ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិក លោក Jerome Powell បានបញ្ជាក់ប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារម្សិលមិញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនឹងមិនចាប់ផ្ដើមងើបឡើងវិញពេញលេញនោះទេ រហូតទាល់តែប្រជាពលរដ្ឋទូទៅជឿថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នេះ អាចគ្រប់គ្រងបាន។
នៅពេលផ្ដល់សក្ខីកម្មដល់គណៈកម្មាធិការធនាគារនៃព្រឹទ្ធសភា លោក Powell ដែលបង្ហាញខ្លួនតាមអនឡាញ បាននិយាយថា មានដំណឹងល្អខ្លះដែរកាលពីខែឧសភា ដោយសារមានការកើនឡើងតិចតួចប៉ុណ្ណោះនៃភាពអត់ការងារធ្វើ និងការលក់រាយ ដែលប្រហែលជាបណ្ដាលមកពីប្រសិទ្ធភាពនៃកញ្ចប់ថវិកាជួយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដែលបានអនុម័តកាលពីដើមឆ្នាំនេះ។
លោក Powell ក៏បានបញ្ជាក់ផងដែរថា ដោយសារតែកន្លែងអាជីវកម្មជាច្រើនបានបើកដំណើរការឡើងវិញ ឬក៏យ៉ាងហោចណាស់បើកដំណើរការឡើងវិញមួយផ្នែក នៅក្នុងពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ករណីនេះប្រហែលជាបង្កើតឲ្យមាននូវអ្វីដែលលោកហៅថា «ការវិលត្រឡប់មកវិញ»។
ប៉ុន្តែ លោកបាននិយាយថា ការងើបឡើងវិញតិចតួចនៃសេដ្ឋកិច្ចនេះគឺមិនស្មើនឹងកម្រិតនៃសេដ្ឋកិច្ចកាលពីខែកុម្ភៈ មុនពេលការដាក់កំហិតត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នោះទេ។
លោក Powell ថា ប្រសិនបើការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅពេលបច្ចុប្បន្ននេះបន្តកាន់តែយូរ នោះការខូចខាតសេដ្ឋកិច្ចរយៈពេលវែងនឹងអាចកាន់តែខ្លាំង។
លោក Powell បង្ហាញការព្រួយបារម្ភចំពោះអាជីវកម្មតូចតាច ដែលលោកបាននិយាយថា បានរងគ្រោះខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ នេះ។ លោកថា ប្រសិនបើអាជីវកម្មខ្នាតតូច និងខ្នាតមធ្យម មិនអាចបង់បំណុលបាន នោះវានឹងប៉ះពាល់ដល់បេះដូងនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក៕