ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនភៀស​ខ្លួន​ភាគតិច​រ៉ូហ៊ីងយ៉ា​ចង់បាន​ការធានា​ខាង​សុវត្ថិភាព​មុនពេល​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ


ក្មេង​ៗជនជាតិ​រ៉ូហ៊ីងយ៉ា​លើក​ដៃ​របស់​ពួកគេ​ឡើង​លើ​ហើយ​ស្រែក​ថា​ពួកគេ​នឹង​មិន​ត្រឡប់​ទៅមីយ៉ាន់ម៉ា​វិញ​ទេ​អំឡុង​បាតុកម្ម​មួយ​នៅ​ក្បែរ​ Cox's Bazar ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃចន្ទ​ទី២២ មករា ២០១៨។
ក្មេង​ៗជនជាតិ​រ៉ូហ៊ីងយ៉ា​លើក​ដៃ​របស់​ពួកគេ​ឡើង​លើ​ហើយ​ស្រែក​ថា​ពួកគេ​នឹង​មិន​ត្រឡប់​ទៅមីយ៉ាន់ម៉ា​វិញ​ទេ​អំឡុង​បាតុកម្ម​មួយ​នៅ​ក្បែរ​ Cox's Bazar ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃចន្ទ​ទី២២ មករា ២០១៨។

​ជនភៀស​ខ្លួន​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​មាន​ការ​ព្រួយ​កង្វល់​អំពី​សុវត្ថិភាព​របស់​ពួកគេប្រសិន​បើ ត្រូវ​គេ​បង្ខំ​ឲ្យ​វិល​ត្រឡប់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ​​ដែល​នៅ​ទី​នោះ​ពួកគេ​បាន​រត់​គេច​ខ្លួន​ពី​អំពើ​ហិង្សា​និងការ​ធ្វើ​ទុក​បុកម្នេញ។​

ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ាកាន់​សាសនា​ឥស្លាម​ប្រហែល​មួយ​លាននាក់​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ដែលមិនត្រូវ​បាន​គេទទួល​ស្គាល់​នៅ​ក្នុង​ប្រ​ទេស​ដែល​មាន​អ្នកកាន់ពុទ្ធសាសនាភាគ​ច្រើន​នោះ ​បាន​រត់គេច​ខ្លួន​ទៅកាន់​ប្រ​ទេស​បង់​ក្លាដែស​ចាប់​តាំង​ពី​ទសវត្សរ៍​១៩៩០មក។ពួកគេ​ជាង​កន្លះ​លាន​នាក់​បាន​ទៅ​ដល់​ទើបតែ​កាល​ពី​ឆ្នាំ​ទៅ​បន្ទាប់​ពី​ការ​សងសឹករបស់​ពួក​យោធា​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​រដ្ឋRakhine ​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

បង់ក្លាដែស​និង​មីយ៉ាន់ម៉ា​បាន​ព្រម​ព្រៀង​គ្នា​ថា ​ជន​ជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ទាំងអស់​នឹង​ត្រូវ​វិល​ត្រឡប់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ​ក្នុង​រយៈ​ពេល​២ឆ្នាំ។ ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ចង់​បាន​ការ​ធានា​ថា ​ពួកគេ​នឹង​ត្រូវ​បាន​គេយក​ចិត្ត​ទុក​ដាក់​ដូចជា​ជន​ជាតិ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែរ។

កាល​ពី​ឆ្នាំ​ទៅ​យោធាមីយ៉ាន់ម៉ា​បាន​វាយ​ឆ្មក់​ទៅលើ​ភូមិ​មួយ​ចំនួន​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​នៅតំបន់​ភាគ​ខាង​លិច​រដ្ឋ Rakhine ​ដើម្បី​សងសឹក​ការវាយ​ប្រហារ​មួយ​របស់​ពួកឧទ្ទាម​ទៅលើ​ពួកអាជ្ញាធរ​មូលដ្ឋាន។ អំពើ​ហិង្សា​ប្រឆាំង​នឹង​ជន​ស៊ីវិល​បាន​បង្ខំ​ឲ្យ​មនុស្ស​ជាង​៥សែននាក់​រត់​គេច​ខ្លួន។​ ពួកគេ​ភាគ​ច្រើន​រស់​នៅ​ក្នុង​ជំរំ​នានា​នៅ​ព្រំដែន​ចូល​ក្នុង​ប្រទេស​បង់ក្លាដែស​ហើយ​មិន​ប្រាកដ​ថា តើ​ការ​វិល​ត្រឡប់​ទៅកាន់ប្រទេស​មីយ៉ាន់ម៉ា​វិញ ​នឹង​មាន​សុវត្ថិភាព​ដែរឬទេ។ លោក Noor Hossain ​ជា​អាចារ្យ​ឥស្លាម​បាន​និយាយថា៖ «មីយ៉ាន់ម៉ា​ត្រូវ​តែ​សង​សំណង​ដល់​អ្នកកាន់​សាសនា​ឥស្លាម​ដែល​ពួកគេ​បាន​សម្លាប់ សង​សំណងចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​គេ​បាន​លួច​និង​ដីស្រែ​និង​គោដែល​គេ​បាន​បំផ្លាញ។​ ពួកគេ​ត្រូវ​តែ​ប្រគល់​ផ្ទះ​សម្បែងមក​ឲ្យ​យើង​វិញ។ ប្រសិន​បើ​ ​ពួកគេ​បង្ហាញ​នូវ​យុត្តិធម៌​ដល់​យើង ​យើងអាច​ត្រឡប់​ទៅកាន់​ផ្ទះ​សម្បែង​របស់​យើង​វិញ។ យើង​ជាអ្នកកាន់​សាសនា​ឥស្លាម​បាន​ប្រុង​ប្រៀបវិលត្រឡប់ទៅកាន់​ផ្ទះ​សម្បែង​វិញ​ហើយ ​ក៏ប៉ុន្តែ ​ពួកគេ​ត្រូវ​តែ​ផ្តល់​សិទ្ធិ​ជាជន​ជាតិរ៉ូហ៊ីងយ៉ា​ដល់​យើងវិញ‍»។

មីយ៉ាន់ម៉ា​មិន​ទទួល​ស្គាល់​ជន​ជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជា​ពលរដ្ឋ​របស់​ខ្លួន​បាន​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ជន​គ្មាន​រដ្ឋ។​ សហគមន៍​អន្តរជាតិ​បាន​ថ្កោលទោស​រដ្ឋាភិបាល​ចំពោះ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជន​ស៊ី​វិល​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ដែល​ត្រូវបាន​អង្គការ​សហប្រជាជាតិ​ចាត់ទុកថា «ជា​ការ​បោស​សម្អាតជនជាតិ​ភាគតិច‍»។លោក Yunus Arman ​សកម្មជន​ជន​ជាតិ​ភាគ​តិចរ៉ូហ៊ីងយ៉ា​បាន​ថ្លែងថា៖ «​ដោយ​ហេតុ​នេះ​ហើយ​បាន​ជាមានការ​លំបាកបំផុត​ក្នុងការ​ស្នាក់​នៅ​ក្នុងប្រទេស​មីយ៉ាន់ម៉ា​នៅ​ពេល​នេះ។​ ខ្ញុំ​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​បង់​ក្លាដែស ​អង្គការ​សហប្រជាជាតិ​និង​ទៅកាន់​អង្គការ​សិទ្ធិមនុស្ស​ផ្សេងៗទៀត សូម​មេត្តា​យក​ចិត្ត​ទុកដាក់​ដល់ពលរដ្ឋ​ទាំងនោះ​ជា​មនុស្ស​ជាតិ​ក្នុង​ពិភពលោក ​ពីព្រោះ​មីយ៉ាន់ម៉ា​មិនមែន​ជា​ប្រទេស​សប្បាយ​រីករាយ​សម្រាប់​យើង​ទេ‍»។

​ទី​ភ្នាក់​ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​មិនត្រូវ​គេ​បង្ខំ​ឲ្យ​វិលត្រឡប់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញទេ ​ក៏ប៉ុន្តែ​ទី​ភ្នាក់​ងារ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​នេះ​បាន​ស្នើ​ធ្វើ​ការ​សម្រប​សម្រួល​ដល់​ការវិលត្រឡប់​ទៅកាន់​ប្រទេស​វិញនេះ។ លោក Kevin J. Allen ​នៃ​ទី​ភ្នាក់​ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយថា៖ «យើងបាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ដើម្បី​ផ្តល់​ការគាំទ្រ​ខាង​បច្ចេកទេស​របស់​យើង ​ការិយាល័យ​ដ៏​ល្អ​របស់​យើងប្រចាំ​នៅ​រដ្ឋាភិបាល​ទាំង​២​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ​គម្រោងនោះ​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ធ្វើឲ្យការ​សម្តែង​មតិ ​ការ​ព្រួយ​កង្វល់​របស់​ជន​ភៀស​ខ្លួន​ត្រូវបាន​គេដឹងឮ ​ពួកគេ​អាច​វិល​ត្រឡប់​ទៅកាន់​ផ្ទះ​សម្បែង​វិញ​ក្នុងលក្ខខណ្ឌ​នៃ​ការ​ស្ម័គ្រ​ចិត្តដែល​មាន​សុវត្ថិភាព​ហើយ​នឹង​មាន​សេចក្តី​ថ្លៃ​ថ្នូរ‍»។

អ្នកនាំ​ពាក្យ​របស់​អង្គការ​សហប្រជាជាតិ​នោះបាន​និយាយថា ​ជន​ភៀស​ខ្លួន​បាន​សង្កត់​លើ​លក្ខខណ្ឌ​៣​សម្រាប់​ការ​វិល​ត្រឡប់ទៅកាន់​ផ្ទះ​សម្បែង​របស់​ខ្លួនវិញ។ «លក្ខខណ្ឌ​ទី​១គឺ​ថា ពួកគេ​ចាំបាច់​មើល​សេចក្តី​សម្រេច​អំពី​ឋានៈ​ភាព​ខាង​ផ្លូវ​ច្បាប់​របស់​ខ្លួនគឺបញ្ហា​សញ្ជាតិ។ លក្ខខណ្ឌ​ទី២ គឺ​ត្រូវមាន​បរិយាកាស​សុវត្ថិភាព​និង​ការធានា​ដល់​ការ​វិល​ត្រឡប់។​ លក្ខខណ្ឌ​ទី៣ តម្រូវការ​សម្រាប់​ការ​ខំ​ប្រឹង​ប្រែង​ស្ថាបនា​និង​ការអភិវឌ្ឍន៍ផ្ទះ​សម្បែងឡើងវិញ​ដែល​ពួកគេ​មាន​បរិយាកាស​មួយ​ដែល​អាចវិលត្រឡប់​ទៅ​កាន់ផ្ទះ​សម្បែងខ្លួន​វិញ ដែល​ពួកគេ​ពេញ​ចិត្តនឹង​សិទ្ធិ​ដ៏​ពេញ​លេញ​របស់​ខ្លួន‍»។

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌​មាន​ថា ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នឹង​អាច​ដាក់​ពាក្យ​សុំ​សញ្ជាតិ​ «បន្ទាប់​ពី​ពួកគេឆ្លងកាត់​ដំណើរ​ការ​ពិនិត្យ​ពិច្ច័យ‍»។ មន្រ្តី​មីយ៉ាន់ម៉ា​បាន​និយាយ​ថា ​ភូមិ​របស់​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីង យ៉ា​បាន​ទទួល​រងការវាយ​ឆ្មក់នៅ​ក្នុងការ​តាមរក​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ ​ហើយ​បាន​ទទួល​ស្គាល់​ថា ​ទាហាន​បាន​សម្លាប់​អ្នកភូមិ​ខ្លះ។​ ក៏ប៉ុន្តែ ​ពួកគេ​មិន​ដែល​បាន​អនុញ្ញាត​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​នៅ​ទីកន្លែង​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG