ប្រទសកាតាមានគម្រោងនៅថ្ងៃសុក្រធ្វើពិធីបុណ្យបញ្ចុះសពមេដឹកនាំក្រុមហាម៉ាស់លោក Ismail Haniyeh បន្ទាប់ពីការស្លាប់របស់លោកនៅក្នុងរដ្ឋធានីតេហេរ៉ង់នៃប្រ ទេសអ៊ីរ៉ង់ ជាការវាយប្រហារមួយដែលត្រូវបានស្តីបន្ទោសលើអ៊ីស្រាអែលដែលបានធ្វើឱ្យមានការភ័យខ្លាចនៃការរាលដាលនៅក្នុងតំបន់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Haniyeh ជាប្រធាននយោបាយនៃក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបានរស់នៅក្នុងទីក្រុងដូហារួមជាមួយសមាជិកផ្សេងទៀតរបស់ការិយាល័យនយោបាយហាម៉ាស់។
លោក នឹងត្រូវបញ្ចុះនៅឯកន្លែងបញ្ចុះសពនៅសង្កាត់ Lusail ភាគខាងជើងរាជធានី បន្ទាប់ពីការសូត្រធម៌បុណ្យសពនៅឯវិហារអ៊ីស្លាម Muhammad bin Abdul Wahhab ដែលជាវិហារធំជាងគេបង្អស់ក្នុងប្រទេសសម្បូរឧស្ម័នមួយនេះនៅពិភពអារ៉ាប់។
ការសម្លាប់លោកបានបណ្តាលឱ្យមានការអំពាវនាវសងសឹកហើយជាឧបទ្ទវហេតុមួយនៃឧបទ្ទវហេតុជាច្រើនដែលបានបញ្ឆេះការតានតឹងនៅក្នុងតំបន់ក្នុងអំឡុងពេលសង្គ្រាមនៅតំបន់ហ្កាហ្សារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ដែលបានទាក់ទាញក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី លីបង់ អ៊ីរ៉ាក់និងយេម៉ែន។
ក្រុមហាម៉ាស់បាននិយាយថា«ពួកមេដឹកនាំអារ៉ាប់និងអ៊ីស្លាម»និងអ្នកតំណាងរបស់ភាគីនានារបស់ប៉ាឡេស្ទីននិងសាធារណៈជននឹងចូលរួមពិធីនេះ។
លោក Haniyeh និងអង្គរក្សម្នាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារមុនថ្ងៃរះទៅលើកន្លែងស្នាក់នៅរបស់ពួកគេនៅរដ្ឋធានីតេហេរ៉ង់កាលពីព្រឹកថ្ងៃពុធ។ នេះបើតាមឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់។
លោកបានធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ។
អ៊ីស្រាអែលដែលត្រូវបានចោទប្រកាន់ដោយក្រុមហាម៉ាស់ អ៊ីរ៉ង់និងក្រុមផ្សេងទៀតពីការវាយប្រហារនេះ មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់អំពីបញ្ហានេះទេ។
ឃាតកម្មលើមេដឹកនាំហាម៉ាស់នេះបានកើតមានឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រា អែលបានវាយប្រហារនៅជាយក្រុងភាគខាងត្បូងរដ្ឋធានីបេរូតដែលបានសម្លាប់លោក Fuad Shukr មេបញ្ជាការយោធារបស់ក្រុម Hezbollah នៃប្រទេសលីបង់ដែលជាសម្ព័ន្ធ មិត្តរបស់ក្រុមហាម៉ាស់។
ក្នុងរដ្ឋធានីតេហេរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ហ្វូងអ្នកកាន់ទុក្ខបានធ្វើការគោរពរបស់ពួកគេក្នុងអំឡុងនៃពិធីបុណ្យសពសាធារណៈមួយសម្រាប់លោក Haniyeh៕