អង្គការឧតុនិយមពិភពលោក WMO ចាត់ទុកការប្រែប្រួលនៅតំបន់អាកទិកថាជា «សញ្ញាប្រាប់ដំណឹង» នៅក្នុងបរិបទនៃការប្រាប់ពីគ្រោះមហន្តរាយដែលអាចនឹងកើតមានឡើង។ ទីភ្នាក់ងារនេះកត់សម្គាល់ឃើញថា សីតុណ្ហភាពពិភពលោកកំពុងបន្តកើនឡើង ដែលជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ ដោយបានព្យាករណ៍ថា ឆ្នាំ២០១៦ នឹងជាឆ្នាំក្តៅជាគេបំផុតចាប់តាំងពីការចាប់ផ្តើមធ្វើកំណត់ត្រា នៃការឡើងកម្តៅតាំងពី១៥០ឆ្នាំមុន។
នៅខណៈដែលពិភពលោកបន្តឡើងកម្តៅ អង្គការឧតុនិយមពិភពលោក WMO បានកត់សម្គាល់ថា តំបន់អាកទិចកំពុងតែឡើងកម្តៅយ៉ាងហោចណាស់ក្នុងអត្រាពីរដងនៃកម្រិតមធ្យមនៃកម្តៅនៅលើពិភពលោក។ អង្គការនេះនិយាយថា បរិមាណទឹកកកនៅតំបន់អាកទិកឥឡូវនេះគ្របដណ្តប់លើផ្ទៃដីតិចជាង៤០ភាគរយប៉ុណ្ណោះនៅក្នុងអំឡុងសីតុណ្ហភាពខ្ពស់បំផុតនៅរដូវក្តៅ បើប្រៀបជាមួយនឹងទំហំទឹកកកនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ និងដើមទសវត្សរ៍ឆ្នាំ១៩៨០។ អង្គការនេះបន្តថា ទំហំអតិបរមានៃទឹកកកនៅតំបន់អាកទិកក្នុងខែមីនា គឺស្ថិតនៅកម្រិតទាបបំផុតនៅលើកំណត់ត្រា។
លោក Petteri Taalas អគ្គលេខាធិការអង្គការ WMO បានប្រាប់ VOA ថា ការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងនេះកំពុងតែបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើប្រព័ន្ធអេកូឡូស៊ី។ ជាឧទាហរណ៍ លោកនិយាយថា ស្រទាប់ដើមឈើនៅតំបន់ភ្នំនានាកំពុងតែខើចឡើងទៅផ្នែកខាងលើ។
លោកនិយាយថា៖ «មានប្រភេទសត្វមួយចំនួន ដែលកំពុងតែមានការលំបាកក្នុងការទប់ទល់ជាមួយនឹងការប្រែប្រួលនេះ។ សត្វខ្លាឃ្មុំទឹកកកបានរងការប៉ះពាល់យ៉ាងខ្លាំង។ ហើយយើងក៏ឃើញសត្វភេតំបន់អាកទិច និងសត្វភេប្រភេទដទៃទៀត ក៏ដូចជាសត្វស្លាបមួយចំនួនដែលមានការលំបាកនៅក្នុងការទប់ទល់ដូចគ្នាជាមួយនឹងការប្រែប្រួលនេះ។ ការឡើងកម្ដៅកំពុងតែជះឥទ្ធិពលផងដែរទៅលើវិស័យនេសាទនៅលើពិភពលោក»។
លោក Taalas មានប្រសាសន៍ថា ការរលាយនៃដុំទឹកកកក្នុងដីនៅតំបន់អាកទិចអាចបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិមាណដ៏ធំធេង ដែលនឹងជំរុញការឡើងកម្តៅនៅលើពិភពលោកកាន់តែលឿន។
នៅស្របពេលគ្នានេះដែរ លោកបាននិយាយថា ការរលាយទឹកកកនៅតំបន់អាកទិកកំពុងតែនាំឲ្យមានលទ្ធភាពសម្រាប់វិស័យដឹកជញ្ជូន វិស័យទេសចរណ៍ និងការរុករកផ្សេងៗ។ លោកបន្ថែមថា ការណ៍នេះនឹងកាត់បន្ថយរយៈពេលនៃការធ្វើនាវាចរណ៍រវាងអឺរ៉ុប និងអាស៊ីបូព៌ា។
ទោះយ៉ាងណា លោកក៏បានកត់សម្គាល់ផងដែរថា ការបើកចំហនៃតំបន់អាកទិកតាមរយៈការរលាយទឹកកក អាចបង្កើនហានិភ័យនៃការកំពប់ទឹកកខ្វក់ និងប្រេង ដែលនឹងមានការលំបាកក្នុងការសម្អាតជាងនៅកន្លែងដទៃទៀត។ លោកបាននិយាយថា វាមានសារៈសំខាន់នៅក្នុងការលើកកម្ពស់ប្រតិបត្តិការគ្រប់គ្រងផ្នែកអាកាសធាតុ ក៏ដូចជាប្រតិបត្តិការនៅលើដែនសមុទ្រនៅតំបន់អាកទិកដើម្បីទប់ទល់នឹងគ្រោះថ្នាក់ទាំងនោះ។
លោកជំរុញឲ្យមានមជ្ឈមណ្ឌលសង្កេតតាមដាននៅតំបន់អាកទិចដើម្បីតាមដាន ព្យារករណ៍ និងទប់ទល់ជាមួយនឹងការប្រែប្រួលអាកាសធាតុ។ លោកនិយាយថា ការធ្វើដូច្នេះនឹងធានាបាននូវសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកនៅតំបន់អាកទិក៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា