ប្រទេសចិនបានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងពន្យារពេលដល់ប្រទេសចំនួន ៧៧ ដែលមានប្រាក់ចំណូលទាប សម្រាប់ការសងបំណុលឡើងវិញ ដែលជាផ្នែកមួយនៃកម្មវិធីសម្រាលបំណុលរបស់ក្រុមប្រទេស G-20។
ការប្រកាសនេះបានផ្តល់ឱ្យប្រទេសចិននូវកម្លាំងនយោបាយមួយ ជាមួយសម្ព័ន្ធមិត្តបរទេស នៅចំពេលដែលប្រទេសចិនកំពុងស្ថិតនៅក្រោមការពិនិត្យពិច័យ ទាក់ទិននឹងតួនាទីរបស់ខ្លួនពាក់ព័ន្ធជាមួយនឹងការផ្ដើមដំបូងនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
គេនៅតែមិនដឹងច្បាស់លាស់អំពីថា តើប្រទេសចិននឹងមានឥទ្ធិពលនយោបាយខ្លាំងបែបណានោះ។នៅពេលដែលលោកអនុរដ្ឋមន្ត្រីការបរទេសចិន Ma Zhaoxu ប្រាប់អ្នកកាសែតនៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃច័ន្ទទី ៨ ខែមិថុនា ថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងពន្យារពេលដល់ប្រទេស និងតំបន់ចំនួន ៧៧ សម្រាប់ការសងបំណុលដល់ចិន លោកមិនបានផ្តល់សេចក្តីលម្អិតទេ ទាក់ទិននឹងប្រទេសដែលទទួលបានការលើកលែងនេះ ចំនួនបំណុលដែលពាក់ព័ន្ធ និងលក្ខខណ្ឌនៃការផ្អាកការសងបំណុលនេះ។
នៅពេលបច្ចុប្បន្ននេះ ប្រទេសចិនគឺជាប្រទេសដែលផ្ដល់កម្ចីច្រើនជាងគេបំផុតនៅលើពិភពលោកដោយមានកម្ចីមិនទាន់សងមានចំនួនលើស ៦% នៃផលិតក្នុងស្រុកសរុបរបស់សាកលលោក។
ការសិក្សាស្រាវជ្រាវមួយកាលពីពេលថ្មីៗនេះដោយទស្សនាវដ្ដី Harvard Business Review បានរកឃើញថា ក្នុងចំណោមក្រុមប្រទេសកំពុងអភិវឌ្ឍចំនួន ៥០ ដែលជាប់បំណុលច្រើនបំផុត ប្រមាណ ១៥% នៃបំណុលសរុបទាំងអស់ គឺជំពាក់ប្រទេសចិន។
ការឆ្លងរាតត្បាតជាសាកលនៃវីរុសកូរ៉ូណាបានធ្វើឱ្យមានបញ្ហាធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសាកលលោក ហើយវិស័យហិរញ្ញវត្ថុផ្ទាល់របស់ប្រទេសចិនក៏មានបញ្ហាបែបនេះដែរ។
កាលពីចុងខែឧសភា នៅក្នុងការប្រជុំរបស់សភាជាតិចិន លោកនាយករដ្ឋមន្ត្រី Li Keqiang បានព្រមានថា រដ្ឋាភិបាលនៅគ្រប់កម្រិតទាំងអស់ត្រូវរឹតបន្តឹងថវិកា ហើយរដ្ឋាភិបាលកណ្តាលគួរនាំមុខនៅក្នុងការចាត់វិធានការនេះ។
អត្រាផ្លូវការនៃអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសចិន កាលពីខែមេសា មាន ៦% គឺខ្ពស់ជាងអត្រាកាលពីខែមីនាបន្តិច។ ក៏ប៉ុន្តែ សេដ្ឋវិទូនានាបានប៉ាន់ប្រមាណថា អត្រាអ្នកគ្មានការងារធ្វើពិតប្រាកដមានចំនួន ២០,៥% កាលពីខែមេសា ដោយមានមនុស្សគ្មានការងារធ្វើយ៉ាងហោចណាស់ ៧០ លាននាក់។
លោក Li Keqiang បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតម្នាក់នៅក្នុងការប្រជុំទាំងពីរ កាលពីថ្ងៃទី ២៨ ខែឧសភា ថា ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមនៅក្នុងប្រទេសចិន គឺប្រហែល ៤,២៥០ ដុល្លារអាមេរិក ក្នុងមួយខែ ប៉ុន្តែ មនុស្សប្រហែល ៦០០ លាននាក់ អាចរកចំណូលបានតែ ១៤០ ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ។ លោកក៏បានថ្លែងផងដែរថា នៅតាមទីក្រុងទំហំមធ្យម វាប្រហែលជាពិបាកនៅក្នុងការស្វែករកផ្ទះជួលក្នុងកម្រិតប្រាក់បៀវត្សរ៍នេះ។
ជាការកត់សម្គាល់ មន្ត្រីរដ្ឋាភិបាលចិនហាក់ដូចជាមិនប្រាកដប្រជាអំពីសេដ្ឋកិច្ចទេ ដែលជាលើកដំបូងហើយចាប់តាំងពីឆ្នាំ ១៩៩០ មក រដ្ឋាភិបាលក្រុងប៉េកាំងមិនបានកំណត់គោលដៅនៃការលូតលាស់សេដ្ឋកិច្ចនៅឆ្នាំនេះទេ។
ទោះបីជាទិន្នន័យកាលពីថ្មីៗនេះ បង្ហាញថា ប្រទេសចិនកំពុងងើបឡើងពីដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ច ក៏ដោយ ក៏ការងើបឡើងវិញនៃសេដ្ឋកិច្ចមិនមែនជាការងាយស្រួលទេ។ ហើយនៅតាមបណ្តាញអ៊ីនធឺណិត ដែលមានការត្រួតត្រាតឹងរ៉ឹងនៅក្នុងប្រទេសចិន អ្នកប្រើខ្លះមានចម្ងល់ថា តើរដ្ឋាភិបាលគួរផ្តល់អាទិភាពលើប្រយោជន៍ប្រទេសផ្សេងជាងប្រទេសខ្លួន ឬក៏យ៉ាងណានោះ។
តើការពន្យារពេលសងបំណុលនេះនឹងបន្តរហូតដល់ពេលណា?
លោក Weiping Qin ដែលជាសេដ្ឋវិទូនៅក្នុងសហរដ្ឋអាមេរិក បានបញ្ជាក់ថា សម្រាប់រយៈពេលខ្លី ប្រទេសម្ចាស់បំណុល ដែលពន្យារពេលការសងបំណុលនេះ គឺដើម្បីជួយបញ្ចៀសកុំឱ្យមានបំណុលមិនល្អ។
លោក Qin បានប្រាប់វីអូអេថា៖ «នៅខាងភាគីកូនបំណុល ប្រសិនបើសេដ្ឋកិច្ចពួកគេមានបញ្ហាធ្ងន់ធ្ងរប្រសិនបើពួកគេគ្មានវិធីសងបំណុលនៅពេលនេះទេ ហើយប្រសិនបើពួកគេមិនអាចសម្រេចបានការព្រមព្រៀងជាមួយម្ចាស់បំណុលពួកគេទេ វាជាការងាយស្រួលក្នុងការបណ្តាលឱ្យមានបំណុលអាក្រក់ ដែលមានផលប៉ះពាល់អវិជ្ជមានដល់ភាគីទាំងសងខាង។ បន្ថែមពីលើនេះទៀត ភាពធ្ងន់ធ្ងរជាងមុននេះ នឹងនាំឱ្យមានវិបត្តិធំជាងមុនថែមទៀត។ ខ្ញុំជឿថា ម្ចាស់បំណុល និងកូនបំណុលអាចឈានដល់ការស្វែងយល់ពីបញ្ហានេះ ហើយពន្យារពេលប្រមាណកន្លះឆ្នាំ សម្រាប់ឱ្យភាគីទាំងពីររកដំណោះស្រាយយកជាការបានមួយ ដើម្បីយ៉ាងហោចណាស់បញ្ចៀសជាបណ្តោះអាសន្ន កុំឲ្យស្ថានការណ៍នេះមានភាពធ្ងន់ធ្ងរបន្ថែមទៀត»។
