នៅថ្ងៃអង្គារនេះ មានដំណើរវិវឌ្ឍទៅមុខមួយចំនួននៃការស្រាវជ្រាវរកមូលហេតុដែលបណ្ដាលឲ្យមានការបាត់ខ្លួនអ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីតលោក Jamal Khashoggi កាលពីដើមខែនេះនៅពេលលោកចូលស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងប្រទេសតួកគី។
ដំណើរវិវឌ្ឍទៅមុខនោះមានដូចជា អ្នកស៊ើបអង្កេតកន្លែងកើតហេតុរបស់ប្រទេសតួកគីបានបញ្ចប់ការត្រួតពិនិត្យក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី ហើយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដើម្បីជួបជាមួយនឹងព្រះមហាក្សត្រ Salman នៃប្រទេសនេះ។
បណ្ដាញទូរទស្សន៍ CNN និងកាសែត New York Times ក៏បានរាយការណ៍ផងដែរថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតត្រៀមខ្លួនទទួលស្គាល់ថា លោក Khashoggi ត្រូវបានសម្លាប់ បន្ទាប់ពីលោកបានចូលទៅស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃទី ២ ខែតុលា។ សេចក្ដីរាយការណ៍ដែលបានស្រង់ប្រភពមិនបញ្ចេញឈ្មោះនោះ បានបញ្ជាក់ថា រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតនឹងបញ្ជាក់ថា ការស្លាប់របស់លោក Khashoggi គឺបណ្ដាលមកពីមានបញ្ហានៅក្នុងការសួរចម្លើយ។
មកទល់ពេលនេះ មន្ត្រីអារ៉ាប៊ីសាអ៊ូឌីតនៅតែបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់មន្ត្រីតួកគី ដែលថាលោក Khashoggi ត្រូវបានសម្លាប់។
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកបានបញ្ជូនលោក Pompeo ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន «ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលបានកើតឡើងនេះ»។
លោក Trump បានបន្ថែមថា៖ «លោក Pompeo ប្រហែលជាទៅប្រទេសតួកគី ឬក៏ប្រហែលជាអត់។ ហើយលោកអាចជួបជាមួយនឹងមន្ត្រីនៃប្រទេសទាំងពីរក្នុងពេលតែមួយក៏មិនដឹង»៕