បំណុលសាធារណៈក្រៅប្រទេសដែលរដ្ឋាភិបាលកម្ពុជាជំពាក់ដៃគូបរទេស បានកើនឡើងយ៉ាងគំហុកដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ ២០២០។
ឯកសារសង្ខេបជាស្ថិតិដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចែកចាយកាលពីថ្ងៃពុធ បង្ហាញថា «សន្និធិបំណុលសាធារណៈក្រៅប្រទេស» ដែលរដ្ឋនៅជំពាក់ដៃគូបរទេស បានឡើងដល់កម្រិត ៨.៨៥៩ លានដុល្លារអាមេរិក មកទល់នឹងដំណាច់ខែធ្នូ។
តួលេខនេះបង្ហាញពីការកើនឡើងក្នុងអត្រាពីរខ្ទង់គឺ ១៦,៦៣ ភាគរយក្នុងអំឡុងឆ្នាំមានវិបត្តិកូវីដ១៩ ធៀបទៅនឹងតួលេខត្រឹមដំណាច់ឆ្នាំ ២០១៩ ដែលស្ថិតក្នុងកម្រិត ៧.៥៩៦ លានដុល្លារអាមេរិក។
ក្នុងវេទិកាសាធារណៈកាលពីពាក់កណ្ដាលសប្ដាហ៍នេះ លោករដ្ឋលេខាធិការ វង្សី វិស្សុត នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា កម្រិតបំណុលរបស់រដ្ឋនៅមានអត្រា «ទាប» នៅឡើយ។
«ហើយបំណុលរបស់យើងមកដល់ថ្ងៃនេះ មា នSpace (លម្ហ) មួយទៀត ដែលបំណុលយើងនៅទាបមែន យើងនៅសល់ច្រើនណាស់ ថ្វីដ្បិតមានវិបត្តិ[ឆ្នាំ] ២០២០ GDP TO RATIO (អនុបាតបំណុលធៀបនឹងទំហំសេដ្ឋកិច្ច) យើងទើបតែ ៣២% ទេ។ នេះកំណើនធ្លាក់ផង នៅប៉ុណ្ណឹងផង»។
ការធ្វើការគណនាបង្ហាញថា បំណុលបរទេសរបស់កម្ពុជា បានកើនក្នុងកម្រិត ១.២៦៣ លានដុល្លារពេញមួយឆ្នាំ ២០២០ ពេលដែលសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះក្នុងអត្រា -៣.១% ដោយសារវិបត្តិកូវីដ១៩។
លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និយាយថា កំណើនបំណុលយ៉ាងគំហុកនៅឆ្នាំនេះ មិនមែនជាការខ្ចីមកបើកប្រាក់បៀវត្សរ៍ទេ។
លោកប្រាប់VOAថា៖ «ដែលខ្ចីមកនេះ មិនមែនយើងខ្ចីយកមកទប់ទល់នឹង Current Budget (ថវិកាចរន្ត) ទេ គឺខ្ចីទៅលើការវិនិយោគ (Investment) ហើយនិងកញ្ចប់ថវិកាសង្គ្រោះ (Stimulus Package)»។
មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុរូបនេះបន្តថា ការខ្ចីប្រាក់បន្ថែមនេះដើម្បីបង្គ្រប់ និងធានាថា នៅពេលរដ្ឋព្យាយាមបញ្ចូលសាច់ប្រាក់ជួយដល់អាជីវកម្ម តាមរយៈការបង្កើតធនាគាររដ្ឋមួយកាលពីឆ្នាំមុន និងបង្កើតកញ្ចប់ថវិកាសង្គ្រោះ នោះគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធនានានឹងមិនរងផលប៉ះពាល់ឡើយ។
ក្នុងចំណោមបណ្ដាប្រទេសដែលកម្ពុជាជំពាក់ចិនជាម្ចាស់កម្ចីធំជាងគេដែលកាន់កាប់អត្រា ៤៥% ស្មើនឹងជិត ៤ ពាន់លានដុល្លារ ខណៈ ៣១% ទៀតជំពាក់ស្ថាប័នហិរញ្ញវត្ថុពហុភាគីនានា ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិជាដើម។
កាលពីខែកក្កដា ឆ្នាំ ២០១៩ ការស្រាវជ្រាវមួយធ្វើដោយវិទ្យាស្ថាន Kiel Institute មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ បង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាជំពាក់បំណុលប្រទេសចិនច្រើនបំផុតលំដាប់ទី ៦ ក្នុងចំណោម ៥០ ប្រទេស ដែលលើកយកមកសិក្សាទូទាំងពិភពលោក។
របាយការណ៍ដដែលបានបង្ហាញកង្វល់អំពីកំណើនយ៉ាងលឿននៃអត្រាបំណុលដែលប្រទេសទាំងនោះជំពាក់ចិន ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ថាទាំងមានហានិភ័យ ការប្រាក់ខ្ពស់ និងកង្វះតម្លាភាព។
ស្ថិតិផ្លូវការរបស់ក្រសួងហិរញ្ញវត្ថុបង្ហាញថា បំណុលដែលរដ្ឋជំពាក់បរទេសបានកើនឡើងពីរង្វង់ ៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៥ មកដល់ ៨,៨ ពាន់លានដុល្លារនៅឆ្នាំ២០២០។ ក្នុងឆ្នាំ ២០២១ នេះ បើតាមគម្រោងរបស់រដ្ឋាភិបាល បំណុលនឹងនេះកើនដល់រង្វង់ ១០ ពាន់លានដុល្លារ៕