ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឱ្យរឹតបន្តឹងព្រំដែននិងលុបបំបាត់ច្រករបៀង


រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ថ្លែងនៅក្នុង​កិច្ចប្រជុំមួយនៅខេត្តកំពង់ធំ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤។ (Facebook / ក្រសួងមហាផ្ទៃ Ministry of Interior)
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ថ្លែងនៅក្នុង​កិច្ចប្រជុំមួយនៅខេត្តកំពង់ធំ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤។ (Facebook / ក្រសួងមហាផ្ទៃ Ministry of Interior)

កាល​ពី​សប្តាហ៍​មុន រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាឱ្យអភិបាល​ខេត្ត​ទាំង​អស់​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ជិត​ខាង​ ​ពង្រឹង​ការ​គ្រប់​គ្រង​ច្រក​ព្រំដែន ​ដោយ​បិទច្រក​របៀង​ខុស​ច្បាប់ ​បញ្ឈប់ការ​លក់​ដូរ​ ឬ​ជួល​ដី​ធ្លី​ស្រែ​ចម្ការឱ្យ​ប្រជា​ពល​រដ្ឋ​ប្រទេស​ជិត​ខាង ទប់​ស្កាត់​និង​ចាត់​វិធាន​ការ​លើជន​បរទេស​ដែល​លួច​ឆ្លង​ដែនខុស​ច្បាប់​មក​កម្ពុជាជាដើម​។ នេះ​បើ​តាម​សេច​ក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ។​

ក្រៅពីនោះ ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​ក៏​បាន​បញ្ជា​ឱ្យអាជ្ញាធរ​ពង្រឹង​ការ​គ្រប់​គ្រង​ការ​ចេញចូល​ ​ការ​ស្នាក់​នៅ​ និង​ការ​ធ្វើ​អាជីវ​កម្ម​របស់​ជន​បរទេស​ខុស​ច្បាប់​នៅ​តាម​បណ្តោយ​ព្រំដែន ​ដោយ​ទប់​ស្កាត់សកម្ម​ភាព​ឯក​តោ​ភាគី​របស់​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​ដែល​គ្មានការ​ឯក​ភាព​ខ​ណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​គោក ​និង​ដោះ​ស្រាយរាល់​បាតុ​ភាព​ដែល​បាន​កើតឡើង​នៅ​លើផ្ទៃ​សមុទ្រ​ដោយ​សន្តិ​វិធី។

នៅ​ក្នុង​សេច​ក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​ ១៣ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៤ ​ក្រសួង​មហា​ផ្ទៃ​បាន​គូស​បញ្ជាក់​ថា​៖ ​«​ទន្ទឹម​នឹង​សមិទ្ធ​ផល​ដែល​សម្រេច​បាន​នា​ពេល​កន្លងមក ក្រសួង​មហាផ្ទៃ ​បាន​កត់​សម្គាល់​ឃើញ​ថា នៅ​មាន​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​បន្ត​កើត​មាន​ឡើង​នៅ​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន​ មាន​ជា​អាទិ៍ ​ការ​ធ្វើ​សកម្មភាព​ឆ្លង​ដែន​ខុស​ច្បាប់​ ការ​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អនាធិប​តេយ្យ ការ​លួច​លាក់​បើក​ច្រក​របៀង​ខុស​ច្បាប់ លំហូរ​នៃ​ជន​បរទេស​អន្តោ​ប្រវេសន្ត​ខុស​ច្បាប់ ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន អំពើ​ភេរវ​កម្ម ​គ្រឿង​ញៀន​ជាដើម​»​។

ក្រសួង​មហាផ្ទៃ​បាន​សង្កត់​ធ្ងន់​ថា​ បញ្ហា​ទាំង​នោះបាន​ជះ​ឥទ្ធិ​ពល​មិន​ល្អ​ដល់​វិស័យ​សន្តិ​សុខ​ជាតិ សុវត្ថិ​ភាព ​សណ្តាប់​ធ្នាប់​សាធារណៈ ​ប្រភព​ចំណូល​ថវិកា​ជាតិ និង​របៀប​រៀប​រយ​នៅ​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន ​ដែល​តម្រូវ​ឱ្យ​មាន​វិធានការកែ​លម្អ​ ដើម្បី​ថែ​រក្សា​ការពារ​ឧត្តម​ប្រយោជន៍​ជាតិ​និង​ប្រជា​ពល​រដ្ឋ​។

