រឿងរាមកេរ្តិ៍ជាអក្សរសិល្ប៍បែបព្រាហ្មណ៍និយម ដែលមានវត្តមានក្នុងវប្បធម៌ខ្មែរជាងមួយសហស្សវត្សទៅហើយ។ ជារឿយៗរឿងនេះត្រូវបានគេនិទានឡើងវិញ តាមរយៈសិល្បៈគ្រប់ទម្រង់។ លោក Arjay Stevens អតីតគីមីវិទូជនជាតិអាល្លឺម៉ង់ ដែលសព្វថ្ងៃជាអ្នកថតរូបម្នាក់ បានចំណាយពេល ២២ ឆ្នាំ ដើម្បីចងក្រងសៀវភៅរូបភាពមួយ ដែលឆ្លុះបញ្ចាំងអំពីអរិយធម៌នៃរឿងរាមកេរ្តិ៍ ក្នុងប្រទេសកម្ពុជា។
នៅក្នុងឆ្នាំ ១៩៩៦ អតីតគីមីវិទូជនជាតិអាល្លឺម៉ង់មួយរូប គឺលោក Arjay Stevens បានមកដល់ប្រទេសកម្ពុជាជាលើកដំបូង។ លោកមកដល់ចំពេលដែលប្រជាជនខ្មែរកំពុងត្រៀមរៀបចំប្រារព្ធពិធីបុណ្យអុំទូកប្រពៃណីជាតិ។
នៅតាមដងផ្លូវចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលកាលនោះគេហៅថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង លោកStevens បានប្រទះភ្នែកឃើញទូកងរចំរុះពណ៌លំអរដោយក្បូរក្បាច់រចនា ត្រូវបានគេដឹកតាមផ្លូវទៅមាត់ទន្លេ ដើម្បីត្រៀមក្នុងការប្រណាំងទូក ក្នុងពិធីបុណ្យអុំទូក។ ទិដ្ឋភាពមួយនោះហើយបានធ្វើឲ្យលោក Stevens ចុះពីឡាន ទាញយកម៉ាស៊ីនថត ហើយថតយករូបភាពដំបូងគេបង្អស់របស់លោកនៅប្រទេសកម្ពុជា។
អតីតគីមីវិទូរូបនេះ សព្វថ្ងៃជាអ្នកថតរូបមានវ័យ៧២ឆ្នាំ។ លោកបាននិយាយទៅកាន់សាធារណជនខ្មែរនិងបរទេសនៅក្នុងពិធីសម្ភោធសៀវភៅកម្រងរូបថតថ្មីមួយរបស់លោកកាលពីខែមីនាថា៖«អ្វីៗគ្រប់យ៉ាងចាប់ផ្តើមពីហ្នឹងមក»។
សៀវភៅកម្រងរូបថតដែលដាក់សម្ភោធនោះមានចំណងជើងថា «REAMKER Cambodia Ramayana: Gods, Demons, and Heroes»។ សៀវភៅនេះពណ៌នាអំពីអក្សរសិល្ប៍ បែបព្រាហ្មនិយម រឿងរាមកេរ្តិ៍ដែលដកស្រង់ចេញពីរឿងរាមាយណៈមានប្រភពពីសំស្រ្កឹតរបស់ឥណ្ឌា។
ផ្នែកខាងក្នុងនៃសៀវភៅរូបថត ដែលមានកម្រាស់៤៦៦ទំព័រ លោក Arjay Stevens បានផ្តិតយករូបភាពពីគំនូរថែវ ចម្លាក់នៅតាមប្រាសាទ និងសិល្បៈប្រពៃណីខ្មែរ ដូចជាល្ខោនខោលជាដើម ដែលលោកបានទស្សនាផ្ទាល់មកចងក្រង។ លោកបានចំណាយពេលជាង២០ឆ្នាំ ផ្តិតយករូបថតរាប់ពាន់សន្លឹកទូទាំងព្រះរាជាណាចក្រកម្ពុជា។
បណ្តុំរូបថតនិងពត៌មានទាំងនេះ បាននិទានឡើងវិញ នូវរឿងរ៉ាវស្តីពី អាទិទេព និងការផ្សងព្រេង តាមរយៈការផ្តិតយកចំណុច សំខាន់ៗនៃសិល្បៈទាំងនោះមកអធិប្បាយ។
ដូចភ្ញៀវទេសចរដទៃទៀតដែរលោក Stevens ជាដំបូងបានដើរទស្សនាផ្ទាំងគំនូរអំពីរាមកេរ្តិ៍នៅតាមជញ្ជាំងព្រះវិហារព្រះកែវមរកត នៅក្នុងព្រះបរមរាជវាំង។តាមរយៈការតាមដានផ្ទាំងគំនូរទាំងនោះ លោកបានស្វែងយល់ពី ចម្បាំងនៅក្រុងលង្កា ហើយវាបានទាក់ទាញចំណាប់អារម្មណ៍របស់លោកយ៉ាងខ្លាំង។ លោកក៏បានសិក្សាបន្ថែមអំពីសិល្បៈមួយនេះតាមការស្រាវជ្រាវបន្តបន្ទាប់។
លោក Arjay Stevens ត្រូវបានគេស្គាល់ថា ជាអ្នកដែលស្រលាញ់សិល្បៈតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសិល្បៈខ្មែរ។ លោកបានបោះពុម្ពសៀវភៅមួយចំនួន ដែលស្តីអំពីសិល្បៈ និងវប្បធម៌ខ្មែរ ដូចជា របាំព្រះរាជទ្រព្យខ្មែរ និងសូត្រខ្មែរជាដើម។លោកបានសរសេរក្នុងជីវប្រវត្តិរបស់លោកថា ការងាររបស់លោក បានតាមដាននូវដំណើររបស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលនិង«បង្វិលខ្លួនឲ្យឆ្ពោះទៅកាន់ប្រជាធិបតេយ្យនាពេលអនាគត»។
លោកបានប្រាប់វីអូអេទៀតថា៖
«ការពេញចិត្តរបស់ខ្ញុំមិនមែនត្រឹមតែមួយភ្លែតនោះទេ។នៅពេលដែលខ្ញុំបានឃើញផ្ទាំងគំនូរនៅព្រះបរមរាជវាំងដំបូង ខ្ញុំមិនបានដឹងពីអណាចក្រអរិយធម៌អំពីគំនូរនោះទេ»។ លោកបានបន្ថែមទៀតថា «ខ្ញុំមិនដែលឃើញអ្វីអស្ចារ្យដូចបែបនេះនោះទេ»។
លោក Stevens បានរៀបរាប់បន្ថែមថា ក្នុងរយៈពេលជាងមួយសហស្សវត្សរឿងរាមកេរ្តិ៍ត្រូវបានគេនិទាន ឡើងវិញ តាមរយៈសិល្បៈគ្រប់ទម្រង់នៅក្នុងប្រទេសកម្ពុជា។ អក្សរសិល្ប៍មួយនេះមានតម្លៃរបស់វា ក្នុងនាមជាគំរូមួយ ខាងចំណេះដឹងបែបសាសនា ច្បាប់ទម្លាប់ និងសីលធម៌ក្នុងសង្គមខ្មែរ។
អ្នកស្រី ចាន់ វណ្ណី សព្វថ្ងៃជាសាស្រ្តាចារ្យនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា តម្លៃអប់រំសំខាន់ៗបង្កប់នៅក្នុងរឿងរាមកេរ្តិ៍ ដែលយុវជនជំនាន់ក្រោយអាចរៀនសូត្រតាមគឺមេរៀនជិវិត។
អ្នកស្រី បានប្រាប់VOAយ៉ាងដូច្នេះថា៖
«ចំណុចមួយដែលយើងអាចរៀនសូត្របានពីរាមកេរ្តិ៍គឺ វាបង្រៀនយើងឲ្យចេះដោះស្រាយជម្លោះ និងការបង្កើនចំណេះដឹងផ្ទាល់ខ្លួនក្នុងនាមជាអ្នកដឹកនាំមួយរូបក្នុងសង្គម»។
បន្ថែមទៅលើការដាក់បញ្ចូលរឿងរាមកេរ្តិ៍ទៅក្នុងកម្មវិធីសិក្សានៅ វិទ្យាល័យ អ្នកស្រីក៏បានលើកឡើងលក្ខណៈពិសេសអំពីរឿងរាមកេរ្តិ៍របស់ខ្មែរ ដែលខុសពីរឿងរាមាយណៈរបស់ឥណ្ឌា។
អ្នកស្រីបានលើកឡើងថា៖
«ចំណុចមួយដែលបង្ហាញពីភាពខុសគ្នា គឹរឿងរាមកេរ្តិ៍របស់ខ្មែរមានលក្ខណៈ មនុស្សនិយម ដោយយើងមិនលើកតួអង្គ [ព្រះរាមដែលជាអវតាព្រះវិស្ណុ] ជាអាទិទេពដែលគ្មានកំហុសនោះទេ»។
សៀវភៅរូបថត ដែលមាន ១៥ ជំពូក បរិយាយពីដំណើររឿងរាមកេរ្តិ៍ អធិប្បាយពីចំនុចខុសៗគ្នានៃប្រភពនានាដែលនិទានពីអក្សរសិល្ប៍មួយនេះ ពន្យល់ភាពលម្អិតរបស់វា និងបង្ហាញការតុបតែងបែបសិល្បៈនៃរឿងរាមកេរ្តិ៍នេះ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងសៀវភៅនេះ មានពិភាក្សាអំពីប្រជាប្រិយភាពរបស់តួអង្គនិមួយនៅក្នុងអក្សរសិល្ប៍ នៅក្នុងចំណោមប្រជាជនកម្ពុជា។
លោក Arjay Steven ក៏បានសរសេរនៅក្នុងជំពូកដំបូងនៃសៀវភៅរបស់លោកថា៖
«នៅក្នុងចម្បាំងតូចធំ ដែលទោះជាភាគច្រើន ពោរពេញទៅដោយភាពឃោរឃៅ អ្នកអាននៅតែអាចញញឹមជាមួយនឹង សាច់រឿងទាក់ទិនទៅនឹងវេទមន្ត និងអាទិទេព នៅក្នុងស្ថានភាពមិនទៀងទាត់ទាំងនោះ។ទាំងនេះ មិនទាន់រាប់បញ្ចូលនូវដំណើរគេចខ្លួនដ៏ អស្ចារ្យរបស់មេទ័ពហនុមានដែលជាសំណព្វចិត្តរបស់ទស្សនិកជននៅក្នុងការសម្តែងរបាំនានា»។
លោកបានរៀបរាប់ប្រាប់ VOA ថា៖
«តួអង្គក្នុងសាច់រឿង ដែលខ្ញុំពេញចិត្តជាងគេ គឺ ព្រះលក្សណ៍ [ព្រះអនុជរបស់ព្រះរាម]។ទំនាក់ទំនងរវាងព្រះលក្សណ៍ និងព្រះរាម ពិតជាពិសេសណាស់។»
លោក Stevens ក៏បានលើកឡើងថា លោកចាប់អារម្មណ៍ទៅលើទំនាក់ទំនង បងប្អូនទាំងពីរនាក់ គឺព្រះរាម និងព្រះលក្ខណ៍ នៅក្នុងសាច់រឿងអក្សរសិល្ប៍ខ្មែររឿងរាមកេរ្តិ៍នេះ។
«ពួកគេទាំងពីរពិតជាស្រលាញ់គ្នាណាស់ ហើយខ្ញុំតែងតែភ្ញាក់ផ្អើលជានិច្ចជាមួយ នឹងសាច់រឿង។ ដូចដែលបានឃើញក្នុងល្ខោនខោលនិងល្ខោនស្បែកធំ តួអង្គទាំងពីរពិតជាជិតស្និទនឹងគ្នា។ ខ្ញុំចូលចិត្តបែបហ្នឹង»។
សម្តេច នរោត្តម បុប្ផាទេវី ជាព្រះរាមរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទនរោត្តមសីហមុនី ដែលភាគច្រើនត្រូវបានគេស្គាល់ថា ជានិមិត្តរូបនៃរបាំព្រះរាជទ្រព្យខ្មែរ បានលើកសរសើរពីគុណតម្លៃនៃសៀវភៅនេះ។ នៅក្នុងបុព្វកថា ទ្រង់បានសរសេរថា សៀវភៅនេះបង្ហាញពីភាពចំរុះគ្នារវាងសិល្បៈខ្មែរ និងវត្ថុបុរាណនានា។
«យើងខ្ញុំពិតជាមានចិត្តសប្បាយរីករាយជាក្រៃលែង ដោយសៀវភៅមួយក្បាលនេះ បានផ្តិតយករូបភាព រៀបរាប់នូវឈុតសំខាន់ៗ ក្នុងល្ខោនរបាំព្រះរាជទ្រព្យដែលមានអាយុកាលជាងមួយពាន់ឆ្នាំទៅហើយនិងក្រុមរបាំមានបង្ហាញជំពូកដទៃៗទៀត»។
ទ្រង់បានបន្ថែមទៀតថា៖
«លោក [Arjay Stevens] បានផ្តិតយករូបភាពល្អៗ ដែលបង្ហាញពី សោភ័ណភាពនិងគុណភាពកាត់ថ្លៃដ៏មានតម្លៃនៃការរាំរបស់សិល្បករនៃនាដសាស្រ្តខ្មែរ និងការផលិត វាឡើង»។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ក៏បានសរសើរចំពោះកិច្ចការរបស់លោក Stevens និងចំណេះដឹងដ៏ស៊ីជម្រៅរបស់លោកអំពីសិល្បៈខ្មែរ។
លោកស្រីក៏បានសរសេរនៅក្នុងបុព្វកថានៅក្នុងសៀវភៅកម្រងរូបថតនោះថា៖
«គុណតម្លៃនៃសៀវភៅសិល្បះរូបគំនូរនេះ មិនអាច ត្រូវគេមើលស្រាលបាននោះទេ ជាពិសេសសម្រាប់បច្ឆាជនកម្ពុជា។ រឿងរាមកេរ្តិ៍ ជាសរសរទ្រូងវប្បធម៌សង្គម កម្ពុជាយើង»។
លោក Stevens យល់ឃើញថា អក្សរសិល្ប៍ខ្មែររឿងរាមកេរ្តិ៍មានវត្តមានជានិច្ចនៅក្នុងជិវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ស្ថាប័នកងយុទ្ធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ ជាដើម ជាស្ថាប័នដែលបានប្រើ ប្រាស់រូបតួអង្គនៅក្នុងអក្សរសិល្ប៍រឿងរាមកេរ្តិ៍ គឺតួស្តេចស្វាហនុមាន ជានិមិត្តសញ្ញានៃស្ថាប័ន។ហើយថ្មីៗនេះ ក៏មានដាក់តាំងរូបចម្លាក់ ហនុមាន នៅខាងមុខ សណ្ឋាគារ Rosewood នៅជិតអាគារពាណិជ្ជកម្មវឌ្ឍនៈផងដែរ។
លោក Stevensថាការដាក់តាំងរូបចម្លាក់នេះ ជាសញ្ញាវិជ្ជមានមួយ ដោយលោកបានពណ៌នាថា «ព្រលឹងរបស់រឿងរាមកេរ្តិ៍នៅតែដក់ជាប់នៅ ក្នុងបេះដូង របស់ប្រជាជន កម្ពុជាជានិច្ច»។
លោក Arjay Stevens បញ្ជាក់ទៀតថា បើទោះបីជាអក្សរសិល្ប៍រឿងរាមកេរ្តិ៍មានដើមកំណើត និងប្រវត្តិដំណាលតាំងពីមួយសហស្សវត្សមុន មកដល់សព្វថ្ងៃ លោកឃើញថាអក្សរសិល្ប៍នេះបានក្លាយទៅជាផ្នែកមួយនៃជិវិតរបស់ប្រជាជនខ្មែរទៅហើយ៕