ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អធិការបតី​អាល្លឺម៉ង់​ស្នើឱ្យ​ប្រទេស​ចិន​ប្រើ​ឥទ្ធិពល​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន


អធិការបតីអាល្លឺម៉ង់​លោក Olaf Scholz និងប្រធានាធិបតី​ចិន​លោក Xi Jinping សន្ទនាគ្នា​ក្នុងអំឡុង​ដំណើរទស្សនកិច្ច​របស់​មេដឹកនាំ​អាល្លឺម៉ង់​នៅទីក្រុងប៉េកាំង ប្រទេសចិន​ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ (Ding Haitao/Xinhua via AP)
អធិការបតីអាល្លឺម៉ង់​លោក Olaf Scholz និងប្រធានាធិបតី​ចិន​លោក Xi Jinping សន្ទនាគ្នា​ក្នុងអំឡុង​ដំណើរទស្សនកិច្ច​របស់​មេដឹកនាំ​អាល្លឺម៉ង់​នៅទីក្រុងប៉េកាំង ប្រទេសចិន​ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ (Ding Haitao/Xinhua via AP)

អធិការបតី​អាល្លឺម៉ង់លោក Olaf Scholz បាន​ស្នើ​ដល់​មេដឹកនាំ​ចិន​លោក​ Xi Jinping ឱ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ ដើម្បី​ដាក់​សម្ពាធ​ដល់​ប្រទេស​រុស្ស៊ីឱ្យ​បញ្ចប់​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន។ ​

ក្រោយ​ជំនួបជា​មួយលោក Xi កាលពី​ថ្ងៃ​អង្គារ ក្នុង​រដ្ឋធានី​ប៉េកាំង​ ​លោក Scholz បានបង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ X ​ថា​៖ «ចិន​មាន​ទឹកមាត់​ប្រៃ​ក្នុងប្រទេស​រុស្ស៊ី​ ដូច​នេះ​ហើយ​បានជា​ខ្ញុំស្នើ​ដល់ប្រធានាធិបតី​ចិន​លោក Xi ឱ្យ​ប្រើប្រាស់ឥទ្ធិពល​ដែល​ខ្លួន​មាន​ចំពោះ​រុស្ស៊ី ដើម្បី​ឱ្យ​លោក Putin នៅ​ទី​បំផុត​ បញ្ចប់សង្គ្រាម​ដ៏ព្រៃផ្សៃ​មួយ​នេះ» ។ ​

លោក​បន្ថែម​ទៀត​ថា​ លោក Xi ​បាន​យល់ស្រប​ដើម្បី​គាំទ្រឱ្យ​មាន​សន្និសីទ​ស្តី​ពី​សន្តិភាព​មួយ​នៅ​ក្នុង​ប្រទេស​ស្វីស។

លោក ​Scholz​ ថ្លែង​ដូច​នេះ នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចំនួន​ ៣ ​ថ្ងៃ​ទៅ​កាន់​ប្រទេស​ចិន ដែលក្នុងនោះ​លោក​បាន​ពិភាក្សា​លើ​បញ្ហា​ជា​ច្រើន​ជាមួយ​លោក Xi និង​មេដឹកនាំ​ចិន​ដទៃ​ផ្សេង​ទៀត។​

លោក Scholz​ កាល​ពី​ថ្ងៃ​អង្គារ​ ក៏​បាន​ព្រមាន​ជំទាស់​នឹង​ការ​គំរាមកំហែង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​សង្គ្រាម​ ក្រោយ​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin​កាល​ពី​ខែ​មុន​និយាយ​ថា​ លោកបាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ ប្រសិន​បើ​អធិបតេយ្យភាព​ឬ​ឯករាជ្យ​របស់​រុស្ស៊ីរង​ការ​គំរាមកំហែង។

លោក​ក៏​បាន​ប្រាប់​លោក ​Xi ​ថា​ ការ​ចូល​ឈ្លានពានរបស់​ក្រុង​មូស្គូ​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែនជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​សាកល ​ហើយ​ថា​ ប្រទេស​ទាំងពីរ​អាច​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច​បាននូវ​«សន្តិភាព​មួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន»។ ​

ដោយ​និយាយ​សំដៅលើ​វិបត្តិ​នេះ​ លោក Xi និយាយ​ថា៖​ «ចិន​លើក​ទឹកចិត្ត​និង​គាំទ្ររាល់​កិច្ចប្រឹងប្រែង​ទាំង​អស់​ដែល​អាច​ធ្វើបាន ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយសន្តិវិធី​ទៅ​លើវិបត្តិ​ដែល​កើតមាន»។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយនៃ​ប្រព័ន្ធ​ព័ត៌មាន​រដ្ឋ​ចិន។ ​

លោក Xi បន្ថែម​ទៀត​ថា​ ចិន​និង​អាល្លឺម៉ង់​ជា​ប្រទេសមហាអំណាច​សេដ្ឋកិច្ច​ធំ​បង្អស់​ទី​ ២ ​និង​ទី​ ៣ ​នៅ​ក្នុង​ពិភពលោក​ ហើយ​ថារដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​បែរឡាំង ​គួរពិនិត្យមើល​និង​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​សម្រាប់រយៈពេល​វែង ​និង​យុទ្ធសាស្ត្រ ដើម្បី​ធ្វើការ​រួម​គ្នាបង្កើត​ឱ្យ​មាន​ស្ថិរភាព​និង​ភាព​ប្រាកដ​និយម​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​នៅ​ក្នុង​ពិភពលោក»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG