ក្រុមសមាជិកសភាក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃពុធនេះ បានទទូចឲ្យសភាហ្វីលីពីន ទាត់ចោលសេចក្ដីព្រាងច្បាប់មួយ ដែលចង់ដាក់ឲ្យប្រើប្រាស់ឡើងវិញនូវទោសប្រហារជីវិតក្នុងប្រទេសហ្វីលីពីន ដោយបានចាត់ទុកសំណើច្បាប់នេះថា ជាដំណើរថយក្រោយ សម្រាប់តំបន់អាស៊ានទាំងមូល។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈនេះ។
ប្រតិកម្មរបស់ក្រុមសមាជិកសភាក្នុងតំបន់អាស៊ាន ដែលរួមមានសមាជិកសភាកម្ពុជា ចំនួន៩រូបនិងសមាជិកសភាម៉ាឡេស៊ី ៦រូប បានកើតឡើង ខណៈដែលសភាហ្វីលីពីន កំពុងពិភាក្សាសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ។
ក្រុមសមាជិកសភាអាស៊ានទាំងនេះ បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ពួកគេថា សេចក្ដីព្រាងច្បាប់ដែលរដ្ឋសភាហ្វីលីពីន កំពុងពិភាក្សាដើម្បីអនុម័តនេះ បានធ្វើឲ្យមានហានិភ័យដល់កិត្តិនាមរបស់ប្រទេសហ្វីលីពីនលើឆាកអន្តរជាតិ ព្រមទាំងបានបង្អាក់ការរីកចម្រើនរបស់តំបន់ក្នុងរយៈពេល១ទសវត្សន៍កន្លងមកនេះ ក្នុងការឈានឆ្ពោះទៅលុបបំបាត់ទោសប្រហារជីវិតក្នុងសកលលោក។
សំណើដាក់ឲ្យប្រើប្រាស់ឡើងវិញនូវទោសប្រហារជីវិតក្នុងប្រទេសហ្វីលីពីននៅពេលនេះ បានធ្វើឡើងក្រោមអាណត្តិនៃរដ្ឋាភិបាលរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ក្រោយពីប្រទេសនេះបានសម្រេចចិត្តលុបចោលទោសប្រហារជីវិតរបស់ខ្លួននេះនៅឆ្នាំ២០០៦។
ចាប់តាំងពីឡើងកាន់តំណែងកាលពីខែមិថុនា ឆ្នាំ២០១៦មក លោក Rodrigo Duterte បានបើកយុទ្ធនាការបោសសម្អាតថ្នាំញៀនខុសច្បាប់ ដោយក្នុងរយៈពេល៦ខែដំបូងនៃការបង្ក្រាបថ្នាំញៀនរបស់លោក មនុស្សជិត៦ពាន់នាក់ ត្រូវបានសម្លាប់ដោយប៉ូលិសនិងក្រុមការពារសណ្ដាប់ធ្នាប់។ អង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ព្រមទាំងអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ផងដែរ បានរិះគន់យុទ្ធនាការបោសសម្អាតគ្រឿនញៀននេះ៕