កាលពីថ្ងៃពុធ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានក្លាយជាប្រធានាធិបតីកំពុងកាន់តំណែងលើកទីមួយឆ្លងកាត់រង្វង់មហាសមុទ្រទឹកកកអាកទិកដែលនៅជាប់សហរដ្ឋអាមេរិក (U.S. Arctic Circle) នៅពេលដែលលោកប្រធានាធិបតីបានបញ្ចប់ដំណើរបំពេញទស្សនៈកិច្ចទៅកាន់រដ្ឋអាឡាស្កា (Alaska) ដែលមានគោលបំណងសង្កត់ធ្ងន់លើផលប៉ះពាល់ដោយសារការផ្លាស់ប្តូរអាកាសធាតុ។
ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃទៅកាន់ភាគឦសាន្តឆ្ងាយនេះ លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍ឡើងវិញថា សហរដ្ឋអាមេរិកដែលជាប្រទេសបញ្ចេញឧស្ម័នកាបូនដ៏ធំទី២របស់ពិភពលោកមិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីការពារបរិស្ថានទេ។
លោកប្រធានាធិបតីអូបាម៉ាបានប្រាប់ហ្វូងមនុស្សនៅក្នុងទីក្រុង Kotzebue ដែលជាទីក្រុងតូចមួយហើយនៅដាច់ស្រយាលក្នុងមហាសមុទ្រទឹកកកអាកទិកដែលកំពុងប្រយុទ្ធនឹងសំណឹកដីនៅតាមឆ្នេរសមុទ្រដែលបណ្តាលមកពីការឡើងទឹកសមុទ្រថា «ខ្ញុំបានព្យាយាមធ្វើឲ្យផ្នែកផ្សេងៗទៀតនៅក្នុងប្រទេសយល់ដឹងកាន់តែខ្លាំងឡើងពីការផ្លាស់ប្តូរអាកាសធាតុ ក៏ប៉ុន្តែ អ្នកទាំងអស់គ្នាវិញកំពុងរស់នៅក្នុងតំបន់នេះទៅហើយ»។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា សីតុណ្ហភាពនៅក្នុងមហាសមុទ្រទឹកកកអាកទិកកំពុងកើនទ្វេដងដូចជាផ្នែកផ្សេងទៀតរបស់ពិភពលោក ដែលកំពុងធ្វើឲ្យក្រុមអ្នកស្រុកប្រឈមគ្រោះថ្នាក់ដោយសារការរលាយទឹកកក និងសំណឹកដី។
លោកប្រធានាធិបតី បានមានប្រសាសន៍ថា «អ្វីដែលកំពុងកើតមានឡើងនៅទីនេះ ជាការដាស់តឿនអាមេរិក វាក៏ជាការដាស់តឿនពិភពលោកដែរ។ យើងមិនបានចាត់វិធានការឲ្យបានឆាប់រហ័សទេ។ ផលប៉ះពាល់នោះពុំអាចកែប្រែបាន ប្រសិនបើយើង មិនចាត់វិធានការទេនោះ»៕