មន្រ្តីសុខាភិបាលបានឲ្យដឹងថាអ្នកធ្លាប់ឆ្លងជំងឺកូវីដ១៩រួចហើយ «មិនមានភាពចាំបាច់» ក្នុងការចាក់វ៉ាក់សាំងភ្លាមៗនោះទេ ក្រោមហេតុផលថាពួកគេមានអង្គបដិបក្ខ ឬអង់ទីក័រការពារយ៉ាងតិច៦ខែ។
នេះជាការលើកឡើងរបស់អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ដែលបានប្រាប់សារព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល កាលពីចុងសប្តាហ៍។
អ្នកស្រីបានឲ្យដឹងថាមានករណីតិចតួចប៉ុណ្ណោះទៅលើអ្នកចាក់វ៉ាក់សាំងពីរដូសរួចហើយ ប៉ុន្តែឆ្លងជំងឺកូវីដ១៩។ អ្នកស្រីបន្ថែមថាសរីរាង្គរបស់បុគ្គលដែលឆ្លងកូវីដ១៩ រួចហើយជាសះស្បើយវិញបានឆ្លើយតបទៅនឹងវីរុសជំងឺកូវីដ១៩ ដែលនេះមានន័យថាបុគ្គលនោះមានអង្គការពារប្រឆាំងនឹងជំងឺនេះរហូតដល់៦ខែទៅ៨ខែ។
អ្នកស្រីបានប្រាប់សារព័ត៌មាន Freshnews តាមខ្លឹមសារដើមបន្តថា៖ «អ៊ីចឹងនេះបង្ហាញថាម៉េច? បង្ហាញថាគាត់មានភាពស៊ាំក្នុងខ្លួនរបស់គាត់ហើយ។ អ៊ីចឹងអត់មានភាពចាំបាច់អីទៅចាក់វ៉ាក់សាំងទេ។ បើយើងមានទៅហើយ យើងទៅចាក់ធ្វើអី។ វាអត់មានភាពចាំបាច់»។
បើតាមអ្នកស្រី ឱ វណ្ណឌីន អ្នកឆ្លងជំងឺកូវីដ១៩រួចហើយ មិនដែលឆ្លងជាថ្មីនោះទេ បើទោះកម្ពុជាកំពុងប្រឈមនឹងការឆ្លងច្រើនក៏ដោយ។
គួរបញ្ជាក់ថាទិន្នន័យរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃអង្គារនេះបង្ហាញថាអ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានប្រមាណ៧៧.០០០នាក់ ក្នុងចំណោម៨៣.០០០នាក់ ដែលភាគច្រើនឆ្លងចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលគិតមានដល់ពេលនេះ មានរយៈពេលជិត៦ខែមកហើយ។
បើគិតមកដល់ថ្ងៃទី៩ ខែសីហានេះ កម្ពុជាចាក់វ៉ាក់សាំងដល់ពលរដ្ឋ៨លាន៣សែននាក់។ រដ្ឋាភិបាលបានដាក់ផែនការចាក់ដល់ពលរដ្ឋប្រមាណ១៣លាននាក់ក្នុងចំណោមពលរដ្ឋសរុប១៦លាននាក់៕