ក្រោយមានការឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់៨នាក់ ដែលសង្ស័យថា បានកាប់បំផ្លាញព្រៃឈើ និងសម្លាប់សត្វព្រៃដើម្បីយកទៅលក់ អាជ្ញាធរខេត្តពោធិ៍សាត់បន្តដាក់កម្លាំងចម្រុះឱ្យទប់ស្កាត់សកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិនៅស្រុកចំនួនពីរគឺស្រុកវាលវែង និងស្រុកភ្នំក្រវាញជាទីដែលតំបន់មួយចំនួនត្រូវដាក់ជាកន្លែងអភិរក្ស។
ប្រតិបត្តិការនៃកម្លាំងចម្រុះចុះទៅបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ ធ្វើឡើង តាមបញ្ជារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អប្រសើរ បន្ទាប់ពីកិច្ចប្រជុំទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤។
អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា មកដល់ពេលនេះក្រុមកម្លាំងចម្រុះបន្តចុះធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្ទាប់ពីឃាត់ខ្លួនមនុស្សបាន៨នាក់ ពាក់ព័ន្ធនឹងការសម្លាប់សត្វ និងការកាប់ព្រៃយកទៅលក់ឱ្យឈ្មួញ។
លោកថ្លែងថា៖«មកដល់ពេលនេះប្រហែលជាចូលដល់៨នាក់ហើយ។ យើងកំពុងធ្វើនីតិវិធី អ្នកកាប់មិនមែនមានតែប៉ុណ្ណឹងនាក់ទេ មានច្រើនដែលគាត់ដឹងឃើញកម្លាំងទ្រង់ទ្រាយធំដែលចុះទៅនេះ គេចខ្លួនអ៊ីចឹងទៅ។ ប៉ុន្តែគ្មានគេចរួចទៅណាទេ យើងត្រូវធ្វើអត្តសញ្ញាណ បុគ្គលហ្នឹងនៅឯណា? ឈ្មោះអី? មកពីណា?គេចអត់រួចទេ ខុសតែពេលវេលា យើងនឹងយកអនុវត្តច្បាប់បន្តបន្ទាប់»។
លោកបន្ថែមថា កម្លាំងចម្រុះថ្នាក់ក្រោមជាតិនៅតែបន្តល្បាតនៅតាមទីតាំងបទល្មើសទាំងអស់បន្តទៀតនៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ ដោយមិនមានការដកថយដើម្បីរារាំងកុំឱ្យជនល្មើសបន្តសកម្មភាព។
លោកថ្លែងថា៖«កម្លាំងថ្នាក់ក្រោមជាតិនេះ កម្លាំងសរុបរបស់ថ្នាក់ក្រោមជាតិនេះគឺ អត់ដកទេ។ បើដកដូចវគ្គទីមួយ ពេលយើងដកមកពួកគាត់ចូលទៅប្រព្រឹត្តិលើកក្រោយបន្ថែមទៅលើស អាមុនទៀត។ អ៊ីចឹងសញ្ញានេះមួយវាជាបញ្ហាគ្រោះថ្នាក់ ជាបទពិសោធន៍ យើងអត់អាចដកបានទេគឺត្រូវប្រចាំការនៅហ្នឹងរហូត»។
បើតាមលោកខូយ រីដា ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងស្រុកវាលវែង និងភ្នំក្រវាញរបស់ខេត្តពោធិ៍សាត់ អាជ្ញាធរបានឃ្លុំដីជាង ៣ ពាន់ហិកតា ហើយបើសរុបជាមួយនឹងការបង្រ្កាបតាំងពីឆ្នាំ ២០២៣ មកនោះ ផ្ទៃដីដែលត្រូវបានឃ្លុំមិនឱ្យមានការចូលទន្ទ្រានបំផ្លាញធនធានធម្មជាតិមានទំហំជាង ៣ ម៉ឺនហិកតា។
ក្រសួងបរិស្ថានក៏បានបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអង្គារថា កម្លាំងចម្រុះ បានដកហូតម៉ូតូ ២ គ្រឿង រណារយន្តតូច.ធំ ១៣គ្រឿងគោយន្ត ១ គ្រឿង កាំភ្លើងកែច្នៃ ៣ ដើម រួមជាមួយម៉ាស៊ីនកាត់ស្មៅ ១ គ្រឿង និងរុះរើខ្ទមបណ្ដោះអាសន្នចំនួន ៥៥ ខ្ទម បង្គោលរបង ចំនួន ១៦០៥ ដើម បន្លាលួស ១២០០ ម៉ែត្រដំណាំដើមដំឡូងមី និងដំណាំចម្រុះបានមួយចំនួន។
ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជាលោក ហេង គឹមហុង យល់ថា បទល្មើសកាប់បំផ្លាញព្រៃ និងសម្លាប់សត្វនៅជួរភ្នំក្រវាញកើតមានជាច្រើនឆ្នាំមកហើយ ដែលវាធ្វើឱ្យប្រភេទឈើប្រណិតៗត្រូវបានកាប់យកចេញជាបន្តបន្ទាប់។
លោកថ្លែងថា៖ «គួរតែបើកប្រតិបត្តិការពីររួមគ្នាទើបអាចមានប្រសិទ្ធភាពទី ១ គឺបង្ក្រាបបណ្តាញជួញដូរក្រុមអ្នកកាប់បំផ្លាញព្រៃឈើ បណ្តាញជួញដូរ និងអ្នកពីក្រោយការកាប់ព្រៃឈើក្នុងតំបន់ការពារធម្មជាតិយ៉ាងគគ្រឹកគ្រេងដោយពុំមានការខ្លាចរអាចំពោះមុខច្បាប់។ ពីរត្រូវធ្វើវិសោធនកម្មទៅមន្រ្តីពាក់ព័ន្ធឬក៏មន្រ្តីនៅក្នុងតំបន់ការពារធម្មជាតិមូលដ្ឋានថា ហេតុអីបានជាទីនោះជាតំបន់ការពារធម្មជាតិ ប៉ុន្តែនៅតែមានបទល្មើសកើតឡើងជាហូរហែរាប់សិបឆ្នាំហើយនៅតែមានការកាប់បំផ្លាញ»។
លោកបន្ថែមថា ដីដែលត្រូវបានដកហូតពីបទល្មើសទាំងអស់គួរតែមានការដាំកូនឈើឡើងវិញ ហើយត្រូវផ្ទេរទៅឱ្យអាជ្ញាធរមូលដ្ឋានគ្រប់គ្រងដើម្បីថែរក្សាធនធានធម្មជាតិ និងមិនត្រូវបែកចែកដីទាំងអស់នោះទៅឱ្យក្រុមហ៊ុនឯកជន ឬអ្នកមានអំណាចណាមួយឡើយ៕
វេទិកាបញ្ចេញមតិ