តាម​រយៈសេចក្តី​ជូន​ដំណឹង​នោះ​ លោក ស សុខា ឧប​នាយក​រដ្ឋ​មន្ត្រី ​និង​ជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជាក់ថា​៖​ «​សូមឯក​ឧត្តម លោក​ជំទាវ ​អភិ​បាល​នៃ​គណៈ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ​ជ្រាបនិង​ចាត់ចែង​អនុវត្ត​តាម​ខ្លឹមសារ​ខាង​លើ​ឱ្យ​មាន​ប្រសិទ្ធភាព​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​»។

លោក វ៉ី សំណាង អភិបាល​ខេត្ត​តាកែវ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា ​ក្រោយ​ទទួល​បាន​បទ​បញ្ជា​នេះ អាជ្ញាធរ​ខេត្តបាន​ចាប់​ផ្តើម​ពង្រឹង​យន្ត​ការ​ដែល​មាន​ស្រាប់​ ដើម្បី​គ្រប់​គ្រង​ច្រក​ព្រំដែនឱ្យ​មាន​ប្រសិទ្ធ​ភាព​។ ​

លោក​ថ្លែង​ថា៖ ​«គ្រាន់​តែ​ទទួល​បាន​បទ​បញ្ជាភ្លាម​នេះ យើង​ចាប់​ផ្តើម​ពង្រឹង​បន្ថែម ​ដោយ​សារ​យន្ត​ការ​របស់​យើង​មាន​ស្រាប់​ហើយ​ មិន​មែន​យើង​ទើប​ធ្វើថ្ងៃ​ហ្នឹង​ទេ ​លោក​បាន​ដាក់យូរ​មក​ហើយ​។ លោក​គ្រា​ន់តែ​រំឮក​ ពង្រឹង​បន្ថែម​...​។ ជា​ទូទៅ​នៅ​តាម​បន្ទាត់​ព្រំដែន​ គឺ​យើង​តែង​តែ​ដើរ​ល្បាត​ជារៀង​រាល់​ថ្ងៃ​»​។ ​

លោក​បន្ថែម​ថា តាម​បន្ទាត់​ព្រំ​ប្រទល់​ជាមួយ​ប្រទេសវៀតណាម​ អាជ្ញាធរក៏​បាន​ពង្រឹង ​និងត្រួត​ពិនិត្យ​ការ​ចេញ​ចូល​របស់​ជន​បរទេស​នៅ​តាម​ព្រំដែន​ ​និង​បាន​ផ្សព្វ​ផ្សាយ​ជា​បន្ត​បន្ទាប់ទៅ​កាន់​ប្រជា​ពល​រដ្ឋ​ កុំ​ជួល​ឬ​លក់​ដី​ឱ្យ​ជន​បរទេស​ដែល​មាន​ព្រំ​ដែន​ជាប់​កម្ពុជា​។ លោក​ថា ​អាជ្ញាធរ​ក៏​តែងប្រើ​ទូក ​និង​អូប័រ​ដើម្បី​ល្បាត ​តាមច្រក​របៀង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​តាកែវជា​ប្រចាំ​ផង​ដែរ។

លោកថ្លែងថា៖ «​នៅ​ខាង​យើង​ខ្ញុំនេះ ​មាន​ទាំង​អស់ ​១១ ​កន្លែង ​ដែល​អាច​ច្រក​របៀង​ ដែលយើង​តាម​ដាន​ត្រួត​ពិនិត្យ គឺ​យើង​មើល​តាម​ហ្នឹង ​អត់មា​ន​ឱ្យបើក​[អូប័រ​]ទេ។​ គ្រាន់​ថា​កន្លែង​ហ្នឹង គាត់​អាចបើក​អូប័រ គេច​វេះ​ពីយើង​បាន​ អ៊ីចឹង​យើង​ពង្រឹងតាម​ចំណុច​ទាំង​អស់​ហ្នឹង»។

វីអូអេ​បាន​ព្យាយាមទាក់​ទង​ទៅ​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ជាប់​ព្រំ​ដែន​ថៃ និង​ព្រំដែនរៀតណាម​មួយ​ចំនួន​ទៀត ដូចជា​ខេត្ត​មណ្ឌល​គិរី ​ប៉ៃលិន ​បន្ទាយ​មានជ័យ បាត់​ដំបង និង​ខេត្ត​ស្វាយរៀង​ជាដើម​ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​។​

