ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្តើមអាណត្តិថ្មីទី៥របស់លោកក្នុងនាមជាមេដឹកនាំរុស្ស៊ីនៅក្នុងពិធីស្បថឡើងកាន់តំណែងមួយនៅវិមានក្រឹមឡាំង ក្នុងរដ្ឋធានីមូស្គូនៅថ្ងៃអង្គារនេះ ដោយដឹកនាំប្រទេសរុស្ស៊ីក្នុងរយៈពេល៦ឆ្នាំបន្តទៅមុខទៀត ក្រោយពីកម្ចាត់ក្រុមប្រឆាំងនយោបាយរបស់លោក ការបង្កសង្ក្រាមដ៏មហន្តរាយមួយក្នុងប្រទេសអ៊ុយក្រែន និងក្តោបអំណាចទាំងមូលក្នុងដៃរបស់លោករួចមក។
បន្ទាប់ពីកាន់អំណាចជាប្រធានាធិបតីរុស្ស៊ីអស់រយៈពេលជិត២៥ឆ្នាំកន្លងទៅ និងជាមេដឹកនាំវិមានក្រឹមឡាំងដ៏យូរបំផុតមួយ ចាប់តាំងពីលោក Josef Stalin មក អាណត្តិថ្មីរបស់លោក Putin នៅពេលនេះនឹងផុតកំណត់នៅក្នុងឆ្នាំ២០៣០ ហើយលោកនឹងមានសិទ្ធិតាមរដ្ឋធម្មនុញ្ញរុស្ស៊ីអាចឈរឈ្មោះជាប្រធានាធិបតីរុស្ស៊ីជាថ្មីម្តងទៀត។
ក្នុងពិធីស្បថឡើងកាន់តំណែងរបស់លោកក្នុងមហាសាលវិមានក្រឹមឡាំង លោក Putin បានដាក់ដៃលើរដ្ឋធម្មនុញ្ញរុស្ស៊ី ដោយបានសន្យាការពារច្បាប់កំពូលរបស់ប្រទេសមួយនេះ នៅចំពោះមុខមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលលោកបានជ្រើសរើស។
ចាប់តាំងពីឡើងកាន់អំណាចជំនួសអតីតប្រធានាធិបតីរុស្ស៊ីលោក Boris Yeltsin ក្នុងពេលវេលាចុងក្រោយនៃឆ្នាំ១៩៩៩នោះ លោក Putin បានប្រែក្លាយរុស្ស៊ីពីប្រទេសមួយ ដែលកំពុងងើបឡើងពីសេដ្ឋកិច្ចដែលបានដួលរលំនោះ ទៅជារដ្ឋមួយដែលមិនសូវមានការរាប់រក និងគំរាមកំហែងដល់សន្តិសុខសាកល។
សំណួរពេលនេះគឺនៅត្រង់ថា តើលោក Putin ដែលមានវ័យ៧១ឆ្នាំរូបនេះ នឹងធ្វើអ្វីខ្លះក្នុងរយៈពេល៦ឆ្នាំនៃអាណត្តិថ្មីរបស់លោក ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។
កងកម្លាំងរុស្ស៊ីពេលនេះកំពុងមានប្រៀបក្នុងសង្ក្រាមក្នុងប្រទេសអ៊ុយក្រែន ដោយប្រើយុទ្ធសាស្ត្របំផ្លិចបំផ្លាញប្រភពធនធានរបស់អ៊ុយក្រែន ខណៈក្រុងកៀវកំពុងជួបប្រទះការខ្វះខាតធនធានមនុស្សនិងគ្រាប់រំសេវជាខ្លាំង។ ភាគីទាំងពីរទទួលរងការខូចខាតកងកម្លាំងរបស់ខ្លួនជាខ្លាំង។
អ៊ុយក្រែនបានវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី ដោយប្រើប្រាស់ដ្រូននិងគ្រាប់មីស៊ីល ជាពិសេសក្នុងតំបន់ដែលនៅជាប់ព្រំដែនរបស់អ៊ុយក្រែន។ ក្នុងសុន្ទរកថាមួយកាលពីខែកុម្ភៈកន្លងទៅ លោក Putin បានសន្យានឹងអនុវត្តសម្រេចឱ្យបាននូវគោលបំណងរបស់រដ្ឋាភិបាលក្រុងមូស្គូលើប្រទេសអ៊ុយក្រែន ហើយនឹងធ្វើអ្វីដែលចាំបាច់ដើម្បី«ការពារអធិបតេយ្យភាពនិងសន្តិសុខរបស់ពលរដ្ឋរុស្ស៊ី»។
នៅថ្ងៃអង្គារនេះដែរ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនមួយនៅលើតំបន់ Belgorod។
ការបាញ់ទម្លាក់ដ្រូននេះជាលើកទី២ហើយ ដែលបានកើតឡើងលើតំបន់Belgorod ក្នុងរយៈពេលតិចជាង១២ម៉ោង ក្រោយពីប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនមួយគ្រឿងទៀតកាលពីយប់មិញ។
អភិបាលតំបន់ Belgorod បានរាយការណ៍ពីសឺរ៉ែនប្រកាសអាសន្ននៃការវាយប្រហារតាមអាកាស ប៉ុន្តែមិនមានព័ត៌មានបន្ថែមជុំវិញការខូចខាតដោយសារបំណែកដ្រូន ដែលត្រូវបានបាញ់ធ្លាក់នោះឡើយ។
តំបន់ Belgorod ដែលស្ថិតនៅជាប់ព្រំដែនជាមួយអ៊ុយក្រែននោះ បានក្លាយជាគោលដៅវាយប្រហារជាញឹកញាប់ពីអ៊ុយក្រែន។
រុស្ស៊ីកាលពីថ្ងៃចន្ទបានព្រមានថា នឹងវាយប្រហារទៅលើគោលដៅយោធារបស់អង់គ្លេសនៅក្នុងប្រទេសអ៊ុយក្រែននិងនៅកន្លែងផ្សេងៗទៀត ប្រសិនបើយោធាអ៊ុយក្រែន ប្រើប្រាស់គ្រាប់មីស៊ីលចម្ងាយឆ្ងាយដែលផ្តល់ឱ្យដោយចក្រភពអង់គ្លេស ដើម្បីធ្វើការវាយប្រហារលើទីតាំងរុស្ស៊ី។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Cameron និយាយថា កងកម្លាំងអ៊ុយក្រែន នឹងអាចប្រើប្រាស់អាវុធចម្ងាយឆ្ងាយដែលផ្តល់ឱ្យដោយប្រទេសអង់គ្លេស ដើម្បីធ្វើការវាយប្រហារលើទីតាំងនានា នៅខាងក្នុងទឹកដីប្រទេសរុស្ស៊ី៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និងReuters។
វេទិកាបញ្ចេញមតិ