នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានជួបជាមួយនឹងមេដឹកនាំបារាំងនៅថ្ងៃអង្គារនេះនៅក្នុងទីក្រុងប៉ារីស ស្របពេលដែលលោកបន្តកិច្ចប្រឹងប្រែងរបស់លោកនៅក្នុងការបញ្ចុះបញ្ចូលមេដឹកនាំនានានៅទ្វីបអឺរ៉ុបឲ្យកែប្រែកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
លោក Netanyahu បានចាប់ផ្ដើមដំណើរទស្សនកិច្ចទ្វីបអឺរ៉ុបរយៈពេល ៣ ថ្ងៃរបស់លោកកាលពីថ្ងៃចន្ទម្សិលមិញនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះ លោកបានរំឭកអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ថា ការជ្រៀតជ្រែករបស់អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ាអាចបង្កឲ្យមានលំហូរជនភៀសខ្លួនដ៏ធំជាថ្មីទៅកាន់ទ្វីបអឺរ៉ុប។
នៅក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសន្និសីទព័ត៌មានរួមគ្នាមួយជាមួយនឹងលោកស្រី Merkel មេដឹកនាំអ៊ីស្រាអែលរូបនេះបាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ង់ចង់ធ្វើយុទ្ធនាការសាសនាមួយនៅក្នុងប្រទេសស៊ីរីដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាមនិកាយស៊ុននី ដោយប្រើកងជីវពលឥស្លាមនិកាយស៊ីអ៊ីតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឲ្យអ្នកកាន់សាសនាឥស្លាមនិកាយស៊ុននីប្ដូរជំនឿរបស់ខ្លួន។
លោក Netanyahu បាននិយាយថា៖ «ករណីនេះនឹងបង្កាត់ឲ្យមានភ្លើងសង្គ្រាមសាសនាមួយទៀតកើតឡើង ដែលពេលនេះគឺសង្គ្រាមសាសនានៅក្នុងប្រទេសស៊ីរី ហើយផលប៉ះពាល់គឺនឹងមានជនភៀសខ្លួនជាច្រើន»។
លោកស្រី Merkel បានបញ្ជាក់ថា លោកស្រីឯកភាពថា សកម្មភាពរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ាគឺជាការព្រួយបារម្ភមួយ ប៉ុន្តែលោកស្រីបានការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះថាជាមធ្យោបាយមួយដើម្បីរារាំងមហិច្ឆតានុយក្លេអ៊ែរ និងសាសនារបស់រដ្ឋាភិបាលអ៊ីរ៉ង់។
លោក Netanyahu នឹងជួបជាមួយនឹងប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃអង្គារនេះ និងជួបជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May នៅថ្ងៃពុធស្អែកនេះ៕