ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណាប់ខ្មាំង​និង​អ្នកទោស​ នឹង​ត្រូវ​​​ចាប់​ផ្តើម​ដោះលែង​​នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រោម​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់​


សមាជិកប្រព័ន្ធផ្សព្វផ្សាយ​និង​ប្រជាជ​ន​ប្រមូល​ផ្តុំ​នៅ​ព្រំដែន​ Rafah ពេល​ដែល​ក្រុម​យោធា​ហាម៉ាស់​នឹង​ដោះលែង​ចំណាប់ខ្មាំងកាលពីថ្ងៃទី​២៤ វិច្ឆិកា ឆ្នាំ​២០២៣។
សមាជិកប្រព័ន្ធផ្សព្វផ្សាយ​និង​ប្រជាជ​ន​ប្រមូល​ផ្តុំ​នៅ​ព្រំដែន​ Rafah ពេល​ដែល​ក្រុម​យោធា​ហាម៉ាស់​នឹង​ដោះលែង​ចំណាប់ខ្មាំងកាលពីថ្ងៃទី​២៤ វិច្ឆិកា ឆ្នាំ​២០២៣។

កិច្ចព្រមព្រៀង​បទ​ឈប់បាញ់​រយៈពេល​៤​ថ្ងៃ​ រវាង​កងកម្លាំង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ បាន​ចូល​ជា​ធរមាន​កាល​ពីវេលា​ម៉ោង​៧​ព្រឹក​ ​ថ្ងៃ​សុក្រ​ ម៉ោង​ក្នុង​ស្រុក ដោយ​គេ​សង្ឃឹម​ថា​ នឹង​មាន​ការ​ដោះលែងចំណាប់​ខ្មាំង​រាប់​សិប​នាក់ ដែលត្រូវ​បាន​ចាប់ដោយ​ក្រុម​ហាម៉ាស់ និង​ជនជាតិ​ប៉ាឡេស្ទីន​ចំនួន​១៥០​នាក់​ ដែលអ៊ីស្រាអែល​បានឃុំ​ខ្លួន។​ ​

កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​នេះ ​រួម​មាន​ការផ្អាក​ការ​បាញ់ក្នុង​តំបន់​ខាង​ជើង​និង​ខាង​ត្បូងនៃ​ទីក្រុង​ហ្កាហ្សា​។ នេះ​បើ​តាម​អ្នក​នាំពាក្យ ​Majed Al-Ansari ដែល​បាន​ប្រាប់​ក្រុមអ្នក​សារព័ត៌មានក្នុង​រដ្ឋធានីដូហា​ ​ប្រទេស​កាតា​ ​ក្នុង​ពេល​កន្លង​ទៅ។​ ​

ផ្អែក​លើ​កិច្ច​ព្រមព្រៀង​នេះ ស្ត្រី​និង​កុមារ​ចំនួន​៥០​នាក់​ ដែល​ត្រូវបាន​ចាប់​ពង្រត់ពី​ប្រទេស​អ៊ីស្រាអែល​ ដោយ​ក្រុម​ហាម៉ាស់​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលាកន្លង​ទៅ នឹងត្រូវ​ដោះលែង ជា​ថ្នូរ​នឹង​ស្ត្រី​និង​មនុស្ស​មិន​ទាន់​ពេញ​វ័យ​១៥០​នាក់​ ដែល​ជា​ពលរដ្ឋ​ប៉ាឡេស្ទីន​ ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​អ៊ីស្រាអែល​។​ ​

ចំណាប់​ខ្មាំង​ចំនួន​១៣នាក់​ នឹង​ត្រូវ​ដោះលែងពី​តំបន់​ហ្កាហ្សា​នៅ​ថ្ងៃ​សុក្រ​នេះ​ ​ហើយ​ចំណាប់​ខ្មាំង​បន្ថែម​ទៀតនឹង​ត្រូវ​ដោះលែងជា​រៀង​រាល់​ថ្ងៃក្នុង​អំឡុង​ពេល​នៃបទ​ឈប់បាញ់​គ្នា​នេះ​ រហូត​ដល់ចំនួន​៥០​នាក់​។ ​

លោក​ Al-Ansari ​និយាយ​ថា​៖ «យើង​សង្ឃឹម​ថា​ កិច្ចព្រមព្រៀង​ឈប់បាញ់​ នឹងឆ្ពោះទៅ​រកឱកាស​មួយ​ ​ក្នុង​ការ​ចាប់​ផ្តើមការ​ងារ​ធំជាង​នេះមួយ ដើម្បី​សម្រេច​បានកិច្ចព្រមព្រៀង​ឈប់បាញ់​ជា​អចិន្ត្រៃយ៍»។​

យោង​ទៅ​លើ​សំណើ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ ​អ្នក​ជំនាញ​លើ​កុមារពីវិទ្យាស្ថាន​ Haruv នៃ​ទីក្រុង Jerusalem បាន​ដាក់​ចេញសេចក្តី​ណែនាំមួយ​ចំនួន​ ​អំពី​របៀប​ដែល​ក្រុម​ទាហាន​អ៊ីស្រាអែលត្រូវអនុវត្ត​ ពេលពួក​គេ​ទទួល​បានអនីតិជន​ពេល​ដោះ​លែង​ពី​តំបន់​ហ្កាហ្សា។ ​

អ៊ីស្រាអែល​បាន​ទទួល​បញ្ជី​ឈ្មោះ​បណ្តោះអាសន្ន​មួយ​ ពី​ចំនួន​ចំណាប់​ខ្មាំង​ដែលនឹង​ត្រូវ​ដោះលែង​ ពី​តំបន់​ហ្កាហ្សា​នៅ​ថ្ងៃ​សុក្រ​នេះ។​ នេះ​បើតាម​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ ដែល​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។​ ​

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ឱ្យ​ដឹង​ថា​ «អាជ្ញាធរ​ពាក់ព័ន្ធ​កំពុងត្រួតពិនិត្យ​មើល​សេចក្តី​លម្អិត ​លើ​បញ្ជី​អ្នកដែល​នឹង​ត្រូវដោះលែង​ទាំង​នោះ​ហើយ​ ​កំពុងទាក់​ទង​ក្រុម​គ្រួសាររបស់​ពួកគេ​ទាំង​អស់​ផង​ដែរ»៕

XS
SM
MD
LG