មានប្រជាពលរដ្ឋ២នាក់បានសន្លប់ និង៩នាក់ទៀតបានរងរបួសស្រាលក្រោយការប៉ះទង្គិចគ្នានឹងកងកម្លាំងមានសមត្ថកិច្ចក្រុងភ្នំពេញនៅព្រឹកថ្ងៃច័ន្ទនេះក្នុងការប៉ុនប៉ងស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងពីរដ្ឋសភាជាតិ។
ក្រុមប្រជាពលរដ្ឋទាំងនេះស្ថិតក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីចំនួន៤១៦គ្រួសារក្នុងស្រុកស្នួល និងស្រុកឆ្លូងក្នុងខេត្តក្រចេះប្រមាណ១០០នាក់ដែលបានដើរដង្ហែក្បួនដាក់ញត្តិចេញពីមុខរដ្ឋសភាឆ្ពោះជាតិឆ្ពោះទៅផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីស្វែងរកជំនួយក្នុងការដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងសហគមន៍របស់ពួកគេ។
កាលពីឆ្នាំ២០១២ក្រុមនិស្សិតស្ម័គ្រចិត្តដែលជាភ្នាក់ងាររបស់រដ្ឋាភិបាលបានចុះវាស់វែងដីធ្លី នឹងចែកបណ្ណសំគាល់កម្មសិទ្ធិដីឲ្យក្រុមប្រជាពលរដ្ឋទាំង៤១៦គ្រួសារក៏ប៉ុន្តែក្រោយមកក្រុមហ៊ុនកាសូទីន និងក្រុមHorizon Agriculture Development ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលសម្រាប់ដាំដំណាំកៅស៊ូបានវាតយកដីប្រជាពលរដ្ឋក្រីក្រទាំងនេះ។
បើទោះជាក្រុមប្រជាពលរដ្ឋទទួលបានបណ្ណសំគាល់កម្មសិទ្ធិក្តី ក៏អាជ្ញាធរមូលដ្ឋានមិនបានដោះស្រាយបញ្ហារបស់ពួកគាត់នោះទេ។
ក្រុមប្រជាពលរដ្ឋអះអាងថា«ក្រុមហ៊ុនចេះតែបន្តឈូសឆាយរំលោភយកដីស្រែចម្ការ»របស់ពួកគាត់ក្នុងពេលដែលពួកគាត់កំពុងធ្វើការតវ៉ា។
ក្រុមប្រជាពលរដ្ឋបានជួបជុំគ្នានៅពីមុខរដ្ឋសភាជាតិដើម្បីតវ៉ាទាមទារឲ្យសភាជួយពន្លឿនការស្វែងរកដំណោះស្រាយឲ្យពួកគេ។ ក្រុមបាតុករដែលមានក្មេងចាស់ប្រុសស្រីបាននំាគ្នាលើកបដាផ្សេងៗដោយចោទប្រកាន់មន្ត្រីអាជ្ញាធរខេត្តក្រចេះថាបានឃុបឃិតគ្នាជាមួយក្រុមហ៊ុនដើម្បីរំលោភយកដីរបស់អ្នកភូមិ។
បន្ទាប់ពីបានធ្វើការតវ៉ាអស់ជាច្រើនម៉ោងនៅពីមុខរដ្ឋសភាគេឃើញតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកស៊ុន ឆ័យបានចេញមកទទួលញត្តិរបស់ក្នុងអ្នកតវ៉ាដោយលោកសន្យាថានឹងយកញត្តិរបស់ពលរដ្ឋនេះទៅពិភាក្សា។
«យើងមានលិខិតបញ្ជាក់ពីការវាស់វែងហ្នឹងហើយ។ មិនអីទេខ្ញុំនឹងសួរទៅកាន់តំណាងនៅក្នុងពេលឆាប់នេះ»។
ក្រុមប្រជាពលរដ្ឋខេត្តក្រចេះដែលភាគច្រើនជាអ្នកមានជីវភាពក្រីក្របានបន្តរង់ចាំការចេញរបស់តំណាងរាស្ត្រគណបក្សប្រជាជន ក៏ប៉ុន្តែគ្មានអ្នកចេញមកទទួលឡើយជាហេតុធ្វើឲ្យក្រុមអ្នកតវ៉ាបានសម្រេចចិត្តដើរដង្ហែក្បួនចេញពីកំណាត់ផ្លូវទល់មុខរដ្ឋសភាសំដៅទៅផ្ទះលោកនាយករដ្ឋមន្ត្រី។ ភ្លាមៗនោះគេឃើញមានកម្លាំងកងរាជអាវុធហត្ថជាច្រើនរយនាក់ដែលប្រដាប់ដោយខែល និងដំបងឆក់បានចេញមករារាំងក្បួនរបស់ក្រុមអ្នកតវ៉ា ជាហេតុធ្វើឲ្យមានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋ។
លោកសួន វិច្ឆិកាតំណាងក្រុមអ្នកតវ៉ាហៅការរារាំងនិងការប្រព្រឹត្តិអំពើហិង្សារបស់អាជ្ញាធរថាជារឿងដែលមិនអាចទទួលយកបាន។
លោកបន្តថាប្រជាពលរដ្ឋបានឡើងមកភ្នំពេញអស់រយៈពេលជាង២ខែមកហើយនឹងបានដាក់ញត្តិនៅស្ថាប័នរដ្ឋាភិបាលជាច្រើនមកហើយដែរ។ ក៏ប៉ុន្តែគ្មាននណាអើពើនឹងជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់លោកឡើយ។ លោកថាការព្យាយាមដើរដង្ហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រីជាជម្រើសចុងក្រោយ។
«មិញនេះយើងខ្ញុំក៏មានការប៉ះទង្គិចគ្នាហើយមានអ្នករងរបួស ខាងប្រជាពលរដ្ឋយើងខ្ញុំហ្នឹងជាច្រើននាក់ផងដែរ រហូតដល់មានកុមារតូចៗត្រូវគេឆក់ឲ្យសន្លប់។ ម្តាយហ្នឹងក៏អត់ដឹងថាកូនហ្នឹងសន្លប់ទេ»។
អ្នកស្រីសុខ ឃាងអាយុ ៥៣ឆ្នាំគឺជាប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ។ អ្នកស្រីបានរង់ចាំការចេញប្លង់កម្មសិទ្ធិដីពីអាជ្ញាធរអស់រយៈពេលជាង២ឆ្នាំមកហើយ។ បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍន៍បានបន្តសកម្មភាពឈូសឆាយទន្ទ្រានយកដីរបស់អ្នកស្រីនឹងប្រជាពលរដ្ឋដទៃទៀតក្នុងស្រុកស្នួល។
លោកស្រីបញ្ជាក់ថា៖
«ថ្ងៃហ្នឹងឡើងមកដើម្បីសុំដីធ្លីសុំឲ្យសម្តេចឲ្យដោះស្រាយប្លង់ដីឲ្យ ប៉ុន្តែឥឡូវឡើងមកជាង១ខែហើយ អត់ទាន់បានអ្វីទេ»។
លោកអ៊ំ សំអាតមន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកថ្លែងថា
អាជ្ញាធរហាក់មិនបានបង្ហាញឆន្ទៈក្នុងការស្វែងរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋឡើយ។ លោកបន្ថែមថាប្រជាពលរដ្ឋហាក់គ្មានជម្រើសអ្វីផ្សេងក្រៅពីការស្វែងរកអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល។
លោកបញ្ជាក់ថា៖
«គាត់មានសលាកបត្រនៅពេលដែលយុវជនចុះវាស់វែងដីធ្លីឲ្យគាត់ ប៉ុន្តែទីបំផុតគាត់អត់ទាន់ទទួលបានដីធ្លី។ អាជ្ញាធរមិនព្រមប្រគល់ដីធ្លីតាមអ្វីដែលគេបានវាស់វែងឲ្យគាត់ទេ។ ចឹងជាហេតុធ្វើឲ្យគាត់ឡើងមកតវ៉ាដោយសារក្រុមហ៊ុនកំពុងតែរឹបអូសយកដីធ្លីរបស់គាត់ ក្រុមហ៊ុនមិនគោរពតាមបទបញ្ជា០០១ទេ»។
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភឆ្នាំ២០១៤-២០១៨នៅថ្ងៃច័ន្ទនេះដែរ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកពីករណីតវ៉ារបស់ក្រុមប្រជាពលរដ្ឋខេត្តក្រចេះនេះដែរ ហើយលោកបានស្តីបន្ទោសដល់មន្ត្រីអាជ្ញាធរខេត្តក្រចេះក្នុងការខកខានមិនបានស្វែងរកដំណោះស្រាយដល់ប្រជាពលរដ្ឋទាន់ទិននឹងជម្លោះដីធ្លីរហូតនាំឲ្យប្រជាពលរដ្ឋឡើងមកតវ៉ានៅក្នុងទីក្រុងភ្នំពេញ។
វីអូអេសំឡេងសហរដ្ឋអាមេរិកបានព្យាយាមទាក់ទងទៅលោកសរ ចំរ៉ុងអភិបាលខេត្តក្រចេះដើម្បីសុំការស្រាយប៉ុន្តែមិនអាចទាក់ទងបានឡើយនៅល្ងាចថ្ងៃច័ន្ទនេះដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ។
កាលពីសប្ដាហ៍មុននេះក្រុមអាជ្ញាធរក៏ធ្លាប់ទទួលយកញត្តិរបស់ក្រុមអ្នកតវ៉ាក្នុងខេត្តក្រចេះនេះដែរ ហើយក៏បានសន្យាថានឹងយកញត្តិរបស់ក្រុមអ្នកតវ៉ាដាក់ជូនមន្ត្រីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយ។ លោកសួន វិច្ឆិកាតំណាងក្រុមអ្នកតវ៉ាអះអាងថាលោកនិងប្រជាពលរដ្ឋលែងមានជម្រើសអ្វីផ្សេងក្រៅពីការតវ៉ាទៀតឡើយ។ ប្រសិនបើគ្មានដំណោះស្រាយទេនោះក្រុមអ្នកតវ៉ានឹងដើរដង្ហែរយកញត្តិនៅជូនដល់ព្រះមហាក្សត្រនៅពេលខាងមុខ៕