ប្រទេសកាតាកាលពីថ្ងៃអង្គារ និយាយថា ក្រុមអ្នកចរចាបទឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា កំពុងស្ថិតនៅក្នុង«ដំណាក់កាលចុងក្រោយ»នៃការចរចា និងថា ភាគីទាំងសងខាងបានឈានដល់ចំណុចកៀកបំផុតទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់មួយ។
ថ្លែងនៅឯសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយ រដ្ឋមន្ត្រីការបរទេសកាតា លោក Majed al-Ansari បានពិពណ៌នាកិច្ចចរចាដែលកំពុងបន្តនេះថា មានភាពវិជ្ជមាននិងទទួលផលល្អ ប៉ុន្តែក៏បានព្រមានពីការឆាប់អបអរខ្លាំងពេក នៅពេលមិនទាន់មានការប្រកាសកិច្ចព្រមព្រៀងណាមួយជាផ្លូវការនោះ។
ប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានដឹកនាំកិច្ចប្រឹងប្រែងអស់ជាច្រើនខែដើម្បីសម្រេចឱ្យបានការឈប់បាញ់គ្នា ដោយកិច្ចចរចានៅទីក្នុងដូហា កាលពីថ្ងៃអង្គារបានផ្តោតទៅលើសេចក្តីលម្អិតចុងក្រោយនៃកិច្ចព្រមព្រៀងនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងនេះ«ហៀបនឹងចេញជារូបរាងហើយ»។
នៅក្នុងសុន្ទរកថាមួយនៅក្រសួងការបរទេសអាមេរិក ដើម្បីគូសបញ្ជាក់ពីសមិទ្ធផលនានានៃគោលនយោបាយរបស់លោក លោក Biden ថ្លែងថា កិច្ចព្រមព្រៀងនេះនឹង«ដោះលែងចំណាប់ខ្មាំង បញ្ឈប់ការប្រយុទ្ធគ្នា ផ្តល់សន្តិសុខដល់អ៊ីស្រាអែល និងអនុញ្ញាតឱ្យយើងអាចបង្កើនជំនួយមនុស្សធម៌បានច្រើនជាងមុនយ៉ាងច្រើន ដល់ជនជាតិប៉ាឡេស្ទីន ដែលបានរងទុក្ខយ៉ាងខ្លាំងពីសង្គ្រាមមួយនេះ ដែលត្រូវបានចាប់ផ្តើមឡើងដោយក្រុមហាម៉ាស់»៕
វេទិកាបញ្ចេញមតិ