន្តោប្រវេសន៍នៅ Papua New Guinea។ ទីភ្នាក់ងារអ.ស.ប.និយាយថា នយោបាយនេះឃោរឃៅ និងរំលោភច្បាប់សិទ្ធិមនុស្សនិងជនភៀសខ្លួន។
ទីភ្នាក់ងារនេះបានព្រមានថា គ្រោះថ្នាក់មនុស្សធម៌កំពុងកើតមាននៅជំរំលើកោះ Manus Island ក្រោយពីអូស្ត្រាលីធ្វើការសម្រេចចិត្តបិទជំរំនោះ ដែលមានជនភៀសខ្លួននិងអ្នកសុំសិទ្ធិជ្រកកោនកំពុងរស់នៅ ហើយអូស្ត្រាលីបានដកបុគ្គលិកជំនួយរបស់ខ្លួន។
លោក Rupert Colville អ្នកនាំពាក្យទីភ្នាក់ងារសិទ្ធិមនុស្សនិយាយថា ទីភ្នាក់ងាររបស់លោកខ្វល់ខ្វាយអំពីសុខភាព សុខុមាលភាព និងសុវត្ថិភាពរបស់មនុស្សប្រមាណ៦០០នាក់ ដែលនៅក្នុងអ្វីដែលគេហៅថា «មជ្ឈមណ្ឌលស្នាក់នៅ»។ លោកនិយាយថា ពួកគេបារម្ភថា គេមិនអាចចាកចេញបានទេ។
លោកនិយាយថា អ្នកទាំងនោះធ្លាប់ជាជនរងគ្រោះ កាលពីអតីតកាល ដូច្នេះការភ័យខ្លាចនេះត្រូវតែគោរពនិងដោះស្រាយ៕