ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បង្កសង្គ្រាមជាមួយអ៊ុយក្រែន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីផ្តាច់រុស្ស៊ីឱ្យនៅឯកោ ខាងផ្នែកការទូតនិងហិរញ្ញវត្ថុ។
លោកប្រធានាធិបតី Joe Biden ថ្លែងថា៖ «លោក Putin ជាអ្នកឈ្លានពាន។ លោកជាអ្នកឈ្លានពាន ដូច្នេះ Putin ត្រូវតែសងការខូចខាត»។
ទោះយ៉ាងណា គោលជំហររបស់ឥណ្ឌាបានធ្វើឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនពិបាកសម្រេចចិត្ត។ រដ្ឋាភិបាលទីក្រុងញូវដែលីបានស្នើឱ្យមានសន្តិភាព ប៉ុន្តែបោះឆ្នោតអនុប្បវាទលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលបានថ្កោលទោសរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់ឥណ្ឌា។ រដ្ឋាភិបាលក្រុងញូវដែលីក៏បានទិញប្រេងច្រើនជាងមុនពីរុស្ស៊ីផងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានស្នើឥណ្ឌាឱ្យជួយសហការប្រឆាំងនឹងរុស្ស៊ី។
លោក Blinken បានមានប្រសាសន៍ថា៖ «តាមការវិនិច្ឆ័យរបស់ពួកយើង វាសំខាន់ណាស់ដែលប្រទេសទាំងអស់ ជាពិសេសប្រទេសដែលមានឥទ្ធិពល ត្រូវដាក់សម្ពាធលើលោក Putin ឱ្យបញ្ចប់សង្រ្គាម»។
ប៉ុន្តែប្រទេសដែលប្រើប្រាស់ប្រេងធំបំផុតទីបីក្នុងពិភពលោកនេះ បានប្រកែកថា ខ្លួនត្រូវការថាមពលដែលមានតម្លៃថោកសម្រាប់តម្រូវការដែលកំពុងកើនឡើង។ រដ្ឋមន្ត្រីការបរទេសប្រទេសឥណ្ឌាលោក Subrahmanyam Jaishankar បាននិយាយថា វាជាកាតព្វកិច្ចរបស់លោកដើម្បីរកឱ្យបានកិច្ចព្រមព្រៀងល្អបំផុតមួយសម្រាប់ប្រទេសរបស់លោក។
លោកបញ្ជាក់ថា៖ «យើងបានឃើញថាទំនាក់ទំនងឥណ្ឌានិងរុស្ស៊ីផ្តល់ប្រយោជន៍ឱ្យយើង។ បើសិនជាវាផ្តល់ប្រយោជន៍ឱ្យខ្ញុំ ខ្ញុំនឹងចង់រក្សាវា»។
រដ្ឋាភិបាលក្រុងមូស្គូបានក្លាយជាអ្នកផ្គត់ផ្គង់ថាមពលធំបំផុតរបស់រដ្ឋាភិបាលទីក្រុងញូវដែលីក្នុងឆ្នាំនេះនៅពេលដែលការនាំចូលបានកើនឡើង។ អតីតមន្ត្រីការទូតឥណ្ឌាអ្នកស្រី Manju Seth និយាយថា ឥណ្ឌាកំពុងអនុវត្តស្វ័យភាពខាងយុទ្ធសាស្ត្រ ដោយអ្នកស្រីពន្យល់ថា៖ «នេះមានន័យថាយើងធ្វើការសម្រេចគ្រប់យ៉ាងផ្អែកលើផលប្រយោជន៍របស់ឥណ្ឌា។ សហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់របស់យើង។ ប៉ុន្តែយើងក៏ចង់សាកមើលថាអ្វីដែលល្អបំផុតសម្រាប់យើង តើយើងគួរធ្វើអ្វីដើម្បីផលប្រយោជន៍ជាតិយើង»។
ទោះបីជាលោក Biden ហៅការឆ្លើយតបរបស់ឥណ្ឌាលើបញ្ហាអ៊ុយក្រែនថាមិនច្បាស់លាស់ក្តី ក៏អ្នកស្រី Tamanna Salikuddin នាយិកានៃកម្មវិធីអាស៊ីខាងត្បូងនៃវិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) ក្នុងរដ្ឋធានីវ៉ាស៊ីនតោននិយាយថា ប្រតិកម្មស្ងប់ស្ងាត់ដែលគួរឱ្យកត់សម្គាល់របស់លោក Biden គឺដោយសារក្រុងវ៉ាស៊ីនតោនត្រូវការការគាំទ្រពីឥណ្ឌាប្រឆាំងនឹងគូសត្រូវធំជាងនេះ។
អ្នកស្រី Salikuddin ថ្លែងតាមប្រព័ន្ធ Skype ថា៖ «ទោះបីជាក្នុងពេលឆាប់ៗនេះ យើងចង់ឱ្យប្រទេសឯទៀតស្ថិតក្នុងជំហរដូចយើងប្រឆាំងនឹងរុស្ស៊ីជាពិសេសការឈ្លានពានអ៊ុយក្រែននេះក្តី ក៏ការគំរាមកំហែងធំជាងនិងមានយុទ្ធសាស្ត្រខ្លាំងជាងពិតប្រាកដនោះគឺប្រទេសចិន ហើយយើងឃើញថា ឥណ្ឌាជាដៃគូដ៏សំខាន់ក្នុងកិច្ចការនេះ គឺតទល់ប្រឆាំងនឹងប្រទេសចិន»។
យុទ្ធសាស្ត្រសន្តិសុខជាតិរបស់លោក Biden ដែលបានចេញផ្សាយកាលពីខែតុលា ពឹងលើឥណ្ឌាដើម្បីជួយធ្វើឱ្យមានតុល្យភាពប្រឆាំងនឹងចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសតាមរយៈក្រុមប្រទេស Quad ដែលជាសម្ព័ន្ធមិត្តមិនផ្លូវការមួយរវាងសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី។
អតីតមន្ត្រីការទូតឥណ្ឌាអ្នកស្រី Manju Seth បានថ្លែងបន្តថា៖ «សកម្មភាពរបស់ចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កំពុងប៉ះពាល់ឥណ្ឌាដូចគ្នា ដែលមានដូចជា សន្តិសុខឥណ្ឌានិងតំបន់ជិតខាង។ ដូច្នេះយើងពិតជាចង់ចូលរួមក្នុងអង្គការនេះ ដែលវានឹងប្រហែលអាចជួយបញ្ឈប់ឥរិយាបថគឃ្លើនរបស់ចិន ដែលសកម្មភាពខ្លះបានតម្រង់រកឥណ្ឌាថែមទៀតដែរ»។
ប៉ុន្តែប្រទេសចិនក៏ជាដៃគូពាណិជ្ជកម្មធំបំផុតទីពីររបស់ឥណ្ឌាដែរបន្ទាប់ពីសហរដ្ឋអាមេរិក ហើយឥណ្ឌាជាសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃដែលដឹកនាំដោយទីក្រុងប៉េកាំង។ ទោះយ៉ាងណា ទំនាក់ទំនងស៊ីជម្រៅរបស់ចិនជាមួយសត្រូវរបស់របស់ឥណ្ឌាគឺប្រទេសប៉ាគីស្ថាននោះ និងជម្លោះព្រំដែនរបស់ចិនជាមួយឥណ្ឌា ជាមូលហេតុដែលទីក្រុងញូវដែលីសហការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់មហិច្ឆតាដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំង។
អ្នកស្រី Tamanna Salikuddin នៃវិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) ថ្លែងតាមប្រព័ន្ធ Skype ថា៖ «វិធីសាស្ត្ររបស់ពួកគេប្រហែលខុសគ្នា។ ខ្ញុំគិតថាទំហំ ឬយុទ្ធសាស្ត្រដែលពួកគេកំពុងគិតអំពីបណ្តាប្រទេស Quad ឬឥណ្ឌូប៉ាស៊ីហ្វិក ឬការប្រឆាំងនឹងចិនអាចមានគុណភាពខុសគ្នា ប៉ុន្តែខ្ញុំមិនគិតថាពួកគេមានគោលដៅផ្សេងឡើយ»។
ក្នុងឆ្នាំ២០២៣ អ្នកវិភាគរំពឹងថា មន្ត្រីអាមេរិកនិងមន្ត្រីឥណ្ឌានឹងផ្តោតជាសាធារណៈលើគោលដៅដូចគ្នាទាំងនេះជុំវិញបញ្ហាប្រទេសចិន ច្រើនជាងភាពខ្វែងគំនិតគ្នារបស់ពួកគេលើបញ្ហារុស្ស៊ី៕
ប្រែសម្រួលដោយ កញ្ញា ទុំ ម្លិះ