បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងពិភាក្សាមួយទល់នឹងមួយជាមួយនឹងចិនអំពីសិទ្ធិរួមក្នុងការនេសាទត្រី និងរុករកប្រេង នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ប៉ុន្តែបញ្ហាជាតិនិយម និងកង្វះខាតជំនឿទុកចិត្តខាងផ្នែកនយោបាយប្រហែលជាធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀង និងបង្វែរចំណាប់អារម្មណ៍ទៅលើការចរចារក្រៅផ្លូវការទៅលើផ្នែកសេដ្ឋកិច្ច។
មេដឹកនាំជាន់ខ្ពស់ពីប្រទេសចិន និងវៀតណាមបានជួបគ្នាកាលពីខែមុនដើម្បីពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការនៅក្នុងសមុទ្រដែលអាចរួមបញ្ចូលទាំងការស្វែងរកប្រេង ឬឧស្ម័ននៅក្រោមសមុទ្ររួមគ្នាផងដែរ។ វាគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ចិន ដើម្បីពិភាក្សាលក្ខណៈឯកជនជាមួយនឹងគូប្រជែងនៅក្នុងដែនសមុទ្រ ចាប់តាំងពីតុលាការអាជ្ញាកណ្តាលទីក្រុងឡាអេ បានប្រកាសកាលពីខែកក្កដាកន្លងទៅថា ការទាមទារសិទ្ធិដល់ទៅប្រហែល៩៥ភាគរយរបស់ចិននៅក្នុងសមុទ្រមិនមាននីតិវិធីត្រឹមត្រូវនោះ។
ចិនក៏បានពិភាក្សាជាមួយម៉ាឡេស៊ី និងហ្វីលីពីនអំពីសមុទ្រដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េដែលសម្បូរទៅដោយមច្ឆាជាតិ ប្រេងនិងជាច្រកដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់ផងដែរ។
កិច្ចព្រមព្រៀងជាមួយនឹងចិនអាចកាត់បន្ថយភាពតានតឹងនៅក្នុងជម្លោះអធិបតេយ្យភាពដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ី ដោយផ្តល់ឲ្យគ្រប់គ្នានូវអ្វីមួយដែលពួកគេចង់បាន ដោយពុំមានបាត់បង់ការគ្រប់គ្រងប្រជុំកោះនៅក្នុងសមុទ្រនោះ។ ចិនបានច្រានចោលសាលដីការបស់តុលាការអាជ្ញាកណ្តាល ប៉ុន្តែចាប់ពីពេលនោះមក ចិនបានស្វែងរកដំណោះស្រាយដោយខ្លួនឯងដើម្បីធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសដទៃទៀតកាន់តែប្រសើរជាមុន៕