លោក Qin បានចង្អុលបង្ហាញថា ការព្យួរការសងបំណុលនេះអាចជាការចាត់ចែងក្នុងរយៈពេលខ្លីដែលមានគោលបំណងផ្តល់ឱ្យប្រទេស ដែលជាកូនបំណុលនូវរយៈពេលមួយ ដើម្បីងើបចេញពីការពិបាកខាងសេដ្ឋកិច្ច។ ប្រសិនបើការចាត់ចែងក្នុងរយៈខ្លីបែបនេះមិនអាចជួយសេដ្ឋកិច្ចក្នុងប្រទេសកូនបំណុលទេ ការណ៍នេះអាចជាសញ្ញាហានិភ័យមួយសម្រាប់បញ្ជីតុល្យភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោក Qin ជឿថា ជាពិសេសក្នុងករណីនៃប្រទេសចិន នៅពេលនេះរដ្ឋាភិបាលក្រុងប៉េកាំងកំពុងស្ថិតក្នុងជំហរយ៉ាប់យ៉ឺនផ្នែកហិរញ្ញវត្ថុ ដោយសារកម្ចីដែលខ្លួនផ្ដល់ឲ្យបរទេស។ ក្នុងករណីដែលប្រទេសជាប់បំណុលមិនអាចសងបំណុលបាន ប្រទេសចិននឹងមានការខាតបង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយក៏មានសម្ពាធពីប្រជាពលរដ្ឋរបស់ខ្លួនផ្ទាល់ផងដែរ។
អ្នកវិភាគនានានិយាយថា គេត្រូវការឱ្យមានការផ្អាកការសងបំណុល ដែលជាវិធានការមួយដើម្បីបញ្ចៀសកុំឱ្យមានបំណុលអាក្រក់។ ដោយសារតែមានភាពតានតឹងខ្លាំងជាមួយបស្ចិមប្រទេស ប្រទេសចិនត្រូវតែរក្សាទំនាក់ទំនងជាមួយប្រទេសផ្សេងៗ នៅក្នុងទ្វីបអាហ្វ្រិក និងទ្វីបអាមេរិកឡាទីន។
បើតាមកិច្ចសម្ភាសន៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសហ្គាណា កាលពីខែមេសា គេឃើញថា បំណុលដែលបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកជំពាក់ប្រទេសចិនមានជាង ១៤៥ ពាន់លានដុល្លារ។ បំណុលចំនួនប្រហែល ៨ ពាន់លានដុល្លារ គឺតម្រូវឱ្យធ្វើនៅក្នុងឆ្នាំនេះ។
លោក Dajun Zhong ដែលជាសេដ្ឋវិទូម្នាក់នៅក្នុងទីក្រុងប៉េកាំង បានបញ្ជាក់ថា ការផ្អាកការសងបំណុលជាជម្រើសមិនបានការ។
លោកបានថ្លែងប្រាប់វីអូអេថា៖ «ប្រទេសចិនមិនអាចទទួលបានការសងបំណុលវិញទេ។ ប្រទេសកូនបំណុលខ្លះក្រីក្រពេក ដែលមិនអាចសងបំណុលបាន។ តើអ្នកអាចធ្វើអ្វីផ្សេងពីនេះបានទេ? រដ្ឋាភិបាលចិនគ្រាន់តែដាក់ឈ្មោះថ្មីប៉ុណ្ណោះ ក៏ប៉ុន្តែតាមការពិត ទាំងនេះគឺជាបំណុលដែលកូនបំណុលមិនអាចសងបានទេ»។
លោក Zhong បាននិយាយថា លោកមានជំនឿថា ការព្យួរការសងបំណុលនេះគឺជាវិធានការមួយដើម្បីប្រយោជន៍ខាងការទូត។ លោកបានថ្លែងថា ប្រទេសចិននឹងមានការខាតបង់ច្រើន ប្រសិនបើខ្លួនចង់មានសម្ព័ន្ធមិត្តនយោបាយច្រើននៅលើឆាកអន្តរជាតិ ទោះណាជាប្រទេសទាំងនោះជាប្រទេសក្រីក្រក៏ដោយ ហើយការបង់ខាតច្រើននឹងក្លាយទៅជាបន្ទុករបស់ប្រជាពលរដ្ឋចិន៕
ប្រែសម្រួលដោយ ឈឹម សុមេធ