ប្រទេសកាតាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សេចក្តីប្រកាសអំពីការចាប់ផ្តើមការផ្អាកការបាញ់គ្នារវាងប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់ និងការដោះលែងចំណាប់ខ្មាំង អាចធ្វើឡើងនៅថ្ងៃនេះ បន្ទាប់ពីមានការពន្យាពេលក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលធ្វើឡើងដើម្បីជួយក្នុងការធ្វើឱ្យជំនួយមនុស្សធម៌ទៅដល់តំបន់ហ្កាហ្សា។
«កិច្ចព្រមព្រៀងឈប់បាញ់ដែលបានយល់ស្របគ្នា នឹងធ្វើឡើងនៅពេលប៉ុន្មានម៉ោងខាងមុខនេះ»។ នេះបើតាមសម្តីរបស់លោក Majed Al-Ansari អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសកាតា។
ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសអ៊ីស្រាអែល លោក Tzachi Hanegbi បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធថា ការចចាកំពុងបន្ត ហើយថាចំណាប់ខ្មាំងដំបូងដែលពួកហាម៉ាស់បានចាប់ទុកក្នុងតំបន់ហ្កាហ្សានឹងមិនទាន់ដោះលែង រហូតដល់យ៉ាងហោចណាស់ថ្ងៃសុក្រ។
នៅក្រោមកិច្ចព្រមព្រៀងនោះ អ៊ីស្រាអែលនឹងផ្អាកការវាយប្រហារលើតំបន់ហ្កាហ្សាចំនួន៤ថ្ងៃ ក្រុមហាម៉ាស់នឹងដោះលែងស្ត្រីនិងកុមារចំនួន៥០នាក់ ដែលខ្លួនបានចាប់ក្នុងការវាយប្រហារមួយលើអ៊ីស្រាអែល កាលពីខែតុលា ហើយអ៊ីស្រាអែលរំពឹងថានឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១៥០នាក់។
គេនៅមិនទាន់ដឹងថាតើក្រុមហាម៉ាស់នឹងដោះលែងអ្នកណាខ្លះនៅឡើយទេ ប៉ុន្តែក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ពួកគេជឿថា ចំណាប់ខ្មាំងសញ្ជាតិអាមេរិកាំងខ្លះក្នុងចំណោមពលរដ្ឋអាមេរិកាំងចំនួន៩នាក់ដែលពួកហាម៉ាស់ចាប់ឃុំនោះ នឹងស្ថិតក្នុងចំណោមអ្នកដែលនឹងត្រូវដោះលែង។
យោធាអ៊ីស្រាអែលបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានវាយប្រហារតាមដែនអាកាសលើទីតាំងក្រុមហាម៉ាស់ចំនួន ៣០០ កាលពីថ្ងៃពុធ ដែលមានរួមទាំងរូងក្រោមដី ឃ្លាំងដាក់ទំនិញ និងទីតាំងបាញ់រថក្រោះ ដែលពួកក្រុមជីវពលបានប្រើប្រាស់។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាថានឹងធានាថាពួកហាម៉ាស់នឹងលែងមានសមត្ថិភាពដើម្បីវាយប្រហារអ៊ីស្រាអែលទៅថ្ងៃអនាគត។ លោកបានថ្លែងក្នុងសន្និសីទកាសែតមួយ កាលពីយប់ថ្ងៃពុធថា ក្រោយបទឈប់បាញ់ បញ្ចប់ យោធាអ៊ីស្រាអែលនឹងបន្តយុទ្ធនាការរបស់ខ្លួនឡើងវិញ ក្នុងតំបន់ហ្កាហ្សា៕
ព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAssociated Press, Agence France-Presse និងReuters