ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​ឃុំខ្លួន​ម្ចាស់​ក្រុមហ៊ុន​ប្រ៊ីលានស៊ីធីវើលដ៍​ពី​បទ​ឆបោក​


រូបភាពមួយបង្ហាញសំណង់គេហដ្ឋានរបស់​ក្រុមហ៊ុន​ ប្រ៊ីលាន ស៊ីធី របស់ឧកញ្ញា ឡេង ចាន់ណា។ (Facebook/Oknha Leng Channa)
រូបភាពមួយបង្ហាញសំណង់គេហដ្ឋានរបស់​ក្រុមហ៊ុន​ ប្រ៊ីលាន ស៊ីធី របស់ឧកញ្ញា ឡេង ចាន់ណា។ (Facebook/Oknha Leng Channa)

សាលា​ដំបូង​ខេត្ត​សៀមរាប​ទទួល​ចាត់​ការ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទៅ​លើ​អ្នកស្រី​ ឡេង​ ចាន់ណា​ អគ្គនាយិកា​ក្រុមហ៊ុន​ ប្រ៊ីលានស៊ីធីវើល៍ និង​បក្ខ​ពួក​ ពី​បទ​ឆបោកមាន​ស្ថាន​ទម្ងន់​ទោស​ មិន​បំពេញ​«កាតព្វ​កិច្ច​ឧបករណ៍‍‍​អាច​ជួញ​ដូរ​បាន‍»​ និង​សម្អាត​ប្រាក់ ដែល​សំដៅ​លើ​កាតព្វកិច្ច​សង​ប្រាក់​ ក្រោយ​ពី​មាន​ការ​ទាមទារ ពី​ពលរដ្ឋ​ដែល​អះអាង​ថា ​ខ្លួន​ជា​អ្នក​រង​គ្រោះ​ចាញ់​បោក​ក្នុង​ការ​វិនិយោគ​មួយ​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ។

កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០២៤​ តុលាការ​បាន​ឱ្យ​ដឹង​ថា អ្នកស្រី​ ឡេង​ ចាន់ណា​ ​និង​បក្ខពួក​ ២​នាក់​ទៀត​ មាន​ឈ្មោះ​ ចាន់​ ឃីន និង​ ផុន សាមាន​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ ដោយ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​ដើម្បី​បន្ត​នីតិវិធី​របស់​តុលាការ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សាលាដំបូង​ខេត្ត​សៀមរាប។

សេចក្តី​ថ្លែង​ការណ៍​បាន​ថ្លែង​ថា៖ «អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប​ សូម​បញ្ជាក់​ថា​ សាលាដំបូង​ខេត្ត​សៀមរាប​នឹង​បន្ត​ចាត់​ការ​សុំណុំ​រឿង​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន»។

បើ​រកឃើញ​ថា​មាន​ទោស​ ជន​ជាប់ចោទ​អាច​ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ចំនួន​ពី​ ៥លាន ដល់​ ៥០​លាន​រៀល និង​ត្រូវ​ផ្តន្ទា​ទោស​ជាប់​ពន្ធនាគារ​ពី​ ២​ឆ្នាំ​ ទៅ​ ៥​ឆ្នាំ​សម្រាប់​បទល្មើស​ល្មើស​កែ​បន្លំ​ ក្លែងក្លាយ​ឧបករណ៍​អាច​ជួញ​ដូរ​បាន និងត្រូវ​ផ្តន្ទា​ទោស​ពី​ ២​ឆ្នាំ​ ទៅ​ ៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០​លាន​រៀល​ ទៅ​ ៥០០​លាន​រៀល​ ឬ​រហូត​ដល់​ស្មើ​នឹង​តម្លៃ​មូលនិធិ​ ឬ​ទ្រព្យ​សម្បត្តិ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​សម្អាត​ប្រាក់សម្រាប់​បទល្មើស​លាង​សម្អាត​សាច់​ប្រាក់។

គួរ​រំឭក​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ពលរដ្ឋ​ដែល​អះអាង​ថា​ ជា​អ្នក​រង​គ្រោះ​ចាញ់​បោក​ក្នុង​ការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធីវើលដ៍​ ​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​សង​ប្រាក់​ទៅ​ពួក​គេ​វិញ​ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ថា​ ក្ស័យធន​ និង​បានធ្វើ​ឱ្យ​បាត់​ប្រាក់​របស់​អតិថិជន។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ ពលរដ្ឋ​ដែល​រង​គ្រោះ​មិនទាន់​មាន​ការ​ទូទាត់​សង​ប្រាក់​ដល់​ខ្លួន​វិញ​នោះ​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG