ការបារម្ភអំពីការកើនឡើងយ៉ាងខ្លាំងនៃករណីចំនួនការឆ្លងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បាននាំឲ្យទីផ្សារភាគហ៊ុនពិភពលោកសំខាន់ៗធ្លាក់ចុះកាលពីថ្ងៃចន្ទ។
ទីផ្សារភាគហ៊ុននានាបានប្រតិកម្មទៅនឹងការរាយការណ៍របស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃអាទិត្យអំពីករណីឆ្លងថ្មីនៃវីរុសដែលបង្កជំងឺកូវីដ១៩ នៅជំវុញពិភពលោក មានចំនួនរហូតដល់១៨៣.០០០នាក់ ដែលជាចំនួនឆ្លងថ្មីច្រើនជាងគេបំផុតក្នុងមួយថ្ងៃចាត់តាំងពីមានការផ្ទុះរាតត្បាតជំងឺនេះមក។
នៅអឺរ៉ុប ទីផ្សារហ៊ុននៅក្រុងឡុងដ៍ ប៉ារីស និងហ្វ្រង់ហ្វួតប្រទេសអាល្លឺម៉ង់ សុទ្ធតែបានធ្លាក់តម្លៃពី០,៣%ដល់០,៧%។
នៅទ្វីបអាស៊ីវិញ ផ្សារហ៊ុនមានភាពចម្រុះ ដោយទីផ្សារ Nikkei នៃទីក្រុងតូក្យូ ផ្សារ KOSPI នៅក្រុងសេអ៊ូល និងផ្សារ Hang Seng ក្នុងក្រុងហុងកុងបានធ្លាក់ចុះ ខណៈផ្សារហ៊ុននៅក្រុងមុំបៃប្រទេសឥណ្ឌា និងផ្សារហ៊ុននៅតៃវ៉ាន់ បានការកើនឡើង។
អង្គការសុខភាពពិភពលោក WHO និយាយថា ប្រទេសប្រេស៊ីលនាំមុខគេចំពោះចំនួនកើនឡើងច្រើនក្នុងមួយថ្ងៃនេះ ដោយមានករណីឆ្លងថ្មី ៥៥.០០០នាក់ បន្ទាប់មកមានសហរដ្ឋអាមេរិកដែលមានការឆ្លងថ្មីក្នុងថ្ងៃអាទិត្យ ៣៦.០០០នាក់ និងទី៣គឺឥណ្ឌាដែលមានការឆ្លងថ្មី១៥.០០០ករណី។
គិតត្រឹមថ្ងៃចន្ទ នៅជុំវិញពិភពលោកវីរុសកូរ៉ូណាបានឆ្លងដល់មនុស្សជិត៩លាននាក់ (៨.៩៧៥.០០០) ហើយមានអ្នកស្លាប់ពីជំងឺកូវីដ១៩ជាង៤៦៨.០០០នាក់៕