ប្រទេសរុស្ស៊ី និងកាតា ដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោកសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកបន្តបន្ទាប់គ្នានាពេលអនាគត មានបញ្ហាសិទ្ធិមនុស្ស ដែលត្រូវដោះស្រាយ។ នៅក្នុងប្រទេសទាំងពីរ ក្រុមសកម្មជនបានលើកឡើងពីការកេងប្រវ័ញ្ច និងការព្រងើយកន្តើយចំពោះការការពារសិទ្ធិពលករ ដែលនៅក្នុងករណីខ្លះ បានបណ្តាលឲ្យមានការស្លាប់ក្រុមពលករដែលមានកាតព្វកិច្ចសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងសម្រាប់ការប្រកួតបាល់ទាត់។
នៅក្នុងខែឧសភាកន្លងទៅ សារព័ត៌មាន BBC បានថតឯកសារអំពីការចាប់ខ្លួនក្រុមការងាររបស់ខ្លួនដាក់ពន្ធនាគារ នៅពេលពួកគេព្យាយាមថតវិដេអូអំពីស្ថានភាពរស់នៅរបស់ពលករចំណាកស្រុកក្រីក្រនៅក្រុងដូហា នៅក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០២២។ សម្ភារៈរបស់ក្រុមការងារនោះ ត្រូវបានរឹបអូស ហើយមិនត្រូវបានប្រគល់មកវិញឡើយ។
ការស៊ើបអង្កេតមួយធ្វើឡើងដោយសារព័ត៌មាន The Guardian បានបង្ហាញថា ពាក់ព័ន្ធនឹងការសាងសង់កីឡដ្ឋានសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនេះ មានជនចំណាកស្រុកនេប៉ាល់ម្នាក់បានស្លាប់នៅរៀងរាល់ពីរថ្ងៃម្តងនៅក្នុងឆ្នាំ២០១៤។ ក៏ប៉ុន្តែ តួលេខនេះត្រូវបានក្រសួងការងាររបស់ប្រទេសកាតាបដិសេធ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និយាយថា និយោជកមួយចំនួនបានប្រើប្រាស់យុទ្ធសាស្រ្តគំរាមកំហែងដែលក្នុងនោះរួមមានការរឹបអូសលិខិតឆ្លងដែនរបស់ជនចំណាកស្រុកជាដើម។
នាង Jane Buchanan មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា៖ «ពួកគេពិតជាមានភាពទន់ជ្រាយយ៉ាងខ្លាំង ដែលនេះគឺដោយសារតែការព្រងើយកន្តើយរបស់រដ្ឋាភិបាលក្នុងការការពារសិទ្ធិមូលដ្ឋានរបស់ពលករ និងទង្វើរបស់និយោជកដែលប្រព្រឹត្តឡើយដោយគ្មានការដាក់ទោសពៃរ៍នៅក្នុងបរិស្ថានសង្គមដូចនោះ»។
លោក Jeff Thinnes អ្នកពិគ្រោះយោបល់លើបញ្ហាក្រមសីលធម៌និងការអនុវត្តច្បាប់ បាននិយាយថា ជនចំណាកស្រុកទាំងនោះដែលភាគច្រើនមកពីប្រទេសនេប៉ាល់ បង់ក្លាដែស ឥណ្ឌា បាគីស្ថាន និងស្រីលង្កា អាចពិពណ៌នាបានថា ពួកគេគឺត្រឹមតែជាទាសករពលកម្មតែប៉ុណ្ណោះ។
«ខ្ញុំគិតថា នៅពេលដែលជនដែលពេញវ័យនៅជំនាន់ឆ្នាំ២០០០ បានយល់ដឹងពីបញ្ហានេះ ហើយនៅពេលដែលអ្នកបានឃើញការលើកឡើងពីបញ្ហានេះកាន់តែច្រើននៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម វានឹងជំរុញភាគីដែលពាក់ព័ន្ធដទៃទៀត ដែលក្នុងនោះរួមមានក្រុមហ៊ុនឧបត្ថម្ភ ដែលបានដាក់ឈ្មោះនិងកេរ្តិ៍ឈ្មោះរបស់ពួកគេថាជាអ្នកឧបត្ថម្ភសកម្មភាពផ្សេងៗ ដូចជាសកម្មភាពទាំងឡាយដឹកនាំដោយសហព័ន្ធបាល់ទាត់ FIFA ឲ្យចោទសួរខ្លួនឯងថា តើនេះជាអ្វីដែលពួកយើងត្រូវធ្វើឬ? តើនេះជាវិធីដ៏ប្រសើរបំផុតរបស់យើងនៅក្នុងការវិនិយោគឬ?»។
នាង Jane Buchanan បាននិយាយថា បន្ថែមពីលើកាតព្វកិច្ចផ្លូវច្បាប់សម្រាប់ប្រទេសកាតា និងរុស្ស៊ី សហព័ន្ធបាល់ទាត់ FIFA មានការទទួលខុសត្រូវក្នុងការបង្កើតច្បាប់និងការរំពឹងទុកនានាដើម្បីការពារពលករ ហើយបញ្ចៀសការកើតមានកំហុសពីអតីតកាលសារជាថ្មី។
«អ្វីដែលយើងបានឃើញនៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងានៅក្រុង Sochi គឺការកេងប្រវ័ញ្ចយ៉ាងរង្គាលទៅលើពលករចំណាកស្រុក ដែលសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនិងកីឡដ្ឋាន ការព្រងើយកន្តើយយ៉ាងជាក់ច្បាស់ពីសំណាក់រដ្ឋាភិបាលរុស្ស៊ី រហូតដល់នាទីចុងក្រោយបង្អស់ទើបមានការចុះទៅត្រួតពិនិត្យ និងដាក់ឲ្យពួកនិយោជកទទួលខុសត្រូវលើការរំលោភបំពានផ្សេងៗទាំងនោះ។ ដូច្នេះ ខ្ញុំគិតថា នេះបង្ហាញនូវសញ្ញាយ៉ាងច្បាស់មួយថា សកម្មភាពទាំងនោះត្រូវគេព្រងើយកន្តើយជាទូទៅ»។
សមាជិកសភារុស្ស៊ីបានស្នើឲ្យមានការដាក់បញ្ចូលអ្នកទោសឲ្យធ្វើការនៅការដ្ឋានសំណង់កីឡាសម្រាប់ការប្រកូតបាល់ទាត់ពិភពលោកនៅឆ្នាំ២០១៨ ដែលសកម្មភាពនេះ នាង Buchanan បានចាត់ទុកថា ជាការធ្វើឲ្យអ្នកទោសទាំងនោះប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរពីការធ្វើពលកម្មដោយបង្ខិតបង្ខំ។ នាងបានបន្តថា រដ្ឋាភិបាលរុស្ស៊ីបានបន្ទាបការការពារកម្លាំងពលកម្មរួចទៅហើយសម្រាប់ពលករដែលពាក់ព័ន្ធនៅក្នុងការរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា