ប្លុកមួយនៃប្រទេសអាស៊ីអាគ្នេយ៍បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិននៅពេលដែលសកម្មភាពសេដ្ឋកិច្ចបានកើនច្រើនដល់ភាគីទាំងពីរនៅពេលមានដំណើរការយឺតនៅក្នុងផ្នែកមានធនធានច្រើននៃពិភពលោកដោយសារមានការរាត្បាតជាសាកលនៃជំងឺកូវីដ១៩។
ទីភ្នាក់ងារព័ត៌មាន Xinhua ជាផ្លូវការនៃប្រទេសចិនបានផ្សាយថាក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២០ ពាណិជ្ជកម្មរវាងប្លុកប្រទេសជាតិអាស៊ីអាគ្នេយ៍និងផ្សារចិនដ៏ធំធេងបានឡើងដល់២៤០ពាន់លានដុល្លារគឺកើនឡើង៤,២% លើសរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយនឹងប្លុកនេះស្មើនឹងប្រមាណ១៥%នៃពាណិជ្ជកម្មសរុបរបស់ចិននៅទូទាំងពិភពលោក។
ប្រទេសចិនដែលមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកបានចាប់ផ្តើមបន្ធូរវិធានការទប់ទល់នឹងជំងឺកូវីដ១៩ដែលមានរួមបញ្ជូលការបិទរោងចក្រកាលពីខែមីនា ហើយបន្ទាប់មកក៏មានការធ្វើដូច្នេះដែរដោយប្រទេសវៀតណាមនិងប្រទេសម៉ាឡេស៊ី។ ប្រទេសភាគច្រើនក្នុងបស្ចឹមប្រទេសនៅតែមានបញ្ហាជាមួយការបិទប្រទេស ការកាត់បណ្តាញផ្គត់ផ្គង់និងពួកអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគមិនសូវទិញទំនិញ។
លោក Jonathan Ravelas ជាប្រធានអ្នកយុទ្ធសាស្ត្រខាងផ្សាតធ្វើការនៅឯធនាគារ Banco de Oro Unibank ក្នុងក្រុងម៉ានិល។ លោកបាននិយាយថា៖ «វិធីយើងធ្វើការគឺយើងគឺយើងគិតពិចារណាតែបញ្ហាមួយដើម្បីយើងអាចដោះស្រាយកិច្ចការជាមួយដៃគូយើងបានល្អប្រសើរ»។
លោក Ravelas បានថ្លែងថែមទៀតថា៖ «ហើយនេះជាហេតុផលមួយនាំឱ្យសេដ្ឋកិច្ចមានដំណើរការល្អវិញក្នុងទ្វីបអាស៊ី។ ប្រសិនលោកអ្នកពិនិត្យមើលវិធីដែលពួកគេដោះស្រាយបញ្ហាជំងឺកូវីដ១៩ ពួកអាស៊ីចាត់វិធានការបិទប្រទេសច្រើនជាងនៅក្នុងពួកបស្ចឹមប្រទេស»។
ប្លុកប្រទេសដែលគេស្គាល់ថាប្រទេសអាស៊ាន បានពង្រីកទំនាក់ទំនងជាមួយប្រទេសចិនជាង២០ឆ្នាំមកហើយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឧស្សាហូបនីយកម្មនិងការនៅជិតគ្នាខាងភូមិសាស្ត្រក៏បានបន្ថយសោហ៊ុយនៃការដឹកជញ្ជូនតាមកប៉ាល់ដែរ។
សហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មធំជាងគេនៃប្រទេសចិនកាលពីឆ្នាំទៅមិញក្រោយពីបានច្រានស.រ.អា.ចេញ។ ក្រុមហ៊ុនពិគ្រោះយោបល់ខាងធុរកិច្ច Dezan Shira and Associates និយាយថាការបិទដើម្បីទប់ទល់នឹងមេរោគវីរុសកូរ៉ូណាបានធ្វើឱ្យពាណិជ្ជកម្មរវាងសហភាព អឺរ៉ុបនិងប្រទេសចិនយឺតយ៉ាវក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០។ លោក Rajiv Biswas ដែលជាប្រធានអ្នកសេដ្ឋសាស្ត្រនៃក្រុមហ៊ុន HIS ក្នុងប្រទេសសិង្ហបុរីបាននិយាយថារោងចក្រគ្មានដំណើរការក្នុងទ្វីបអឺរ៉ុបទិញគ្រឿងបន្លាស់តិចជាងមុនពីប្រទេសចិនហើយដឹកទំនិញដែលផលិតហើយ ដូចជាឡានជាដើម តិចជាងមុនទៅប្រទេសចិន។
ស.រ.អា.លែងជាដៃគូធំរបស់ប្រទេសចិនទៀតហើយដោយសារតារាងពន្ធគយនាំទំនិញចូលខ្ពស់ដែលជាកើតចេញពីសង្គ្រាមពាណិជ្ជកម្មជាងពីរឆ្នាំរវាងប្រទេសចិននិងស.រ.អា.។ ការចុះថយច្រើននៃការទិញទំនិញដោយពួកអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគនៅពេលមានការបិទប្រទេសក្នុងស.រ.អា.ក៏បានកាត់បន្ថយពាណិជ្ជកម្មថែមទៀត។
លោក Biswas បាននិយាយថា៖ «ពាណិជកម្មរបស់ចិនជាមួយអាស៊ីអាគ្នេយ៍ធំជាងជាមួយស.រ.អា.ដោយសារមានសង្គ្រាមពាណិជ្ជកម្មហើយការបិទប្រទេសនៅឆ្នាំនេះ ក៏មានផលប៉ះពាល់លើពាណិជ្ជកម្មរវាងចិននិងស.រ.អា.ដែរ។ ភាគច្រើននៃទ្វីបអឺរ៉ុបក៏មានផលប៉ះពាល់ខ្លាំងដែរហើយកំពុងបិទប្រទេសគឺចាប់តាំងពីខែមីនា មេសានិងភាគច្រើននៃខែឧសភាផងដែរ»។
អាស៊ានបានត្រៀមខ្លួនរួចហើយ។ ភាគីទាំងពីរបានកាត់បន្ថយសោហ៊ុយនៃការនាំទំនិញចេញ ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនយកពន្ធគយដែលបានចូលជាធរមានកាលពីឆ្នាំ២០១០។ កិច្ចព្រមព្រៀងទូលំទូលាយមួយហៅថា Regional Comprehensive Economic Partnership ត្រូវរំពឹងថានឹងសម្រួលពាណិជ្ជកម្មថែមទៀតនៅក្រោយសមាគមអាស៊ាន និងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងឆ្នាំនេះ។
កំណើនប្រាក់ចំណូលក្នុងចំណោមប្រជារាស្ត្រ៦៤០លាននាក់នៃអាស៊ីអាគ្នេយ៍អនុញ្ញាតឱ្យទំនិញចិនច្រើនជាងមុនដូចជាទូរស័ព្ទទំនើប ជាដើមលក់ដាច់ច្រើននៅក្នុងផ្សារ។
ឧស្សាហូបនីយកម្មនៃពួកប្រទេសសមាជិកនៃសមាគមអាស៊ន បាននាំឱ្យរោងចក្រទិញវត្ថុធាតុដើមពីប្រទេសចិនហើយផលិតទំនិញ ដែលជាញឹកញយដឹកយកទៅលក់ឲ្យចិនវិញ។
ក្រុមហ៊ុន Dezan Shira បាននិយាយនៅក្នុងកំណត់ស្រាវជ្រាវមួយថាការដឹកជញ្ជូនទៅក្នុងប្រទេសចិននូវទំនិញពីរោងចក្រវៀតណាមបានកើនឡើង២៤%នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។តម្លៃទំនិញពីប្រទេសឥណ្ឌូណេស៊ី បានកើនឡើងជាងឆ្នាំមុន ចំនួន១៣% ដោយសារមាន«បណ្តាញផ្គត់ផ្គង់រួមគ្នាកើនច្រើនជាងមុន»។
លោក Biswas បាននិយាយថាការនាំចូលនូវឧបករណ៍សម្រាប់តម្លើងគ្រឿងអេឡិចត្រូនិច ទៅក្នុងប្រទេសចិន បានកើនឡើង២៦%ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ មួយផ្នែកដោយសារមានការបង្អាក់បណ្តាញផ្គត់ផ្គង់ពីអឺរ៉ុប។ លោកបានថ្លែងថារោងចក្រនៅក្នុងប្រទេសម៉ាឡេស៊ីនិងប្រទេសថៃនៅតែអាចផលិតឧបករណ៍ទាំងនេះ។
លោក Song Seng Wun ជាអ្នកសេដ្ឋសាស្ត្រនៅក្នុងអង្គភាពធនាគារឯកជននៃធនាគារ CIMB ក្នុងប្រទេសសិង្ហបុរី។ លោកបាននិយាយថាប្រទេសចិននៅតែទិញប្រេងចំអិនអាហារ កៅស៊ូនិងម្ហូបអាហារផលិតសម្រាប់ទុកយូរបានពីអាស៊ីអាគ្នេយ៍។ លោក Song បានថ្លែងថា«នៅពេលដែលប្រទេសនានា នាំគ្នាបើកប្រទេសឲ្យមានដំណើរការឡើងវិញ ហើយមានភាពរឹងមាំឡើងវិញ គេនឹងឃើញសកម្មភាពសេដ្ឋកិច្ចកើនច្រើនឡើងវិញ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