លោក​ មាស នី ​អ្នក​វិភាគ​នយោបាយ​និង​សង្គម គាំទ្រ​ចំពោះ​ការ​ដាក់​ចេញ​វិធាន​ការ​ត្រួត​ពិនិត្យ​តាម​បន្ទាត់​ព្រំដែន​នេះ​។​ លោក​កត់​សម្គាល់ថា​ ​កម្ពុជាកំពុង​ល្បីល្បាញ​ថា​ជា​ប្រទេស​ដែល​ក្រុមឧក្រិដ្ឋ​ជន​ប្រព្រឹត្ត​បទ​ល្មើស​នានា ​ដែល​សកម្មភាពទាំងអស់​នោះ​បាន​ធ្វើ​ឱ្យ​ខូចកិត្តិ​យស​ប្រទេស​ជាតិ ​ប៉ះពាល់​សេដ្ឋ​កិច្ច​ជាតិ ​ឬ​អាច​រង​ទណ្ឌ​កម្ម​ផ្សេង​ៗ។ ​

លោក​បន្ថែម​ថា ប្រទេស​ជិត​ខាង​ក៏​បានមើល​ស្រាល​ថា ​ការ​គ្រប់​គ្រងច្រក​ព្រំដែន​កម្ពុជា​នៅ​មាន​ភាព​ធូរ​រលុង​ និង​មិន​ទាន់រឹត​បន្តឹង​បានល្អ​ប្រសើរ​នៅ​ឡើយទេ។

លោក​ប្រាប់​វីអូអេថា៖ ​«អ្វី​ដែលជាការសង្កេត​តាំង​ពីដើម ទាំង​ខាង​លិច ខាងកើត គឺវា​ច្រើន​តែ​យើង​ធូរជាងគេ​។ ​យើង​ច្រើនតែ​មិន​សូវ​រឹត​បន្តឹង​ប៉ុន្មាន​ទេ​។ វា​អាច​និយាយ​ថា មក​ពី​អំពើ​ពុក​រលួយ​ផង ​មក​ពី​ខ្វះ​គុណ​តម្លៃ​ក្នុងការ​អនុវត្ត​ច្បាប់​ឱ្យបាន​តឹង​តែង​ផង ​ដល់​អ៊ីចឹង​ទៅវា​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​ គេ​តែងតែ​មើល​ស្រាល​ថា ​ចូល​ទៅ​ស្រុក​ខ្មែរ ឱ្យ​តែ​លុយ​ទៅ ទៅបាន​ហើយ។ ខ្ញុំ​ទទួល​ស្គាល់ នៅ​ខាង​ថៃ​ហ្នឹង ក៏​មាន​ឱ្យ​លុយ​ទៅ​មក​បាន​ដែរ​។ ប៉ុន្តែ​ក្នុង​នាម​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យ​ភាព​ត្រឹម​ត្រូវ​ហ្នឹង ​គឺ​យើង​ត្រូវ​តែ​មាន​ការ​រឹត​បន្តឹង​គ្រប់​ចំណុច​ដែល​បាន​លើក​ឡើង​។ ខ្ញុំក៏​គាំទ្រ​ទៅ​លើ​វិធាន​ការ​ហ្នឹង​ដែរ​»។

លោក​បន្ថែម​ថា ​កង្វះ​ការ​វាយ​តម្លៃ​ត្រឹម​ត្រូវ គឺជា​កត្តា​ដែលជះ​ឥទ្ធិ​ពល​លើប្រសិទ្ធភាព​នៃ​គោល​នយោ​បាយ​ដែល​បាន​ដាក់​ចេញ​ពីមុន​មក​។

បើ​តាម​លោក​ មាស នី ​កាល​ណា​មាន​ការ​រឹត​បន្តឹង​តាម​ច្រក​ព្រំដែន ​វា​ក៏​ប៉ះ​ពាល់​ដល់​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​ដែល​រង​ការ​យាយី ​ហើយ​ចង់​ភៀស​ខ្លួន​ទៅ​ប្រទេស​ជិត​ខាង​ផង​ដែរ។ ប៉ុន្តែ​លោក​ថា​ កម្ពុជាគួរ​តែរឹត​បន្តឹង​សកម្មភាព​នានា​នៅ​តាម​ច្រក​ព្រំដែន ​ដើម្បី​រក្សា​តម្លៃ​និងអធិប​តេយ្យ​ភាព​កម្ពុជា​ ដែល​មិន​បណ្តែត​បណ្តោយឱ្យ​ឧក្រិដ្ឋ​ជន​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ក្នុង​ទឹក​ដី​កម្ពុជា​។

វីអូអេ​មិន​ទាន់​អាច​សុំការ​ឆ្លើយតបពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក​ ទូច សុខៈ ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃចន្ទ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG