ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អធិការបតី​អាល្លឺម៉ង់​ជំរុញ​លោក Putin ឱ្យ​បើក​ការ​ចរចា​ជាមួយ​អ៊ុយក្រែន


អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ថ្លែងនៅទីក្រុងបែរឡាំង។
អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ថ្លែងនៅទីក្រុងបែរឡាំង។

អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ជំរុញ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដ៏កម្រ​មួយ​កាលពី​ថ្ងៃ​សុក្រ​ឱ្យ​ចាប់ផ្ដើម​ចរចា​ជាមួយ​នឹង​អ៊ុយក្រែន​ដែល​នឹង​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក «សន្តិភាព​ដ៏​យុត្តិធម៌​និង​ឋិតថេរ»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

នៅក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល​មួយ​ម៉ោង លោក Scholz ក៏​បាន​ទាមទារ​ផងដែរ​ឱ្យ​មាន​ការ​ដក​កងទ័ព​រុស្ស៊ី​ចេញ​ពី​អ៊ុយក្រែន​និង​បាន​បញ្ជាក់​ជាថ្មី​អំពី​ការ​គាំទ្រ​ជា​បន្ត​របស់​អាល្លឺម៉ង់​ចំពោះ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់។

ការ​សន្ទនា​នេះ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​អ៊ុយក្រែន​ប្រឈម​នឹង​ស្ថានការណ៍​ដែល​កាន់តែ​លំបាក​ឡើង​នៅ​ក្នុង​សមរភូមិ នៅ​ចំ​ពេល​ដែល​មាន​ការ​ខ្វះខាត​សព្វាវុធ​និង​កងទ័ព​ហើយ​កងទ័ព​រុស្ស៊ី​កំពុង​រុល​ចូល​មក។

អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «លោក​អធិការបតី [Scholz] បាន​ជំរុញ​រុស្ស៊ី​ឱ្យ​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​ចរចា​ជាមួយ​អ៊ុយក្រែន​ក្នុង​បំណង​សម្រេច​ឱ្យ​បាន​នូវ​សន្តិភាព​ដ៏​យុត្តិធម៌​និង​ឋិតថេរ»។

អ្នក​នាំពាក្យ​រូប​នោះ​បាន​បន្ថែម​ថា៖ «លោក [Scholz] បាន​សង្កត់​ធ្ងន់​អំពី​ការ​តាំងចិត្ត​មិន​ងាករេ​របស់​អាល្លឺម៉ង់​ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មិន​ថា​យូរ​ប៉ុណ្ណា​នោះ​ទេ​ប្រសិន​បើ​ចាំ​បាច់»។

អាល្លឺម៉ង់​គឺជា​អ្នក​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​របស់​អ៊ុយក្រែន​និង​ជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ​ដ៏​ធំ​បំផុត​ដល់​អ៊ុយក្រែន​បន្ទាប់ពី​សហរដ្ឋ​អាមេរិក។ ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​អ៊ុយក្រែន​នៅ​ពេល​អនាគត​នៅមាន​ភាព​ស្រពិចស្រពិល​នៅឡើយ បន្ទាប់ពី​លោក Donald Trump បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG